អត្ថបទដោយលោក ម៉ែន ណាត នៃ ​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ចលនិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ

ព្រះរាជសារ​ជាភាសាបារាំង របស់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ដែល​​ចុះ​ផ្សាយ​​ក្នុង​ព្រឹត្តិបត្រ BMD របស់​ព្រះអង្គ នៅ​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​ ២០០៥ ត្រូវ​បាន​​បក​ប្រែជា​​ភាសា​ខ្មែរ និង​​​ភាសា​អង់គ្លេស បាន​រំលឹក​​រដ្ឋាភិបាល​ លោក ហ៊ុន សែន និង​​អ្នកនយោបាយ​​ខ្មែរ​ថា «បាត់​បង់ព្រំដែន​​ពេញ​សិទ្ធិ និង​ស្រប​ច្បាប់ ហើយ​និង​បាត់បង់​បូរណភាព​ទឹកដី គឺ​បាត់បង់​នូវ​ព្រលឹង​របស់ខ្លួន ជាប្រទេស ជារដ្ឋ ជា​ប្រជាជាតិ ជាប្រជារាស្ត្រ និង​ជាពូជសាសន៍ (មួយនឹងគេ)»

ភ្ជាប់ជាមួយ​សេចក្តីបារម្ភក្នុង​ខ្លឹមសារ​នៃព្រះរាជសារ សម្តេចតា នរោត្តម សីហនុ មាន​បំណង​​ឲ្យ​​រដ្ឋាភិបាលលោក ហ៊ុន សែន រួម​សហការ​ជាមួយគណបក្ស​នយោបាយ ដែល​​មាន​អាសនៈ​​ក្នុង​​រដ្ឋសភា និង​អ្នកជំនាញព្រំដែន លោក ស៊ាន ប៉េងសែ នៅ​ប្រទេស​បារាំង រួមគ្នា​បង្កើត​ក្រុម​ការងារ ដើម្បី​ការបូរណភាព​ទឹកដី​ខ្មែរ។

ក្រោយការផ្សព្វផ្សាយ​ព្រះរាជសារ​នេះ​ភ្លាមៗ ភាគី​នយោបាយ និង​អ្នកជំនាញ​ព្រំដែន​ទាំងអស់ បាន​រៀបចំ​បង្កើត​ក្រុមការងារ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ដោយ​ស្នើឲ្យ​អតីត​ព្រះ​មហា​ក្សត្រ នរោត្តម សីហនុ ធ្វើ​​ជា​ប្រធាន រួច​​ដាក់​ឈ្មោះ​ស្ថាប័ន​​ថ្មីនេះ​​ថា «ឧត្តម​ក្រុមប្រឹក្សា​ជាតិ​​ជាន់ខ្ពស់​​ទទួល​​បន្ទុក​​កិច្ចការ​​ព្រំដែន»។ ឧត្តម​​ក្រុមប្រឹក្សា​​នេះ បាន​​កោះ​ប្រជុំជា​លើក​ដំបូង​ និង​​លើក​ចុង​ក្រោយ​​​របស់​​ខ្លួន ក្រោម​​អធិបតី​ភាព​​សម្តេចតា នរោត្តម សីហនុ នៅទីក្រុង​​ប៉េកាំង ប្រទេស​​ចិន នា​ថ្ងៃទី ​១១-១២ ខែ​​ឧសភា ឆ្នាំ ២០០៥។

សមាសភាពក្នុងកិច្ចប្រជុំកំពូល​នេះ ​​មាន៖
១. អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ជាប្រធាន​ឧត្តមក្រុមប្រឹក្សា
២. លោក ជា ជេត តំណាងព្រឹទ្ធសភា ជាអនុប្រធាន​ឧត្តមក្រុមប្រឹក្សា
៣. ព្រះអង្គម្ចាស់ក្សត្រី នរោត្តម វិជ្ជរ៉ា តំណាង​រដ្ឋសភាជាតិ ជាអនុប្រធាន​​ឧត្តម​ក្រុមប្រឹក្សា
៤. លោក សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី និងតំណាង​រដ្ឋាភិបាល ជា​សមាជិក​​ឧត្តម​​ក្រុមប្រឹក្សា
៥. លោក សាយ ឈុំ តំណាង​​គណបក្ស​ប្រជាជនកម្ពុជា ជាសមាជិក​​ឧត្តម​​ក្រុមប្រឹក្សា
៦. លោក យូ ហុកគ្រី តំណាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជាសមាជិក​​ឧត្តម​​ក្រុមប្រឹក្សា
៧. លោក សម រង្ស៊ី តំណាង​គណបក្ស​សមរង្ស៊ី ជាសមាជិក​​ឧត្តម​​ក្រុមប្រឹក្សា

សមាជិកកិត្តិយស​ក្នុងកិច្ចប្រជុំកំពូលនោះដែរ រួមមាន៖
១. លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការចម្រុះ​កិច្ចការ​ព្រំដែន នៃ​​រដ្ឋាភិបាល​​កម្ពុជា
២. លោក ឡុង វិសាឡូ អនុប្រធាន​គណៈកម្មាធិការ​​ចម្រុះ​​កិច្ចការ​ព្រំដែន
៣. លោក ស៊ាន ប៉េងសែ ប្រធាន​​គណៈកម្មាធិការ​​ព្រំដែន​កម្ពុជា នៅ​ប្រទេស​​បារាំង

ខ្លឹមសារសំខាន់ៗ​នៃលទ្ធផល​កិច្ចប្រជុំ​កំពូល​ មាន៖
១. ទទួលយកមរតកព្រំដែនពី​អាណានិគម​បារាំង គឺព្រំដែន​មិនកែប្រែ នៅ​​ពេល​​ដែល​​កម្ពុជា បាន​ឯករាជ្យ។
២. ការពារបូរណភាពទឹកដី ស្របតាម​​ឧត្តមប្រយោជន៍​​ពលរដ្ឋ​​​កម្ពុជា ដោយ​​ផ្អែក​​​លើ​​ផែនទី​ (បោន) ខ្នាត ១/១០០.០០០ ដែល​ទទួល​ស្គាល់​ជា​​អន្តរជាតិ និង​​​តម្កល់​​នៅ​​អង្គការ​​សហប្រជាជាតិ (អ.ស.ប.)។
៣. ធានាទំហំផ្ទៃក្រឡា ១៨១.០៣៥ គ.ម.ក្រឡា។
៤. ផ្ទៀងផ្ទាត់ផែនទី ត្រូវ​ផ្ទៀង​ផ្ទាត់ ជាមួយ​​ផ្ទៃដី​​ជាក់​​ស្តែង។

នៅក្រោយកិច្ចប្រជុំកំពូល​នេះ​រួចមក ឧត្តមក្រុមប្រឹក្សា​ជាតិជាន់ខ្ពស់​​ទទួល​​បន្ទុក​កិច្ចការ​​ព្រំដែន ក៏​​ត្រូវ​​បាន​​រំលាយ​​ខ្លួន​​ទៅ​​វិញ បន្ទាប់​​ពី​​មាន​​ប្រតិកម្ម​​ធ្ងន់ៗ​​ពី​ប្រទេស​​វៀតណាម ដែល​​​ស្តែង​​ចេញ​​តាម​​រយៈ​​លោក ហ៊ុន សែន ថា​មិន​ចាំបាច់​​មាន​​ឧត្តម​​ក្រុមប្រឹក្សា​​ជាតិព្រំដែន​​នេះ​​ទេ។ លោក ហ៊ុន សែន បាន​​ប្រកាស​​រក្សាបន្ត​ការងារ​​របស់​​គណៈកម្មាធិការ​ព្រំដែន​​ចម្រុះ​​នៃ​​រដ្ឋាភិបាល​​របស់​​លោក ដែល​​ដឹកនាំ​​ដោយ​​លោក វ៉ា គឹមហុង។

ចាប់តាំងពី​ពេលនោះ​មក ភាគី​វៀតណាម បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ លោក ហ៊ុន សែន យល់​ព្រម​​ធ្វើ​​សន្ធិសញ្ញា​​ព្រំដែន​បំពេញ​​បន្ថែម​ថ្មី ដោយ​​ទទួល​​ស្គាល់​​សន្ធិសញ្ញា​​ព្រំដែន​​ខុស​​ច្បាប់ ឆ្នាំ ​១៩៨៥។ សន្ធិសញ្ញា​ព្រំដែន​​បំពេញ​​បន្ថែម​​នេះ ត្រូវបាន​​លោក​​នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅ​​ចុះ​ហត្ថលេខា ជា​មួយ​​លោក ផាន់ វ៉ាន់ខៃ នាយករដ្ឋមន្ត្រី​​វៀតណាម នៅ​ទីក្រុង​​ហាណូយ នា​ថ្ងៃទី​ ១០ តុលា ២០០៥។ ក្រោយ​មក​ ព្រះមហាក្សត្រ នរោត្តម សីហមុនី បាន​ឡាយព្រះ​ហត្ថ​លេខា ​ទៅ​លើសន្ធិសញ្ញា​ព្រំដែន​​បំពេញ​បន្ថែម​នេះ នៅថ្ងៃទី ៣០ វិច្ឆិកា ២០០៥ បន្ទាប់រដ្ឋសភា និងព្រឹទ្ធសភា បាន​​ផ្តល់​សច្ចាប័ន​ដ៏​​ចម្រូង​ចម្រាស​​បំផុត ​រួច​មក។

ខាងក្រោមនេះ គឺជាខ្លឹមសារ​ទាំងស្រុង​នៃ​ ព្រះរាជសារ​របស់​សម្តេចព្រះ នរោត្តម សីហនុ ថ្ងៃទី​១៨ មីនា ២០០៥។ សូមទាញ​យក​ឯកសារ ជាភាសាបារាំង ខ្មែរ និងអង់គ្លេស


BMD:
នរោត្តម សីហនុ

(ពីទីក្រុងប៉េកាំង ថ្ងៃទី១៨ មិនា ឆ្នាំ២០០៥)

«បាត់បង់ព្រំដែនពេញសិទ្ធិនិងស្របច្បាប់ និងបាត់បង់បូរណភាពទឹកដី គឺ​បាត់បង់​នូវព្រលឹង​របស់​ខ្លួន ជា​ប្រទេស ជារដ្ឋ ជាប្រជាជាតិ ជាប្រជារាស្ត្រ និងជាពូជសាសន៍ (មួយនឹងគេ)»

ព្រំដែនរបស់យើង ដែលត្រឹម​ត្រូវ​តាមច្បាប់ ត្រូវបាន​គូស​យ៉ាងច្បាស់ នៅ​លើផែនទី ដែល​រៀបចំ​ និងបោះ​ពុម្ព ដោយ​សហរដ្ឋអាមេរិក សម្រាប់​សេចក្តីត្រូវការ​របស់គេ នៅ​ក្នុង​សង្គ្រាម​​វៀតណាម នៅ​​ក្នុង​​ទសវត្សរ៍​ ១៩៦០ និង​ ១៩៧០។ ខ្ញុំដៅ​ពិសេស​ចំពោះ​ផែនទី​ នៃ​អគ្គសេនាធិការ​យោធា​អាមេរិក ដែល​នៅ​លើ​នោះ គេបាន​គូស​យ៉ាង​ច្បាស់លាស់ នៅ​ក្នុងមាត្រដ្ឋាន​យ៉ាង​ធំ​គ្រប់គ្រាន់ នូវ​ព្រំប្រទល់​ រវាង​ប្រទេស​ថៃទ្បង់ ប្រទេស​កម្ពុជា ប្រទេស​វៀតណាម និង​ប្រទេសទ្បាវ។ នៅលើផែនទី នៃអគ្គសេនាធិការ​យោធាអាមេរិក​នេះ (ដែលធ្វើ​ទ្បើង មិន​មែន​សម្រាប់ “ផ្គាប់​ចិត្ត” ប្រទេសកម្ពុជា​ នៃ​ “នរោត្តម សីហនុ” ទេ) មា​នចុះ រហូត​ដល់​ឈ្មោះភូមិ​តូច​ៗ​ តាមកូនព្រែកតូចៗ បឹងបួរ អណ្តូង ឬក៏កន្លែង ដែល​មាន​ទឹក ព្រមទាំង​ផ្លូវលំ ផ្លូវថ្មើរ​ជើង ទាំង​កូន​ភ្នំ ទាំង​ដំបូក អ្វីទាំង​អស់ ដោយ​ហេតុថា កងទ័ព​អាមេរិក និង​ផ្កាយរណប ដែល​គេប្រើ ក្នុង​កិច្ចប្រតិបត្តិការ​នានា​នោះ ត្រូវការ​ស្គាល់​ចំណុច​ល្អិត​ល្អន់​ទាំងនេះ។

ដូចនេះ បញ្ហា​ពុំមែនថិត​នៅលើ ការគូស​បន្ទាត់​ព្រំដែន​ថ្មី​មួយ​ទៀត រវាង​ប្រទេស​ថៃទ្បង់ វៀតណាម ទ្បាវ និង​កម្ពុជា នោះ​ទេ ប៉ុន្តែ (ជាការមួយ​ដែល​ស្រប ទៅ​តាម​ច្បាប់​អន្តរជាតិ និង​នៅ​ក្នុង​ទំនៀម​ទំលាប់ទំនាក់​ទំនង​គ្នា​ល្អ រវាង​ប្រទេស​នានា) គឺការ​សុំ​ឲ្យ​ប្រទេស​ជិតខាង​យើង ទាំង ៣ (ប្រទេស​ថៃទ្បង់ សាធា​រណ​រដ្ឋ​សង្គមនិយម​វៀតណាម សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ទ្បាវ) គោរព​កិច្ចការ​ធ្វើ “លើ​ទី​កន្លែង” («on the ground», «sure le terrain meme») នូវ​គំនូស​ព្រំដែនដី​គោក និង​លើផ្ទៃ​សមុទ្រ រវាង​ថៃទ្បង់ និង​កម្ពុជា, រវាង​វៀតណាម និងកម្ពុជា, និង​រវាងទ្បាវ និង​កម្ពុជា។ គំនូស​ព្រំដែន​នោះ ជាគំនូស​ ដែល​មាន​តាំងពីឆ្នាំ ១៩៦៣ រហូតដល់ ១៩៦៩ ដោយ​គេ​បាន​បញ្ជាក់​យ៉ាង​ច្បាស់លាស់ នៅ​ក្នុងផែនទី​ នៃ​អគ្គសេនាធិការ​យោធា​អាមេរិក (ដែល​មិន​ចូលចិត្ត​នឹង សីហនុ ទេ) នៅ​ក្នុង​ទសវត្សរ៍ ១៩៦០ និង ១៩៧០។

តើនរណាខាងខ្មែរ ដែល​ត្រូវតែងតាំង​ជាផ្លូវការ ដោយ​រាជរដ្ឋាភិបាលនៃ ប្រទេស​កម្ពុជា និង​​ដោយ​​សភា​ជាតិ នៃ​រាជាណាចក្រ​កម្ពុជាទី២ ដើម្បី​នឹង​ទៅពិនិត្យ លើទី​កន្លែង ពី​គីទ្បូ​ម៉ែត្រ​​មួយ ទៅ​គីទ្បូម៉ែត្រ​មួយទៀត នូវ​គំនូស​ព្រំដែន ដែល​គេទុក​សម្គាល់ ឬគេបាន​ផ្លាស់ប្តូរ (ដែល​ខ្មែរ​យើង មិន​យល់​ព្រម) នៅ​តាមកន្លែង​និមួយៗ? ដោយ​មិនគិត​ពីបុគ្គលិក​រដ្ឋបាល ប៉ូលីស និង​កងទ័ព ដែល​ត្រូវមាន​ចំនួនច្រើន​នោះ ហើយ​និយាយ​តែ​ពី “ថ្នាក់ដឹកនាំ” ដែល​ត្រូវ​ទៅ​នៅ​ធ្វើការ​ និង​បោះជំរំុ នៅផ្ទាល់​ទីកន្លែង យើង​ត្រូវតែង​តាំង​ដោយ​ព្រះរាជក្រិត្យ នូវអ្នកដឹកនាំ ដូចមាន​យ៉ាងនេះ៖ អ្នកតំណាង​គណបក្ស​ប្រជាជន​ម្នាក់ អ្នកតំណាង​គណបក្ស​ហ្វ៊ុនសិនប៉ិច​ម្នាក់ អ្នកតំណាង​គណបក្ស​សម-រង្សុី​ម្នាក់ និង​បើអាច​ធ្វើទៅ​បាន លោក ស៊ាន ប៉េងសែ (ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​ជាអ្នកលន់-នល់​និយម – ជាអ្នក​សាធារណរដ្ឋខ្មែរ ពុំមែន​ជាអ្នក​ សីហនុ និយម​ទេ)

ប្រទេសជិតខាងយើងទាំង ៣ ប្រហែល​នឹងច្រានចោល នូវ​វិធី​នេះ ដែល​ជាដំណោះស្រាយ​មួយ នៃ​​បញ្ហា​ព្រំដែន ដែល​ពុំត្រូវ​មាន​ទាល់តែ​សោះ​នោះ។ ប្រសិន​បើប្រទេស​ទាំង​នេះ ច្រាន​ចោល​​មែន​ នោះ​​បង្ហាញ​​ឲ្យ​ឃើញ​​ថា ប្រទេស​​ទាំង​នេះ មាន​បំណង​ពិតប្រាកដ ក្នុង​ការសម្លាប់​ប្រទេសកម្ពុជា​យើង ហើយ​ដែល​គេ​នឹង​ធ្វើ​ឲ្យ​ប្រទេស​យើង រលាយ​បាត់ នៅ​ក្នុង​អនាគត​កាល​មិន​យូរទេ៕

.

Advertisements