អត្ថបទចលនានិស្សិត SMD-2 / 26-6-2020

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែល​មានមូលដ្ឋាន​នៅ​​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី​ ២៦ ខែ​​មិថុនា ឆ្នាំ​​២០២០ ចេញ​សេចក្តីថ្លែងការណ៍​​មួយ បង្ហាញ​ពី​​ផ្លូវ​ច្បាប់​​ជាតិ និង​អន្តរជាតិ ជុំវិញ​​រឿង​​កោះត្រល់ និង​ចង្កោម​​កោះ​ក្រចកសេះ ថា​​ជា​របស់​កម្ពុជា​ពិត​ប្រាកដ។ សេចក្តីថ្លែងការណ៍នេះ ទាមទារឲ្យប្រទេស​វៀត​ណាម ត្រូវ​បញ្ឈប់​ជា​បន្ទាន់ នូវ​អាជីវកម្ម​-​​ពាណិជ្ជកម្ម និង​​ការសាង​សង់​​ទាំង​អស់ នៅ​​លើ​​កោះ​ត្រល់ និង​ចង្កោម​កោះ​​ក្រចកសេះ។ សូម​ទាញ​យក សេចក្តីថ្លែងការណ៍​ត្រង់​នេះ (Download) ឬ​អាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​ខាង​ក្រោម៖

សេចក្តីថ្លែងការណ៍
ប្រទេស​​វៀតណាម​ត្រូវ​បញ្ឈប់​ជា​បន្ទាន់ នូវ​អាជីវកម្ម​-​ពាណិជ្ជកម្ម និង​ការ​សាង​សង់​ទាំង​​​អស់ នៅ​លើ​កោះ​ត្រល់ ​និង​ចង្កោម​កោះ​​​​ក្រចកសេះ

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សូមអំពាវនាវយ៉ាងទទូចដល់​រដ្ឋាភិបាល និង​​រដ្ឋ​សភា​កម្ពុជា បច្ចុប្បន្ន (១)-ត្រូវ​ទាមទារ​ឲ្យ​ប្រទេស​វៀតណាម បញ្ឈប់​ជា​បន្ទាន់​​នូវ​​រាល់​​គម្រោង និង​​​ផែនការ​​អាជីវកម្ម​-​ពាណិជ្ជកម្ម និង​​ការសាង​សង់​​ទាំង​អស់ នៅ​លើ​កោះ​ត្រល់​ និង​​ចង្កោម​កោះ​​ក្រចក​សេះ និង (២)-​ត្រូវ​ដាក់​​មោឃភាព​​ជាផ្លូវ​ការ​ នូវ​ច្បាប់ ​សន្ធិ​សញ្ញា ​កិច្ច​​ព្រមព្រៀង និង​ឯកសារ​​ទាំង​ទ្បាយ​ណា​​ដែល​​ផ្ទុយ​​ពី​ខ្លឹមសារ នៃ​​កិច្ច​​ព្រម​ព្រៀង​​សន្តិភាព ទីក្រុង​ប៉ារីស៍ ឆ្នាំ​១៩៩១។

កោះត្រល់ និងចង្កោមកោះក្រចកសេះ គឺជាទឹកដីកម្មសិទ្ធិរបស់​​ប្រទេស​កម្ពុជា ដោយ​​ឈរ​​លើ​​​មូលដ្ឋាន​៖ ​(១)-​​​សារាចរ​ លោក​ Brévié​ ឆ្នាំ​​១៩៣៩​, (២)​-​​អនុសញ្ញា​នៃ​អង្គការ​សហ​ប្រជា​ជាតិ ស្តីពី​ច្បាប់​សមុទ្រ​ ឆ្នាំ​​១៩៨២​ (៣)​-​កិច្ច​ព្រម​ព្រៀង​សន្តិភាព​​ទីក្រុង​​​ប៉ារីស៍​ ​ឆ្នាំ​​១៩៩១, (៤)-​​រដ្ឋធម្មនុញ្ញ​​ជា​​ច្បាប់​កំពូល នៃ​ព្រះរាជា​ណាចក្រ​​កម្ពុជា, (៥)-​​​ឯកសារ​ផ្លូវការ​​​របស់​កម្ពុជា និង (៦)-​​ឯកសារ​ច្បាប់ជាតិ​-​អន្តរជាតិ។ ប៉ុន្តែ​ប្រទេស​វៀតណាម បាន​​ឈ្លាន​ពាន​កម្ពុជា ហើយ​ដាក់​សំពាធ​ទៅ​លើ​កម្ពុជា​ ក្នុង​​ការ​ប្រើប្រាស់​​ឯកសារ​​ខុស​ច្បាប់ ​ទាំង​​ក្នុង​​ក្រប​​ខ័ណ្ឌ​​ជាតិ និង​​អន្តរជាតិ ដែល​មាន​​ជាធរមាន។ 

ខាងក្រោមនេះ គឺជាភស្តុតាងបង្ហាញឲ្យពិភពលោក​ បានឃើញ​ជាក់​ច្បាស់​ថា ប្រទេស​​វៀត​​ណាម និង​ប្រទេស​កម្ពុជា បាន​រួមគ្នា​ប្រព្រឹត្ត​ខុសច្បាប់៖

១. កំណត់​ហេតុ​នៃការ​ប្រជុំគ្នាលើកទី​១ ពីថ្ងៃទី​២២ ដល់​២៧ ខែ​មិនា ឆ្នាំ​១៩៩៩ គណៈ​កម្មា​ធិការ​ចម្រុះ​​ព្រំដែន​​កម្ពុជា​-​​វៀត​ណាម បាន​យក​សន្ធិសញ្ញា​ និង​​កិច្ចព្រម​ព្រៀង ឆ្នាំ​​១៩៨២, ១៩៨៣ និង​​ឆ្នាំ​​១៩៨៥ ទុក​ជា​គោលការណ៍​​មូលដ្ឋាន សម្រាប់​​ដោះ​ស្រាយ​​បញ្ហា​ព្រំដែន​ រវាង​ប្រទេស​​ទាំង​ពីរ។ រដ្ឋាភិបាល លោក ហ៊ុន សែន កាន់​តែ​សម្រួល​ផ្លូវ​ឲ្យ​វៀតណាម ​ទន្ទ្រាន​​ទឹក​ដី​​កម្ពុជា​ តាម​រយៈ​​ការប្រើប្រាស់​សន្ធិ​សញ្ញា​​បំពេញ​​បន្ថែម ឆ្នាំ​២០០៥ និង​​ឆ្នាំ​​​២០១៩។ 

២. នៅក្នុងកិច្ចព្រមព្រៀងដែន​ទឹកប្រវត្តិសាស្ត្រ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ​១៩៨២ រវាង​​វៀត​ណាម​​-​​​កម្ពុជា ភាគី​​​​វៀតណាម​ បាន​បញ្ជូល កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ ​ទៅ​ក្នុង​​ផែនទី​ទឹកដី​​ប្រទេស​វៀត​ណាម ដោយ​គ្មាន​​សំអាង​​ច្បាប់​​អ្វី​ទាំង​អស់ ក្រៅ​តែ​ពី​ប្រើ​ពាក្យ​​ថា «យល់ឃើញ​​សភាពការណ៍​​ជាក់​ស្ដែង» និង​​គ្រាន់តែ​យោង​​តាម​​សន្ធិសញ្ញា​កម្ពុជា​-​​វៀតណាម ចុះថ្ងៃទី​​១៨ ខែកុម្ភៈ ឆ្នាំ​​១៩៧៩ ក្រោយ​​ពី​កងទ័ព​​វៀត​ណាម ប្រើ​កម្លាំង​ចូល​ឈ្លាន​ពាន​​កាន់​កាប់​​កម្ពុជា​ភ្លាមៗ។ 

៣. ការរំលោភទាំងស្រុង លើអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពី​​ច្បាប់​សមុទ្រ​ ឆ្នាំ​​១៩៨២​។ ភាគី​​វៀត​ណាម​ មិនគោរព​តាម​អនុសញ្ញា​នេះ ដោយ​​ដណ្តើម​​កាន់​​កាប់​​​កោះ​​ត្រល់ ​ចង្កោម​កោះ​​ក្រចេះសេះ និង​​ច្រក​ចេញ​ចូល​​នាវាចរណ៍​ លើ​សមុទ្រ​​អន្តរជាតិ ព្រម​ទាំង​​ដែន​អាកាស​​ផង។ 

អនុសញ្ញាស្តី​អំពី​ច្បាប់​សមុទ្រ​​ឆ្នាំ​១៩៨២ ជំពូកទី​២​ ផ្នែក​២​ មាត្រា​៣​ ចែង​ថា​ «រាល់​រ​ដ្ឋ​​​ទាំង​អស់ មា​ន​សិទ្ធិ​​បង្កើត​​​ប្រវែង​ នៃ​​ដែន​​សមុទ្រ​​​របស់​​ខ្លូន​​​រហូត​​ដល់​​ដែន​​កំណត់​​​​មិន​​លើស​​ពី​ ​ចម្ងាយ​ ១២​ ម៉ាយល៍​ ស្មេី​​​នឹង​ ២២,២២៤ ​គីឡូម៉ែត្រ​ ដែល​​វាស់​ពី​ខ្សែ​​បន្ទាត់​​​មូលដ្ឋាន​ ​ដែន​​កំណត់​​អនុលោម​តាម ​អនុសញ្ញា​​នេះ»។ តាម​​លក្ខខណ្ឌ​​ភូមិ​សាស្ត្រ​​​ជាក់​​ស្ដែង​ កោះ​ត្រល់​​ មាន​​រយៈ​​ចម្ងាយ​​​ត្រឹម​តែ​ ១៥ គីឡូម៉ែត្រ​ ពី​​ខេត្ត​កំពត​ ​ប្រទេស​​កម្ពុជា​ ហើយ ​មាន​រយៈ​​ចម្ងាយ​ ​៤៥ គីឡូម៉ែត្រ​ ពី​តំបន់ហាទៀង នៃខេត្តកៀនយ៉ាង​ ​ប្រទេស​​វៀត​ណាម។

តាមច្បាប់សមុទ្រ ឆ្នាំ​១៩៨២ នេះ បញ្ជាក់យ៉ាងច្បាស់ថា កោះត្រល់ គឺ​ជា​កម្មសិទ្ធិ​របស់​ខ្មែរ ដោយ​​កោះ​​នេះ​​ស្ថិត​​នៅ​​ចម្ងាយ​តែ ១៥ គីទ្បូម៉ែត្រ ពីឆ្នេរ​​ខេត្ត​កំពត​​នៃ​ប្រទេស​កម្ពុជា គឺ​តិច​​​ជាង ២២,២២៤ គីទ្បូម៉ែត្រ  ដែល​​កំណត់​​ដោយ​​ច្បាប់​សមុទ្រ​​នេះ។ 

. ការរំលោភទាំងស្រុងទៅលើគោលការណ៍ ស្មារតី និងយន្តការ​របស់​អង្គការ​សហ​ប្រជា​ជាតិ ដែល​ជា អាជ្ញា​កណ្ដាល​​ដោះស្រាយ​វិបត្តិ​​កម្ពុជា ហើយ​បាន​តាក់តែង​ទ្បើង​ នូវ​កិច្ច​​ព្រម​​ព្រៀង​​សន្តិភាព​​ទីក្រុង ប៉ារីស៍ ឆ្នាំ​១៩៩១ ដែល​តម្រូវ​ឲ្យ​​ប្រទេស​កម្ពុជា និង​ប្រទេស​​វៀត​ណាម គោរព និង​​អនុវត្ត។

សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩, ១៩៨២, ១៩៨៣ និង ឆ្នាំ​១៩៨៥ រវាង​​វៀត​ណាម​​​-​​កម្ពុជា នៅ​ក្រោម​ការត្រួតត្រា​របស់​កងទ័ព​វៀតណាម ត្រូវ​បាន​ដាក់​ជា ​«មោឃភាព» អស់​​ហើយ ដោយ​​កិច្ចព្រម​ព្រៀង​​សន្តិភាព​​ទីក្រុង​ប៉ារីស ថ្ងៃទី​​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ ឯកសារ ទី២ នៃកិច្ច​ព្រម​ព្រៀង​​នេះ ក្នុង​មាត្រា១ ត្រង់​ចំណុច «២-ឃ.» ចែង​ថា៖ «បញ្ចប់​​សន្ធិសញ្ញា និង កិច្ចព្រមព្រៀង​ទាំង​ឡាយ ដែល​មិន​ស្រប​អធិប​តេយ្យភាព ឯករាជ្យ បូរណភាព និង​​ភាព​មិន​​អាច រំលោភ​បាន​នៃ​ដែនដី​អព្យាក្រឹតភាព និង​​ឯកភាព​ជាតិ​របស់ខ្លួន»។ 

៥. ការរំលោភទាំងស្រុង លើគោលការណ៍អាស៊ាន (ASEAN) មានចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន ត្រង់​មាត្រា២ ចំណុច​២ ដែលចែងថា អាស៊ាន និង​​រដ្ឋ​សមាជិក​​ត្រូវ​អនុវត្ត​ឲ្យ​សម​ស្រប​តាម​គោលការណ៍៖

ក. គោរពឯករាជ្យភាព អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និង​អត្តសញ្ញាណ​ជាតិ​នៃ​រដ្ឋ​សមាជិក​អាស៊ាន​ទាំង​អស់។ 

ខ. ចូលរួមការប្ដេជ្ញាចិត្ត និងការទទួលខុសត្រូវរួមគ្នា ក្នុងការលើក​កម្ពស់​សន្តិភាព ​សន្តិសុខ និង​វិបុលភាព​ក្នុង​តំបន់។ 

គ. បដិសេធនូវ អំពើឈ្លានពាន និងការគំរាមគំហែង ឬការ​ប្រើ​ប្រាស់​កំលាំង ឬ​សកម្ម​ភាព​​​​ទាំង​​ឡាយ​ណា ក្នុង​លក្ខណៈ​ដែល​មិន​សម​ស្រប​តាម​ច្បាប់​អន្តរជាតិ។

មាត្រា២ ដដែល ចំណុច១ ចែងថា៖ ដ្ឋសមាជិករបស់ខ្លួនអះអាងជាថ្មី និង​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ជា​មូលដ្ឋាន​ដូច​ចែង​នៅ​ក្នុង សេចក្ដី​ថ្លែងការណ៍ កិច្ចព្រមព្រៀង អនុសញ្ញា  សន្ធិសញ្ញា កិច្ចស្រុះស្រួល និង​លិខិតូបករណ៍ ដទៃ​ទៀត​របស់​អាស៊ាន។

៦. ការរំលោភទាំងស្រុង លើរដ្ឋធម្មនុញ្ញ​ដែល​ជាច្បាប់​កំពូល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ត្រង់​​​មាត្រា​៥៥ ចែង​ថា៖ សន្ធិសញ្ញា និងកិច្ចព្រមព្រៀង​ទាំងទ្បាយ​ណា​ដែល​មិន​ស្រប នឹង​ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី អព្យាក្រឹត្យភាព និង​ឯកភាពជាតិ​របស់​ប្រទេស​​កម្ពុជា​ ត្រូវ​លុប​ចោល។

៧. រដ្ឋាភិបាលលោក ហ៊ុន សែន ខកខាន​ប្រកាស «ដាក់​មោឃភាព» ជា​ផ្លូវការ នូវ​​សន្ធិ​សញ្ញា និង កិច្ច​ព្រម​ព្រៀង​​ឆ្នាំ​​១៩៧៩, ១៩៨២, ១៩៨៣ និង​ឆ្នាំ​​​១៩៨៥ ហើយ​​អនុម័ត​សន្ធិញ្ញា​​បំពេញ​បន្ថែម ឆ្នាំ​​២០០៥ និង​ឆ្នាំ​​២០១៩ ដែល​បាន​រំលោភ​ទាំង​ខុស​ច្បាប់ លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​បារីស៍ ឆ្នាំ​​១៩៩១ និង​​រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រង់​មាត្រា​​១៥០ ថ្មី (មាត្រា​១៣១ ចាស់) ចែង​ថា​៖ «ច្បាប់ និង​សេចក្ដី​សម្រេច​ទាំង​ឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ ត្រូវ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ជា​ដាច់ខាត»

ទង្វើរំលោភបំពានទាំងខុសច្បាប់ ពីសំណាក់​ប្រទេស​វៀតណាម ក្នុង​​គោល​បំណង​លេប​ត្របាក់​​​ទឹក​ដី​កម្ពុជា​ ដូច​បាន​​រៀបរាប់​ខាង​លើ​នេះ តម្រូវ​ឲ្យ​យើង​ខ្ញុំ​ជា​ម្ចាស់​ប្រទេស វែក​មុខ​​ភាគី​​ដៃដល់​វៀតណាម​ ប្រាប់​​ពិភពលោក​ថា កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ​ គឺ​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​​តាំង​ពី​សម័យ​​ពុំទាន់​មាន​​កំណើត​​ប្រទេស វៀតណាម រហូត​មក​ដល់​​ពេល​បច្ចុប្បន្ន និង​​ទៅ​ថ្ងៃ​​អនាគត។ ខាង​​ក្រោម​នេះ គឺជា​សេចក្តី​​សង្ខេប​ស្តីពី​ឯកសារ ប្រវត្តិ​សាស្ត្រ ឯកសារ​ផ្លូវការ និង​ឯកសារ​ច្បាប់​ជាតិ​-​អន្តរជាតិ តាម​ដំណើរ​រឿង​មិន​ដាច់​សម័យ​កាល ដែល​បញ្ជាក់​ថា កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ គឺ​ពិត​ជា​កម្មសិទ្ធិ​របស់​ខ្មែរ៖

  • លោក Joseph Jules Brévié អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន បាន​ចេញ​សារចរ​​មួយ​​ទៅ ​កាន់​​ទេសាភិបាល​​នៅ​​កូសាំងស៊ីន (ឬ​កម្ពុជា​ក្រោម​បច្ចុប្បន្ន) ចុះ​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​​១៩៣៩ ​បញ្ជាក់​​ លំអិត​​ថា «តាម​លក្ខខណ្ឌ​ភូមិសាស្រ្ត​ជាក់​ស្តែង ជា​ការ​ចាំបាច់ ត្រូវ​តែ​ដាក់​កោះ​ទាំង​នេះ ឲ្យ​នៅ​ក្រោម​ការ​គ្រប់​គ្រង នៃ​រាជការ​ប្រទេស​​កម្ពុជា»។ សារាចរ​នេះ​បន្ថែម​ថា «ដែន​​កូសាំង​ស៊ីន​ របស់​បារាំង ​បាន​គ្រប់​គ្រ​ង​​លើ​​កោះត្រល់ និង​ចង្កោម​កោះ​មួយ​ចំនួន​ តែ​​ផ្នែក​​ប៉ូលីស និង​រដ្ឋបាល​ប៉ុណ្ណោះ»។ ទោះបី​ជាបារាំង បាន​ប្រគល់​កូសាំងស៊ីន ឲ្យ​អណ្ណាម (វៀត​ណាម​​សព្វថ្ងៃ) ត្រួត​ត្រា កាល​ពីថ្ងៃទី​៤ ខែ មិថុនា ឆ្នាំ​១៩៤៩ ក៏ដោយ ក៏​មិន​បាន​ភ្ជាប់​កោះ​ត្រល់ ទៅ​ជាមួយ​ឡើយ។ ម្យ៉ាង​ទៀត ខ្មែរ​ពេលនោះ គឺជា​សមាគត​រដ្ឋ (État Associé) ដែល​ស្ម័គ្រ​ចិត្ត​ចូល​ក្នុង​សហភាព​បារាំង (L’union française)។ កាល​នោះ ឈ្មោះ​ប្រទេស​វៀតណាម មិន​ទាន់​មាន​ទេ គឺ​មា​នតែ​ឈ្មោះ អណ្ណាម។
  • នៅឯសន្និសីទក្រុងហ្សឺណែវ ថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៥៤ ស្តីអំពី​​ការ​បញ្ចប់​សង្គ្រាម​ឥណ្ឌូចិន​ទី១ ប្រទេស​កម្ពុជា នៅ​តែ​​បាន​បន្​តតវ៉ា​ប្រឆាំង​នឹង​ការ​ផ្ទេរ​ដោយ​​មិន​ស្មើភាព​គ្នា និង​អយុត្តិធម៌ នៃ​ទឹកដី កូសាំងស៊ីន​របស់​ខ្លួន​ទៅ​ឲ្យ​អណ្ណាម​ដោយ​បារាំង។ កម្ពុជា​បាន​សង្កត់​បង្ហាញ​អំពី​ការរក្សាសិទ្ធិ ដើម្បី ប្តឹង​ជំទាស់​ករណី​នេះ ទៅ​​អង្គការ​​សហ​ប្រជាជាតិ និង​រក្សាសិទ្ធិ​ជាម្ចាស់​កម្មសិទ្ធិ លើ​កោះ​នានា នៅ តាម​បណ្ដោយ​ឈូងសមុទ្រ​សៀម រួម​មាន​កោះត្រល់​ដែរ។
  • លោក ជូ​ អេ​ន​ឡាយ អតីត​​នាយក​រដ្ឋមន្ដ្រី​​ចិន​ និង​​លោក ចេ​ន​ យី​ អតីត​សេនា​ប្រមុខ​​​ចិន​ ដែល​​ជាវីរបុរស​​ចំណាស់​ ជាមួយ​​លោក​​ប្រធានម៉ៅ​ សេ​ទុង នៃ​ប្រទេស​​ចិន​ ធ្លាប់​​បាន​​មាន​​ប្រសាសន៍ ​ទូល​ថ្វាយ​​អង្គ​​សម្ដេចឪ នរោត្តម សីហនុ​ នា​​អំឡុង​​ឆ្នាំ​​​១៩៥៥​ ថា​ «​ច្បាស់​ណាស់​ កោះត្រល់​ជារបស់​​ខ្មែរ​ ត្បិត​​​ជាប់​​នឹង​​ទឹកដី​ខ្មែរ ​មិន​ជាប់​ជាមួយ​​ទឹកដី​​វៀតណាម​​ទេ»។ 
  • លិខិតរបស់សម្តេចព្រះ នរោត្តម សីហនុ ជា​នាយករដ្ឋមន្ត្រី ចុះថ្ងៃទី​០៧ ខែ​មិថុនា ឆ្នាំ​​១៩៥៧ បញ្ជាក់​ច្បាស់​ថា «កង​នាវាច​រខេមរភូមិន្ទ ការពារ​កោះនានា​នៅ​ឈូង​សមុទ្រ​​សៀម ជាពិសេស​នៅ​លើ កោះអាចម៍សេះ កោះតាំង និង​កោះ​ក្រចក​សេះ»។
  • ព្រះរាជក្រឹត្យលេខ ៦៦២-ន.ស ចុះថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ១៩៥៧ ប្រកាស​​ដោយ​ព្រះ​មហា​​ក្សត្រ​នៃ ព្រះ​រាជា​​ណាចក្រ​កម្ពុជា ព្រះបាទ​ នរោត្តម សុរាម្រិត ក្នុង​ប្រការ​៦ និង​ប្រការ​​៧ បញ្ជាក់​​ថា «កោះត្រល់ ឬ​កោះភូកុក ជា​ឈ្មោះ​តែមួយ ជា​​កោះ​ដែល​នៅ​​ក្នុង​​​ដែន​​​អធិបតេយ្យភាព​ខ្មែរ​យ៉ាង​ជ្រៅ។ គ្មាន​​ជំនាន់​​ណា​ហ៊ាន​កាត់​​ទៅ​ឲ្យ​យួន​នោះ​ទេ»
  • អនុសញ្ញារបស់​អង្គការ​សហប្រជាជាតិ ស្តីអំពី​ «ច្បាប់​សមុទ្រ»​ នៅ​​ទីក្រុង​​ហ្សឺណែវ ​ឆ្នាំ​​១៩៥៨ ត្រង់​មាត្រា​​ទី​២ ចំណុច១ ចែង​ថា៖ «រដ្ឋដែល​​ជាប់​​ឆ្នេរ​​សមុទ្រ​​ អនុវត្ត​លេី​​សិទ្ធិ​​អធិបតេយ្យភាព​​នៃ​ខ្ពង់​​សមុទ្រ​ (ឬខ្ពង់រាប​បាត​សមុទ្រ​) សម្រាប់​គោល​បំណង ​រុករក​ និង​​ធ្វើ​អា​ជីវកម្ម​ លើ​​ប្រភព​​ធន​ធាន​​​ធម្មជាតិ​​នៅ​​តំបន់​​នោះ»។
  • ក្នុងសៀវភៅភូមិសាស្ត្រកម្ពុជា «Cambodia Geography» បោះពុម្ភ​​ក្នុង​​ឆ្នាំ​​១៩៦៣ ដោយ​​លោក តាន់ គឹមហួន (Tan Kim Huon) ជា​រុក្ខក្សេត្រវិទូ បាន​ចង្អុល​បង្ហាញ​​ថា កោះត្រល់​ពិតជាកោះ​មួយ​របស់ កម្ពុជា (យោង​តាម ផែនទី​លេខ​៣, ១២ និង​លេខ ១៩)។
  • នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៦៨ សម្តេចព្រះ នរោត្តម សីហនុ បាន​ទ្បាយ​ព្រះហស្ថ​លេខា​​លេខ ៣៧៨​/៦៨​CE ស្តីអំពី​អនុសញ្ញា «ខ្ពង់រាប​បាត​សមុទ្រ»។ តាម​អនុសញ្ញា​​នេះ កោះត្រល់ និង​ចង្កោម កោះ​ក្រចក​សេះ គឺជាកម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា។
  • ឆ្នាំ​១៩៦៩ កោះត្រល់ ត្រូវបានបញ្ជូលក្នុងបញ្ជីឈ្មោះជាផ្លូវការ នៃកោះ​ទាំង​អស់​របស់​ខ្មែរ។ កោះត្រល់​នៅ​​ក្នុង​​លេខ​រៀង​ទី៦១ ក្នុង​បញ្ជីនៃ​កោះ​ខ្មែរ​ទាំង ៦៤។
  • ថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៧២ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​ផ្ញើសារ តាម​ប្រព័ន្ធ AIRGRAM ទៅ​កាន់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ស្តី​អំ​ពី​ច្បាប់​សមុទ្រ «កម្ពុជា​កំណត់​ខ្ពង់រាបបាត​​សមុទ្រ​​របស់ខ្លួន»។ នៅ​ក្នុង​សារនោះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កោះត្រល់​ស្ថិត​នៅ​ក្នុង​ដែន​សមុទ្រ​​​របស់​កម្ពុជា។
  • ផែនទីខ្មែរ ឆ្នាំ១៩៥៤-១៩៧៣ ដែល​ត្រូវបាន​ប្រើ​ដោយ​សន្និសីទ​ក្រុង​ប៉ារីស ស្តី​អំពី​ការ​បញ្ចប់​សង្គ្រាម ឥណ្ឌូចិន លើកទី២ ខែសីហា ឆ្នាំ១៩៧៣ មា​នឃើញ​​កោះត្រល់​ក្នុង​​ដែន​ទឹក​ដី​របស់​ប្រទេស​កម្ពុជា។ តំណាង​វៀតណាម ដែល​មាន​វត្តមាន​ក្នុង​សន្និសីទ​នោះ ក៏​មិន​បាន​តវ៉ា​ដែរ។
  • រដ្ឋាភិបាលសម័យ​សាធារណរដ្ឋ​ខ្មែរ លោក លន់ នល់ និង​របប​​កម្ពុជា​ប្រជាធិប​តេយ្យ (ឬ​​ខ្មែរ​ក្រហម) ក៏​​​បញ្ជាក់​​ថា «កោះត្រល់ គឺ​ជា​កម្មសិទ្ធិ​របស់​កម្ពុជា»។ តាម​ក្រឹត្យ​ច្បាប់​ ថ្ងៃទី​០១ ខែ​កក្កដា ឆ្នាំ​១៩៧២ រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ បាន​រក្សា​ការ​អះអាង​​ជាថ្មី​នូវ​​អធិបតេយ្យភាព​ទឹកដី​របស់​ខ្លួន លើខ្ពង់​សមុទ្រ (ឬ​ខ្ពង់​រាប​បាត​សមុទ្រ​)​​។ នៅ​ឆ្នាំ​​១៩៧៦ កងទ័ព​​ខ្មែរ​​ក្រហម ក៏​បាន​​​ឈរជើង​​នៅ​​លើ​​កោះ​ត្រល់​ ​ផង​ដែរ។
  • សៀវ​ភៅ​មុខ​វិជ្ជាភូមិ​វិទ្យា សម្រាប់​​សិស្សានុសិស្ស​​ថ្នាក់​​ទី​៧​​ ឆ្នាំ១៩៨៥ បោះ​ពុម្ព​ដោយ​​ក្រសួង​​អប់រំ នៃ​របប​ធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ក្រោម​ការត្រួតត្រា​របស់​កង​ទ័ព​​វៀតណាម​​ឈ្លាន​ពាន បាន​សរសេរ ថា កោះត្រល់​ ស្ថិត​ក្នុង​ក្រុម​ទី​៣ នៅ​ក្នុង​ចំណោម​ចង្កោម​កោះទាំង​អស់​របស់​កម្ពុជា។
  • ប្រទេស​​សិង្ហបុរី​ បានបញ្ជូន​សេចក្ដី​​រាយការណ៍​​ទៅ​កាន់​​​មហា​​សន្និបាត​​អង្គការ​​​សហ​ប្រជា​ជាតិ ​នៅ​​ថ្ងៃទី​០៥ ខែ​ឆ្នូ ឆ្នាំ​១៩៨៦ ថា​ «កិច្ច​ព្រម​ព្រៀង​រវាង​​កម្ពុជា​​-​វៀត​ណាម​ ឆ្នាំ​​​១៩៨២​ ស្តីអំពី​​ដែនទឹក ប្រវត្តិសាស្ត្រ» ត្រូវ​បាន​​បង្ខំ​​ឲ្យ​​ចុះ​ហត្ថ​លេខា​ដោយ​​វៀត​ណាម​ នៅ​ពេល​វៀតណាម​​ចូល​ឈ្លាន​ពាន ត្រួតត្រា​ប្រទេស​​កម្ពុជា ​ចាប់​​តាំង​​ពី​ចុង ​ឆ្នាំ​​​១៩៧៨ ​មក​ ហើយ​​​​របប​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា ​នា​ពេល​​​នោះ មិនមែនជាតំណាងស្របច្បាប់របស់ប្រទេស ឬតំណាង​ផល​ប្រយោជន៍​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទេ គឺ​​មាន​​តែ​​រដ្ឋាភិបាល​ចម្រុះ​​ត្រី​​ភាគី នៃ​សម្ដេចព្រះ នរោត្តម សីហនុ ​តែ​មួយ​គត់ ​ដែល​ត្រូវ​​បាន ទទួល​ស្គាល់​​ដោយ​​អង្គការ​សហប្រជាជាតិ។
  • រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៨៧ បាន​ធ្វើ​ការ​ប្រឆាំង​ជំទាស់​នឹង​កិច្ចព្រម​ព្រៀង​​កម្ពុជា​​​-​វៀតណាម​ ឆ្នាំ​​១៩៨២​ ស្​តីអំពី​​ដែន​ទឹក​ប្រវត្តិ​សាស្ត្រ​​នេះ។ ប្រទេស​​សិង្ហបុរី​ ប្រទេស​ថៃ​ និងប្រទេស​អាល្លឺម៉ង់ ក៏​បាន​ចូល​រួម​ជាមួយ​​សហ​រដ្ឋ​​អាមេរិក ក្នុង​ការ​ប្រឆាំង​​ជំទាស់​នឹង​​កិច្ច​ព្រម​ព្រៀង ​ដែន​ទឹក​ប្រវត្តិ​សាស្ត្រ​​នេះ​ដែរ​។ ក្នុងកិច្ច​ព្រមព្រៀង​​ដែនទឹក​ប្រវត្តិសាស្ត្រ​​នេះ​ ប្រទេស​​វៀត​ណាម​​ បាន​​កាត់​​ឆ្វៀល​យក​​កោះ​ត្រល់​ ចង្កោម​​កោះ​ក្រចកសេះ​ គ្រប់គ្រង​ដែន​អាកាស ព្រម​ទាំង​​ដាក់​​ផ្ទៃ​​សមុទ្រ ទំហំ ១០.០០០ (១ម៉ឺន) គីទ្បូ​ម៉ែត្រ​ក្រទ្បា ​ដែល​​កម្មសិទ្ធិ​​របស់​​កម្ពុជា​​ ឲ្យ​​ទៅ​​ជា​ដែនទឹក​រួមគ្នា​​​ជា​មួយ​ ​វៀតណាម ។
  • ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៤ អតីតព្រះ​មហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុបាន​​រំឭក​​លោក ហ៊ុន សែន ជាប្រមុខ​​រដ្ឋាភិបាល​​ថា «គ្មាន​សម័យ​ណា គ្មាន​​មេដឹកនាំ​​ណា ដែល​​ហ៊ាន​​និយាយ​ថា កោះត្រល់ ត្រូវ​​បាន​កាត់​​ទៅ​​ឲ្យ​វៀត​ណាម​​ទេ»។ ព្រះអង្គ​មាន​ព្រះ​បន្ទូល ​ថា «កោះត្រល់ ជា​​របស់​​កម្ពុជា»

ខាងលើនេះ គឺជាភស្តុតាងផ្លូវច្បាប់ជាមូលដ្ឋាន ដើម្បីបង្កើតនូវសាលក្រម​កាត់​សេចក្តី​ថា វៀត​ណាម គឺ​​ជា​​ចារី (ភាគី​ដៃ​ដល់) ដែល​បានប្រព្រឹត្ត​បទឧក្រិដ្ឋ ក្នុង​ការ​លេប​ត្របាក់​ទឹកដី​ខ្មែរ​ដោយ​មិន​អាច​ប្រកែក​​​បាន។ ទោះបីខ្លួន​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ ជា​សមាជិក​​អាស៊ាន និង​ជាប្រទេស​ហត្ថលេខី​​នៃ​​កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស៍​ក៏ដោយ វៀតណាម​នៅ​តែបន្ត​ធ្វើសកម្មភា​ពឈ្លាន​ពាន​​កម្ពុជា​ជា​បន្ត​បន្ទាប់ ដោយ​ឥត អៀន​ខ្មាស ជាពិសេស ​ពេលថ្មីៗនេះវៀតណាម​បាន​មកបោះ​ជំរំ​យ៉ាង​តិច​ចំនួន​ ២៥៦ កន្លែង នៅ​លើទឹក​ដី​កម្ពុជា និង​​បន្តបង្ហូរ​​ជនជាតិ​វៀតណាម​​ខុសច្បា​ប់​រាប់លាន​នាក់ មក​រស់​​នៅ​​លើ​​ទឹកដី​កម្ពុជា។ ការឈ្លាពានកម្ពុជា ពី សំណាក់ប្រទេសវៀតណាម នឹងនាំ​មក​នូវ​គ្រោះ​មហន្តរាយ​ដល់​អាយុជីវិត​ទឹកដី​ជាតិ​កម្ពុជា​ទាំង​មូល និង​ក៏ជា ការ​គំរាម​កំហែង​ដល់​ស្ថិរភាព និង​សន្តិភាព​នៃ​ប្រជាជាតិ​អាស៊ាន​ដែរ។  ប្រទេសវៀតណាម ត្រូវទទួល​ខុស​ត្រូវ នៅ​ចំពោះ​មុខ​ច្បាប់​អន្តរជាតិ នូវ​រាល់​ទង្វើ​ឈ្លានពាន​របស់​ខ្លួន​មក​លើ​ទឺកដី​ប្រទេស​កម្ពុជា។ 

កម្ពុជាខ្លួនឯងត្រូវឈាន​មុខ​ក្នុង​ការការពារ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន។ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សូម​អំពាវនាវ​ជាថ្មី​ដល់​រដ្ឋាភិបាល និង​រដ្ឋ​សភា​​កម្ពុជា​បច្ចុប្បន្ន (១)-​ត្រូវ​ទាមទារ​ឲ្យ​ប្រទេស​វៀតណាម បញ្ឈប់​ជា​បន្ទាន់ នូវ​រាល់​គម្រោង និង​​ផែនការ អាជីវកម្ម-ពាណិជ្ជកម្ម និង​ការសាងសង់ ទាំងអស់ នៅ​លើ​កោះ​ត្រល់ និង​ចង្កោម​កោះ​ក្រចក​សេះ និង (២)-​ត្រូវ​ដាក់​មោឃភាព ជា​ផ្លូវការ​នូវ​ច្បាប់ សន្ធិ​សញ្ញា កិច្ច​ព្រមព្រៀង និង​ឯកសារ​ទាំង​ទ្បាយ​ណា​ដែល​ផ្ទុយ​ពីខ្លឹមសារ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍ ឆ្នាំ​១៩៩១៕

រដ្ឋធានីវ៉ាស៊ីនតុន នៅថ្ងៃទី​ ២៦ ខែ​មិថុនា ឆ្នាំ​២០២០

(ហត្ថលេខា)
ទូច វិបុល ប្រធានប្រតិបត្តិ

Koh Tral -Google Map ១

.