The Cambodia Daily
22-3-2023

ផ្អែក​តាម​តារាង​រចនាសម្ព័ន្ធ​ស្ដីពី​ឋានានុក្រម​ ក្នុង​ការ​គ្រប់គ្រង​ការ​រកស៊ី​ឈើ​ខុស​ច្បាប់ ​របស់​សារព័ត៌មាន​អន្តរជាតិ Mongabay បាន​ចុះផ្សាយ​កាលពី​ពេល​កន្លង​ទៅ ​នោះ​បង្ហាញ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត គឺជា​មេខ្លោង​នៅ​​ពីក្រោយ​ឧក្រិដ្ឋជន​ព្រៃឈើ​ដ៏​ធំ ​ក្នុង​ការ​រកស៊ី​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា។

កាលពី​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៣ សារព័ត៌មាន The Cambodia Daily បាន​ដកស្រង់​ខ្លឹមសារ​នៃ​អត្ថបទ ​ដែល​ចុះផ្សាយ​ដោយ​សារព័ត៌មាន​អន្តរជាតិ Mongabay ប៉ុន្តែ​ត្រូវ​បាន​មេដឹកនាំ​បក្ស​កាន់​អំណាច ​លោក ហ៊ុន សែន និង​កូនប្រុស​ត្រៀម​ស្នង​តំណែង​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​ដ៏​ចម្រូងចម្រាស ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ បាន​ចោទ​ថា សារព័ត៌មាន The Cambodia Daily ប្រឌិត​ព័ត៌មាន​របស់​សារព័ត៌មាន​អន្តរជាតិ Mongabay ទៅវិញ។

កាលពី​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៣ បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​បក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​វីដេអូ​បដិសេធ​ថា លោក​មិនមែន​ជា​អ្នក​នៅ​ពីក្រោយ​ការ​រកស៊ី​ឈើ​ខុស​ច្បាប់​នោះ​ទេ ក្នុង​នោះ ​លោក​បាន​ទាមទារ​ឱ្យ​សារព័ត៌មាន The Cambodia Daily បង្ហាញ​ភស្តុតាង​ដែល​លោក​ អះអាង​ថា The Cambodia Daily បាន​ចុះផ្សាយ​ខុសពី​ការពិត និង​មាន​លក្ខណៈ​ប្រឌិត​ខុសពី​សេចក្តី​រាយការណ៍​ក្នុង​កាសែត​អន្តរជាតិ Mongabay ដែល​បាន​ចុះផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ។

ចំណែក​លោក ហ៊ុន សែន ជា​ឪពុក​បង្កើត​របស់​លោក ហ៊ុន ម៉ាណែត ដែល​ដឹកនាំ​ប្រទេស​ជិត ៤០​ឆ្នាំ​ល្បីល្បាញ​ខាង​ការ​បណ្តោយ​ឲ្យ​មាន​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​កម្ពុជា បាន​បង្ហោះ​វីដេអូ​ឃ្លីប​កូនប្រុស​របស់​ខ្លួន​ លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ កាលពី​ថ្ងៃទី​២០ ខែ​មីនា ដោយ​សរសេរ​ថា ហ៊ុន ម៉ាណែត ឆ្លើយតប​ទៅ​នឹង The Cambodia Daily Khmer ដែល​ចោទ ម៉ាណែត ថា​ជា​មេ​បណ្ដាញ​រកស៊ី​ឈើ​ខុស​ច្បាប់​ ដោយ​ទាំង​គ្មាន​ភស្តុតាង​ច្បាស់លាស់។

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន គំរាម​ថា បើ​សារព័ត៌មាន The Cambodia Daily ពិតជា​សារព័ត៌មាន​វិជ្ជាជីវៈ និង​គ្មាន​ចេតនា​ទុច្ចរិត ​ក្នុង​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទេ​នោះ សូម​បង្ហាញ​ពី​ភស្តុតាង ហើយ​បើ​គ្មាន​ភស្តុតាង​ទេ សូម​ធ្វើការ​កែសម្រួល​ជាបន្ទាន់។

ទោះជា​យ៉ាងណា​ក៏ដោយ សារព័ត៌មាន​អន្តរជាតិ Mongabay បាន​លាតត្រដាង​យ៉ាង​ច្បាស់​ ពី​តារាង​រចនាសម្ព័ន្ធ​ឧក្រិដ្ឋជន​ព្រៃឈើ​នៅ​កម្ពុជា ដែល​មាន​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន ជា​អ្នក​គ្រប់គ្រង​កំពូល និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​បង្កើត​របស់​គាត់ គឺជា​អ្នក​គ្រប់គ្រង​បន្ទាប់​លើ​បណ្ដាញ​ឧក្រិដ្ឋជន​ ដែល​ជា​ថ្នាក់​ក្រោម​របស់​ខ្លួន ដូចជា​ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅ​ឧកញ៉ា ជ័យ ដែល​ល្បីល្បាញ​ខាង​រកស៊ី​ឈើ​ខុស​ច្បាប់​ នៅ​ខេត្ត​ស្ទឹងត្រែង សព្វថ្ងៃ​នេះ។

សារព័ត៌មាន​អន្តរជាតិ Mongabay បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត​របស់​ខ្លួន ​កាលពី​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២៣ ដោយ​បង្ហាញ​រចនាសម្ព័ន្ធ​សែស្រឡាយ ​ដែល​នៅ​ពីក្រោយ​បទល្មើស​រក​ស៊ី​ឈើ​ខុស​ច្បាប់ និង​ក្រុមហ៊ុន​មួយ​ចំនួន​យ៉ាង​ច្បាស់​​ក្រឡែត ក្នុង​នោះ​គឺ​លោក ហ៊ុន សែន ជា​អ្នក​គ្រប់គ្រង​ផុត​លេខ ​ក្នុង​រចនាសម្ព័ន្ធ​នៃ​ឧក្រិដ្ឋជន​ព្រៃឈើ​នេះ។ ចំណែក​លោក ហ៊ុន ម៉ាណែត គឺជា​អ្នក​គ្រប់គ្រង​ លើ​រចនាសម្ព័ន្ធ​ឧក្រិដ្ឋជន​ថ្នាក់​ក្រោម​ដោយ​ផ្ទាល់ ដូចជា​អង្គភាព​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ពិភពលោក (CPP Youth Organization Global) ក្រុម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​សហរដ្ឋ​អាមេរិក (CPP West Coast Team in United State) និង​ក្រុម​ការងារ​គណបក្ស​យុវជន​កម្ពុជា ​នៅ​សហរដ្ឋ​អាមេរិក (CPP Utah Working Group in United State) ជាដើម ដែល​មាន​ភរិយា​របស់​ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត គឺ​អ្នកស្រី អាន សុខនីន រួម​ទាំង​ប្តី​របស់​អ្នកស្រី គឺ​ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅ​ឧកញ៉ា​ជ័យ ដែល​ជា​សមាជិក​ជាន់ខ្ពស់​ នៃ​អង្គភាព​ខាងលើ​នេះ។

ក្នុង​តារាង​រចនាសម្ព័ន្ធ​នោះ បាន​បែងចែក​ពី​មុខងារ និង​ទំនាក់ទំនង​របស់​ពួកគេ​យ៉ាង​ច្បាស់លាស់ ដែល​ត្រូវ​គ្រប់គ្រង​តាម​ឋានានុក្រម​ពី​ថ្នាក់​កំពូល​ រហូត​ដល់​ថ្នាក់​ក្រោម ក្នុង​នោះ​អ្នក​គ្រប់គ្រង​កំពូល គឺ​លោក ហ៊ុន សែន ខណៈ​លោក ហ៊ុន ម៉ាណែត ត្រូវ​គ្រប់គ្រង​លើ​អង្គភាព​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ពិភពលោក (CPP Youth Organization Global) ចំណែក​អង្គភាព​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ពិភពលោក​ត្រូវ​គ្រប់គ្រង​លើ​អង្គភាព​ក្រុម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក (CPP West Coast Team in United State) បន្ត​ទៀត។

ជាង​នេះ​ទៅ​ទៀត អង្គភាព​ក្រុម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក (CPP West Coast Team in United State) ត្រូវ​គ្រប់គ្រង​លើ​ អង្គភាព​ក្រុម​ការងារ​គណបក្ស​យុវជន​កម្ពុជា ​នៅ​សហរដ្ឋ​អាមេរិក (CPP Utah Working Group in United State) ដែល​អង្គភាព​នេះ​មាន​អ្នកស្រី អាន សុខនីន ជា​អនុប្រធាន និង​ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅ​ឧកញ៉ា​ជ័យ ជា​ប្រធាន។

ជាង​នេះ​ទៀត ក្នុង​តារាង​រចនាសម្ព័ន្ធ​នោះ​ បាន​លាតត្រដាង​ពី​ក្រុមហ៊ុន​ឈើ​ដែល​អ្នកស្រី អាន សុខនីន និង​ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត កំពុង​ប្រតិបត្តិការ​រកស៊ី​ដោយ​ខុស​ច្បាប់ និង​លាតត្រដាង​ពី​មនុស្ស​មួយ​ចំនួន​ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ប្តី​ប្រពន្ធ​មួយ​គូ​នេះ​ផង​ដែរ ក្នុង​នោះ​អ្នកស្រី អាន សុខនីន គឺជា​អគ្គនាយក​របស់​ក្រុមហ៊ុន ហួត ម៉េងរីតា (Hout Meng Rita) ដែល​កំពុង​គ្រប់គ្រង​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ នៅ​ខេត្ត​ឧត្តរមានជ័យ និង​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​មួយ​ចំនួន​ទៀត​ផង​ដែរ។

ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ហួត ម៉េងរីតា (Hout Meng Rita) រួម​មាន​ក្រុមហ៊ុន ធី ង៉ាន (Thy Nhan) កំពុង​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​ នៅ​ខេត្ត​ព្រះវិហារ ដែល​មាន​លោក ឡេង ឬទ្ធី ជា​អគ្គនាយក និង​ក្រុមហ៊ុន អង្គរ ផ្លាយវូដ (Angkor Plywood) ដែល​មាន​ឧកញ៉ា ជា ពៅ ហៅ ហួ គឺជា​អគ្គនាយក ដែល​ត្រូវ​បាន​គេ​រាយការណ៍ ​ថា​កំពុង​ប្រតិបត្តិការ​កាប់​ឈើ​ខុស​ច្បាប់​ពាសពេញ​តំបន់​អភិរក្ស​សត្វព្រៃ ព្រៃឡង់​សព្វថ្ងៃ​នេះ។

តារាង​រចនាសម្ព័ន្ធ​ខាងលើ​បង្ហាញ​ថា ប្រធាន​ក្រុមហ៊ុន អង្គរ ផ្លាយវូដ (Angkor Plywood) របស់​ឧកញ៉ា ជា ពៅ គឺជា​បងប្អូន​បង្កើត​របស់​ អគ្គលេខាធិការ​រង​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា និង​ជា​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លោក ជា វុទ្ធី ផង​ដែរ ហើយ​បុគ្គល​រូប​នេះ​ មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទទួល​ខុសត្រូវ​ លើ​ការ​អនុម័ត​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន TSMW ដែល​កំពុង​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​ នៅ​ខេត្ត​ស្ទឹងត្រែង ដែល​មាន​លោក ស សារ៉ាន់ ជា​អគ្គនាយក​សព្វថ្ងៃ​នេះ។

ចំណែក​ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅ​ឧកញ៉ា​ជ័យ គឺជា​អ្នក​ជ្រោមជ្រែង​នៅ​ពីក្រោយ​ក្រុមហ៊ុន ​TSMW យ៉ាង​ធំ​សព្វថ្ងៃ​នេះ ហើយ​លោក​ក៏​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ ជាមួយ​អ្នកស្រី តាំង សៀកមុំ​ ដែល​ជា​អតីត​អគ្គនាយក​ក្រុមហ៊ុន TSMW ផង​ដែរ ខណៈ​អ្នកស្រី តាំង សៀកមុំ ត្រូវជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​បំផុត​របស់​កូនៗ​អ្នកស្រី អាន សុខនីន និង​ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ដែល​មាន​ឈ្មោះ ណារ៉េត លីហួត, ណារ៉េត លីម៉េង, និង ណារ៉េត ណារីតា

ផ្អែក​តាម​តារាង​រចនាសម្ព័ន្ធ​ ស្ដីពី​ឋានានុក្រម ​ក្នុង​ការ​គ្រប់គ្រង​ការ​រកស៊ី​ឈើ​ខុស​ច្បាប់​នេះ បង្ហាញ​ថា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត គឺជា​មេខ្លោង​ឧក្រិដ្ឋជន​ព្រៃឈើ​ដ៏​ធំ​ ក្នុង​ការ​រកស៊ី​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា​ ដែល​សារព័ត៌មាន​អន្តរជាតិ Mongabay បាន​ចុះផ្សាយ​កាលពី​ពេល​កន្លងទៅ​នេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត អះអាង​ថា ការ​យាយី​របស់​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន គឺជា​សញ្ញា​នៃ​ការ​គំរាមកំហែង​ថ្មី ​មក​លើ​បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ។ លោក​បន្ត​ថា ភស្តុតាង​របស់​សារព័ត៌មាន Mongabay ដែល​ចុះផ្សាយ​នោះ​ ល្មម​ជា​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន នោះ​ហើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​អះអាង​ថា សេណារីយ៉ូ​ថ្មី​ដែល​កំពុង​រៀបចំ​ដោយ​ក្រុម​លោក ហ៊ុន សែន មាន​បំណង​បំបិទ​សារព័ត៌មាន​ឯករាជ្យ​ក្នុង​ស្រុក និង​ព្រមទាំង​មាន​ចេតនា​លាប​ពណ៌ និង​ទប់ស្កាត់​សារព័ត៌មាន​ឯករាជ្យ​ នៅ​ក្រៅ​ប្រទេស​ផង​ដែរ ដូចជា​សារព័ត៌មាន The Cambodia Daily ជាដើម ដើម្បី​ទប់ស្កាត់​ពី​ការ​ចុះផ្សាយ​អំពី​ទង្វើ​អាក្រក់​របស់​ខ្លួន​ ដែល​កំពុង​ប្រព្រឹត្ត​សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​ត្អូញត្អែរ​ថា ព្រៃឈើ​នៅ​កម្ពុជា​ ត្រូវ​បាន​កាប់​បំផ្លាញ​គ្មាន​សល់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​ដោយ​ស្នាដៃ​ នៃ​ក្រុមហ៊ុន​របស់​ឧកញ៉ា​ដែល​ជា​សែស្រឡាយ និង​ជា​អ្នក​រក​ផលប្រយោជន៍​ឱ្យ​គ្រួសារ​របស់​លោក ហ៊ុន សែន យ៉ាង​អនាធិបតេយ្យ​សព្វថ្ងៃ​នេះ។

ជាក់ស្តែង ដូចជា​ឧកញ៉ា​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន មួយ​ចំនួន ​ដែល​កំពុង​ប្រកប​អាជីវកម្ម​ លើ​បទល្មើស​ព្រៃឈើ​សព្វថ្ងៃ​នេះ ដូចជា​ម្ចាស់​ក្រុមហ៊ុន ទ្រី ភាព ហ្គ្រុប គឺ​ឧកញ៉ា ទ្រី ភាព រហស្សនាម​ស្តេច​គ្រញូង លោក លី យ៉ុងផាត់ រហស្សនាម​ស្តេច​កោះកុង និង​យាយ​ភូ ម្ចាស់​ក្រុមហ៊ុន ភាពីម៉ិច ដែល​ជា​មិត្ត​ជិតស្និទ្ធ​នឹង​ភរិយា​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី ជាដើម។

ជុំវិញ​បញ្ហា​នេះ អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ កាលពី​អំឡុង​ឆ្នាំ​២០២១ ស្ដីពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ថា ការ​វិនាស​ព្រៃឈើ​ខ្មែរ​ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​របស់​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​ ដែល​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​បច្ចុប្បន្ន​នេះ ដូចជា​ក្រុមហ៊ុន Think Biotech ក្រុមហ៊ុន Angkor Plywood ក្រុមហ៊ុន Sam Oeun Sovann ក្រុមហ៊ុន PNT និង​ក្រុមហ៊ុន Thy Ngan Development ជាដើម។

ក្រមព្រហ្មទណ្ឌ​មាត្រា​៥២៨ ចែង​ថា មន្ត្រី​រាជការ​សាធារណៈ​មិន​ប្ដឹង​បរិហារ និង​មិន​អើពើ​បង្ក្រាប​បទល្មើស ​ឋិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ដល់ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ដល់ ៦​លាន​រៀល​ថែម​ទៀត ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង ឈ្មួញ​រកស៊ី​ឈើ​ខុស​ច្បាប់ ដូចជា​ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ឧកញ៉ា ខ្នា និង​នាយករង​ការិយាល័យ​បំភ័ន្ត​អក្ខរៈ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ចាប សារ៉ន ជាដើម ដែល​ល្បីល្បាញ​ខាង​រកស៊ី​ខុស​ច្បាប់​នៅ​តំបន់​ព្រៃឡង់​រហូត​មក មិន​ត្រូវ​បាន​កាត់ទោស​នោះ​ទេ ប៉ុន្តែ​បែរ​ជា​ត្រូវ​ដំឡើង​ឋានន្តរស័ក្ដិ​ជា​មន្ត្រី​ជាន់ខ្ពស់ ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ជា​សមាជិក​ជាន់ខ្ពស់​របស់​ គណបក្ស​ប្រជាជន​កម្ពុជា ​របស់​លោក ហ៊ុន សែន ទៅវិញ។

យ៉ាងណា​ក៏ដោយ កាលពី​ចុង​ឆ្នាំ​២០២១ លោក ហ៊ុន សែន ធ្លាប់​បាន​រិះគន់​ពលរដ្ឋ និង​អ្នក​ដែល​រិះគន់​លោក​ រឿង​បាត់បង់​ព្រៃឈើ​ថា ពួកគេ​បាន​នាំគ្នា​ទៅ​ទិញ​ឈើ​ដើម្បី​សង់​ផ្ទះ ​ដែល​ជា​ការ​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ ប៉ុន្តែ​ពួកគេ​បែរ​ជា​នាំគ្នា​ទម្លាក់​កំហុស​មក​លើ​លោក​ទៅវិញ។ បញ្ហា​នេះ លោក ហ៊ុន សែន ព្រមាន​ថា លោក​នឹង​រុះរើ​ផ្ទះ​របស់​ពលរដ្ឋ​ទាំងអស់​ដែល​សាងសង់​ក្រោយ​ឆ្នាំ​១៩៧៩ ដើម្បី​ប្រមូល​ឈើ​ដែល​បាត់បង់​ទាំងនោះ ​ត្រឡប់​មក​វិញ។

កាលពី​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២២ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​ដោយ​បង្ហាញ​ថា ព្រៃឈើ​ចំនួន​ជាង ៦​ពាន់​ហិកតារ (៦២៧១​ហិកតារ)​ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ ​ត្រូវ​បាន​កាប់​បំផ្លាញ ក្នុង​នោះ​មាន​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ដោយ​ការ​កាប់​ឈើ​ខុស​ច្បាប់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ដែល​នាំ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​ផ្តាច់​ជំនួយ​ពី​រដ្ឋាភិបាល​កម្ពុជា​លើ​គម្រោង «ព្រៃឡង់​បៃតង» ដែល​ជា​ការ​ឆ្លើយតប​នឹង​វិធានការ​របស់​រដ្ឋាភិបាល ​ដែល​បិទ​ខ្ទប់​សកម្មភាព​របស់​សកម្មជន​​ការពារ​ព្រៃឈើ មិន​ឱ្យ​ចូល​ល្បាត​បទល្មើស​ព្រៃឈើ​ នៅ​ក្នុង​តំបន់​ព្រៃឡង់​រហូត​មក ស្រប​ពេល​ដែល​ព្រៃឈើ​ក្នុង​តំបន់​ការពារ​មួយ​នេះ​ នៅតែ​បន្ត​រង​នូវ​ការ​កាប់​បំផ្លាញ​ដដែល។

ក្នុង​របាយការណ៍​ស្រាវជ្រាវ​ដែល​មាន​កម្រាស់ ៥៣​ទំព័រ​របស់​អង្គការ​គំនិត​ផ្ដួចផ្ដើម​សាកល​ប្រឆាំង ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន (Global Initiative Against Transnational Organized Crime) បាន​ចេញ​ផ្សាយ​កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០២២ អំពី​ការ​បង្កើត​បណ្ដាញ​រកស៊ី​ឈើ​ខុស​ច្បាប់​យ៉ាង​ធំ ​នៅ​កម្ពុជា​ជាមួយ​មន្ត្រី និង​ឧកញ៉ា​ខិលខូច​ថា គ្រួសារ​លោក ហ៊ុន សែន បាន​ចែក​គ្នា​គ្រប់គ្រង​ឧកញ៉ា​រៀងៗ​ខ្លួន ដើម្បី​ឲ្យ​ឧកញ៉ា​ទាំងនោះ រកស៊ី​ខុស​ច្បាប់​រក​លុយ​ឲ្យ​ខ្លួន ដូចជា​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ នៅ​កម្ពុជា ជាដើម ដែល​គេ​បាន​រក​ឃើញ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

.