អត្ថបទ វេទិកាពលរដ្ឋ

វេទិកាពលរដ្ឋ​ ដែល​​មាន​​មូលដ្ឋាន​​នៅ​​សហរដ្ឋ​​អាមេរិក បាន​សេចក្តី​ថ្លែងការណ៍​ អំពាវ​នាវ​ដោះ​លែង​លោក ហ៊ុន កុសល ជា​សកម្មជន​នយោបាយ​ជិត​ស្និទ្ធ​លោក កឹម សុខា ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ និង​លោក យឹម ស៊ីណន អតីត​ប្រធាន​ចលនា​យុជន​សង្គ្រោះ​ជាតិ​នៅ​កូរ៉េ​ខាង​ត្បូង។ សេចក្តី​ថ្លែង​ការណ៍​នេះ ​ចុះ​​ហត្ថ​លេខា​​ដោយ​​​លោក អ៊ាប សេង អគ្គ​លេខា​ធិការ​​នៃ​​​វេទិកា​​​នេះ បាន​ផ្សាយ​កាល​ពី​​ថ្ងៃ​ទី​២២ ខែ​​មីនា ឆ្នាំ​២០២៣។ សូម​ទាញ​យក ​«សេចក្តីថ្លែងការណ៍ (Download)» ឬ​​អាន​អត្ថបទ​ខាង​ក្រោម។

សេចក្តីថ្លែងការណ៍
សូម​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះលែង​លោក ហ៊ុន​ កុសល​ និង​​លោក​ យឹម​ ស៊ី​ណន​
(ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣)

វេទិកាពលរដ្ឋ សូម​​អំពាវនាវ​​ដល់​​​រដ្ឋាភិបាល​​របស់​​លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ​សែន​ ទម្លាក់​​ចោល​​បទ​ចោទ​ និង​​ដោះ​លែង​​លោក​ ហ៊ុន​ កុសល​ និង​​លោក​ យឹម​ ស៊ី​ណន​ សកម្មជន​​នយោបាយ​​នៃ​គណ​បក្ស​​សង្គ្រោះ​​ជាតិ​ ដែល​​ត្រូវ​​បាន​​ចាប់​​ខ្លួន​​នៅ​​ទី​ក្រុង​​ភ្នំពេញ​ ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២៣​ បន្ទាប់​ពី​​​បាន​ទិតៀន​​លោក​ ហ៊ុន​ សែន​ លើ​បណ្តាញ​សង្គម ពាក់​ព័ន្ធ​នឹង​រូបភាព​ព្រះ​មហា​ក្សត្រ ព្រះ​រាជទាន​ព្រះ​អគ្គី​ជ័យ​កីឡា សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ និង អាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី​១២។ ការ​​ទិតៀន​​របស់​​លោក​ ហ៊ុន​ កុសល​ និង​​លោក​ យឹម​ ស៊ី​ណន​ ជា​ទម្រង់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ មិន​​មែន​​ជា​​ការ​​ញុះ​ញង់​ ដូច​​ការ​​ចោទ​ប្រកាន់​​ឡើយ​

ការ​ចាប់​ខ្លួន​សកម្មជន​យោបាយ​ទាំង​ពីរ​ខាង​លើ ជា​​ការ​​រំលោភ​​រ​ដ្ឋម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា មាត្រា​៤១ កថា​​ខណ្ឌ​ទី​១ ចែង​ថា «ប្រជា​ពលរដ្ឋ​​ខ្មែរ​ មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​ សេរីភាព​ខាង​សារព័ត៌មាន​​ សេរីភាព​ខាង​ការ​បោះ​ពុម្ព​​ផ្សាយ​ សេរីភាព​​ខាង​ការ​ប្រជុំ»។ ជាង​នេះ​ទៀត ការ​ចាប់​ខ្លួន​នេះ ក៏​ជា​ការ​រំលោភ​លើ​សេចក្តី​ប្រកាស​ជា​សកល ស្តី​ពី​សិទ្ធិ​មនុស្ស មាត្រា​១៩ ចែង​ថា «មនុស្ស​គ្រប់​រូប មាន​សិទ្ឋិ​សេរីភាព ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​សម្តែង​មតិ។ សិទ្ឋិ​នេះ​រាប់​បញ្ចូល​ទាំង​សេរីភាព ក្នុង​ការ​បញ្ចេញ​មតិ ដោយ​គា្មន​ការ​រជ្រៀត​ជ្រែក និង​សេរីភាព​ក្នុង​ការ​ស្វែង​រក​ការ​ទទួល​និង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន និង​គំនិត​នានា ដោយ​គា្មន​ព្រំដែន ទោះ​តាម​រយៈ​មធ្យោបាយ​សម្តែង​មតិ​ណា​មួយ​ក៏​ដោយ»។

វេទិកាពលរដ្ឋ លេីក​​ទឹក​​ចិត្ត​​ដល់​​រដ្ឋាភិបាល​​កម្ពុជា​ ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នានា និង​ដោះ​លែង​អ្នក​​នយោបាយ​ និង​សកម្មជន​​សង្គម​​ទាំង​​ឡាយ​ ដើម្បី​ជា​​ប្រយោជន៍​​លេីក​​មុខ​មាត់​​ដល់​​ប្រទេស​​ជាតិ​ ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​​ការ​​ផ្សះ​ផ្សា​​ជាតិ​។

អ៊ាប សេង
អគ្គលេខាធិការវេទិកាពលរដ្ឋ

.