The Cambodia Daily
08th-4-2022
បញ្ញវន្តខ្មែរនៅក្រៅស្រុក អះអាងថា អ្នកបំផ្លាញសន្តិភាពដែលប្រសូតចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ គឺមេដឹកនាំបក្សកាន់អំណាចឯកបក្ស លោក ហ៊ុន សែន។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD – the People Movement for Democracy) លោក គឹម សុខ បានលើកឡើងក្នុងកិច្ចពិភាក្សា Idea Talk កាលពីថ្ងៃអង្គារ ទី៥ មេសា ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះហើយ ដែលជាកិច្ចសន្យាអន្តរជាតិ បញ្ចប់ជម្លោះនយោបាយនៅកម្ពុជា និងរៀបចំឱ្យកម្ពុជាអនុវត្តតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីផ្តល់សិទ្ធិ និងអំណាចជូនពលរដ្ឋដែលជាម្ចាស់ប្រទេសឱ្យបានពេញលេញ។
លោក គឹម សុខ លើកឡើងថា នៅពេលដែលកម្ពុជាអាចអនុវត្តបានត្រឹមត្រូវ តាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះហើយ បើមានបរទេសជិតខាងលូកដៃចូលលុកលុយអធិបតេយ្យជាតិកម្ពុជា ប្រទេសដែលជាម្ចាស់ហត្ថលេខីទាំងអស់មានសិទ្ធិជួយអន្តរាគមន៍ភ្លាមៗ ប៉ុន្តែបើរដ្ឋាភិបាលកម្ពុជាអនុវត្តការដឹកនាំតាមទំនើងចិត្ត ដូចលោក ហ៊ុន សែន ដឹកនាំសព្វថ្ងៃនេះ គឺជាការបំផ្លាញសន្តិភាព ឬបង្កអសន្តិសុខធ្ងន់ធ្ងរដល់កម្ពុជាទៅវិញប៉ុណ្ណោះ។
អ្នកវិភាគនយោបាយនិងសង្គមរូបនេះបញ្ជាក់ថា សង្គ្រាមកម្រិតប្រទេស និងប្រទេស ពិតមែនតែមិនបង្កជាការផ្ទុះអាវុធ ប៉ុន្តែការឈ្លានពានគ្រប់វិធីសាស្ត្រ និងគ្រប់រូបភាពពីរដ្ឋាភិបាលវៀតណាមបច្ចុប្បន្ននេះ ល្មមគ្រប់គ្រាន់អាចបញ្ជាក់បានហើយថា កម្ពុជាមិនមានសន្តិភាពនោះទេ។
ដោយឡែកការរំលោភដីធ្លី ការចាប់ឃុំខ្លួនអ្នកតវ៉ា ការអនុវត្តច្បាប់ការពារតែអ្នកមានអំណាច និងការប្រកាសតាមកម្ទេចក្រុមប្រឆាំងដល់អាយុជីវិតពីសំណាក់រដ្ឋាភិបាលឯកបក្សសព្វថ្ងៃនេះ គឺសុទ្ធសឹងតែជាសញ្ញាដែលបង្ហាញពីរូបភាពអសន្តិសុខសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប ស្របពេលដែលលោក ហ៊ុន សែន តែងប្រកាសពីការសម្លាប់ពលរដ្ឋខ្លួនឯង ដើម្បីការពារសន្តិភាពដែលគេមើលឃើញថា ជាសន្តិភាពសម្រាប់តែក្រុមគាត់ប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ប្រកាសការពារសន្តិភាពដាច់ខាត បើទោះបីជាត្រូវកម្ទេចក្រុមអ្នកប្រឆាំង នឹងការដឹកនាំរបស់លោក ឱ្យរលាយពីកម្ពុជាក៏ដោយ។
ចំណែកអតីតអគ្គទីប្រឹក្សាប្រចាំស្ថានទូតខ្មែរនៅប្រទេសឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរថា បើលោក ហ៊ុន សែន អះអាងថាលោកធានាសន្តិភាពនៅកម្ពុជា ត្រឹមតែមិនមានសង្គ្រាម នោះសន្តិភាពបែបនេះ ក៏មិនខុសពីសន្តិភាពនៅប្រទេសកូរ៉េខាងជើងដែរ ព្រោះថាប្រទេសកូរ៉េខាងជើងក៏គ្មានសង្គ្រាមដូចកម្ពុជាដែរ ប៉ុន្តែពលរដ្ឋនៃប្រទេសនោះរស់ក្នុងភាពភ័យខ្លាចគ្រប់ៗគ្នាពីការធ្វើបាបរបស់អ្នកមានអំណាច មិនខុសពីពលរដ្ឋកម្ពុជានោះឡើយ។
ដោយឡែកប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានអះអាងថា ពិតមែនតែកម្ពុជាមិនមានសំឡេងគ្រាប់ផ្លោងដាក់គ្នា ប៉ុន្តែកម្ពុជាក្រោមការដឹកនាំរបស់បក្សកាន់អំណាច ធ្វើឱ្យមានសំឡេងទ្រហោយំរបស់ពលរដ្ឋខ្មែរគ្រប់ទីកន្លែង ដោយសារការរំលោភយកដីធ្លី ការចាប់ឃុំខ្លួនអ្នកតវ៉ាដើម្បីសេរីភាព និងការបិទខ្ទប់សេរីភាពបញ្ចេញមតិគ្រប់បែបយ៉ាងពីសំណាក់រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះ។
ជុំវិញការរក្សាសន្តិភាពនៅកម្ពុជានេះ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ធ្លាប់បានអះអាងក្នុងពិធីមួយនៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងទីក្រុងភ្នំពេញ ថា ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ លោកត្រូវតែការពារសន្តិភាព ដែលលោករកបានដោយកម្រនេះឱ្យបានជាដាច់ខាត។
លោក ហ៊ុន សែន គូសបញ្ជាក់ថា លោកពិតជាមានការសោកស្តាយណាស់ ដែលលោកមិនបានសម្លាប់ក្រុមអ្នកប្រឆាំងចោល ដោយសារលោកមិនបានដឹងពីផែនការផ្តួលរំលំរដ្ឋាភិបាលរបស់លោក ពីក្រុមអ្នកប្រឆាំងទាំងនោះទាន់ពេលវេលា។
ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា លោក ហ៊ុន សែន មិនដែលចាត់ទុកជីវិតមនុស្សសំខាន់ជាងអំណាចរបស់គាត់ទេ ហើយគាត់តែងយកពាក្យការពារសន្តិភាពមកបាំងពីមុខជានិច្ច ប៉ុន្តែសន្តិភាពដែលលោក ហ៊ុន សែន ប្រឹងការពារសព្វថ្ងៃនេះ ជាសន្តិភាពលើគំនរសាកសព និងទឹកភ្នែកពលរដ្ឋខ្មែរស្លូតត្រង់រាប់លានប៉ុណ្ណោះ៕
.