ថៃ​សាងសង់​របងព្រំដែន​ជា​ឯកតោភាគី (ធ្វើ​ពី​បេតុង​ ដាក់​ចំរឹងដែក និង បន្លាលួស​ខាង​លើ។ របង​មាន​កំពស់​ជាង ២ ម៉ែត្រ) នៅ​ចន្លោះបង្គោល​លេខ ៥២, ៥៣ និងលេខ ៥៤ ក្នុងស្រុកកំរៀង ខេត្ត​បាត់ដំបង (ស្រុកពោងណាំរ៉ន ខេត្តចន្ទបុរី ថៃ) គឺ​សង់បាន ៤០% គិតត្រឹមថ្ងៃទី​០៣ ខែ​មិថុនា ២០២៦។
តាមគម្រោង ភាគី​ថៃ ​គ្រោង​សាងសង់​ជញ្ជាំងព្រំដែន ឬ​របង​បេតុង​ព្រំដែន ជា​ឯកតោភាគីនេះ មាន​​ប្រវែង ១០០ គីឡូម៉ែត្រ​ក្នុង​រយៈ​ពេល ២ ឆ្នាំ ដោយចាប់ផ្តើម​ពី​ភ្នំទ្រព្យ ខេត្តព្រះវិហារ (គម្រោង​ទី១)។ រីឯ​គម្រោង​ទី២ ថៃ​បន្ត​សាងសង់​របង​ព្រំដែន ជា​ឯកតោភាគី​ ពី​ចន្លោះបង្គោល​ព្រំដែន​ លេខ ៥២ ដល់ ៥៩ នៅ​ស្រុកកំរៀង ខេត្តបាត់ដំបង រួចបន្ត​សាងសង់​របង​បេតុង​ព្រំដែន រហូត​ដល់​ខេត្ត​ប៉ៃលិន។
គូរបញ្ជាក់ថា លិខិតវ៉ារបស់​ក្រសួង​ការបរទេស​កម្ពុជា កាល​ពីថ្ងៃ​​ទី​២ ខែ​មេសា ឆ្នាំ​២០២៦ បាន​ចាត់ទុកថា ថៃ​សាងសង់​របងព្រំដែន ជាឯកតោភាគី នៅតំបន់ចម្លោះ​បង្គោល​ព្រំដែន​ លេខ ​៥២ ​និង ៥៤ ដែល​បានចាប់ផ្តើម​នោះ​ថា ជា​​ការរំលោភបំពាន​អធិបតេយ្យ​កម្ពុជា។ ហើយថា កម្ពុជា​​មិនទទួល​ស្គាល់​ខ្សែ​ព្រំដែន​ណាមួយ ដែល​អះ​អាង​ ជាឯកតោភាគី​ដោយប្រទេស​ថៃ ជាដាច់ខាត
ជាមួយគ្នានេះ ក្រុម​អ្នកស៊ូមតិ និង​អ្នកជំនាញកិច្ចការ​ព្រំដែន​ខ្មែរ​មិន​ចំណុះ​រដ្ឋាភិបាល បាន​ជំរុញសំណុំរឿង​ព្រំដែន​ខ្មែរ ប្តឹង​ថៃ ទៅតុលាការអន្តរជាតិ​ផង តាម​​យន្តការ​ការ​ទូត​​ឲ្យ​ខ្លាំង​ក្លា​ផង និង ប្រើ​សិទ្ធិ​ស្វ័យ​ការពារ​​នៅ​លើ​ដី​ជាក់​ស្តែង​ផង ដើម្បីទប់​ស្កាត់​​ការ​​ឈ្លាន​ពាន​របស់​ថៃ បន្ថែម​ទៀត ហើយ​​ក៏​ជា​​ការ​ទាមទារ​​យុត្តិធម៌ ជូន​ជាតិ និង​​ពលរដ្ឋ​ខ្មែរ។ – (អត្ថបទ​បន្ថែមដោយលោក ម៉ែន ណាត)

រូបភាព៖ លោក ហ៊ុន ម៉ាណែត និង​លោក ម៉ែន ណាត​។ / (Picture from left: MP Hun Manet and Mr Men Nath, a Cambodia social and political commentator).
រូបភាព៖ លោក ហ៊ុន ម៉ាណែត និង​លោក ម៉ែន ណាត​។ / (Picture from left: MP Hun Manet and Mr Men Nath, a Cambodia social and political commentator).

TFA Khmer /ដោយលោក ហ៊ុំ ចំរើន
12th-6-2026

ប្រទេស​ថៃ​ បាន​ប្រកាស​ពី​គម្រោង​សាងសង់​របង​អចិន្ត្រៃយ៍​ នៅ​តាម​ព្រំដែន​កម្ពុជា ជាច្រើន​ទីតាំង​ថែម​ទៀត ក្រោយ​បញ្ចប់​ការសាងសង់​របង​បេតុង​ នៅ​បង្គោល​ព្រំដែន​ លេខ​ ៥២ ដល់ ​៥៤ ដែល​ស្ថិត​នៅ​ជាប់​នឹង​ព្រំដែន​ ខេត្តបាត់ដំបង។ ទីតាំង​ដែល​ថៃ ​គ្រោង​នឹង​សាងសង់​ជា​ឯកតោភាគី​បន្ថែម​ទៀត​នោះ មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​បង្គោល​ព្រំដែន ​លេខ ​៥៥ ដល់ ​៦៦ ដែល​ជាប់​នឹង​ខេត្ត​ចំនួន​ពីរ ​របស់​កម្ពុជា គឺ​បាត់ដំបង និង​ខេត្ត​ប៉ៃលិន។

ថ្មីៗ​នេះ​យោធា​ថៃ​ ដែល​ល្បាត​តាម​ព្រំដែន ក្នុង​តំបន់​ខេត្ត​ចន្ទ​បុរី បាន​ប្រកាស​ពី​បច្ចុប្បន្នភាព​ការ​សាងសង់​របង​អចិន្ត្រៃយ៍ ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា និង​គម្រោង​សាងសង់​របង​ព្រំដែន ​នៅ​ទីតាំង​ផ្សេងទៀត។

នាយកដ្ឋាន​កិច្ចការ​ព្រំដែន​របស់​យោធា​ថៃ បាន​អះអាង​កាលពី​ថ្ងៃទី​១០ ខែ​មិថុនា ថា គិត​មក​ដល់​ពេល​នេះ ថៃ​បាន​សាងសង់​របង​បេតុង ​នៅ​ចន្លោះ​បង្គោល​ព្រំដែន​ លេខ ​៥២ ដល់​ ៥៤ ក្នុងស្រុក​ពោង​ណាំរ៉ន ខេត្ត​ចន្ទបុរី ដែល​ជាប់​នឹង​ស្រុក​កំរៀង ក្នុង​ខេត្តបាត់ដំបង របស់​កម្ពុជា បាន​ជាង ៤០​ ភាគរយ​ហើយ​។ យោធា​ថៃ​ បញ្ជាក់​ថា គម្រោង​សាងសង់​របង​ព្រំដែន ដែល​មាន​ប្រវែង​ជាង ១៣០០ ​ម៉ែត្រ​នេះ នឹង​ត្រូវ​បញ្ចប់​នៅក្នុង​ខេត្ត​កក្កដា ខាងមុខនេះ ហើយ​យោធា​ថៃ​ ក៏​នឹង​បន្ត​សាងសង់​របង​ព្រំដែន​អេឡិចត្រូនិក ​បន្ថែម​ទៀត ចាប់ពី​បង្គោល​ព្រំដែន ​លេខ ​៥៥ ដែល​មាន​ទីតាំង​ក្នុង​ឃុំ​បឹងរាំង ស្រុក​កំរៀង រហូតដល់​បង្គោល​ព្រំដែន​ដល់​លេខ ​៦៦ ស្ថិត​ក្នុង​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន។

យោធា​ថៃ​អះអាង​ថា របង​ព្រំដែន​អេឡិចត្រូនិក​នេះ នឹង​ត្រូវ​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ត្រួតពិនិត្យ​ឆ្លាត​វៃ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ នៃ​ការ​ស្ទាក់ចាប់​ជនអន្តោប្រវេសន៍​ខុសច្បាប់ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​យោធា​ថៃ​អះអាង​ថា មាន​ប្រភព​នៅក្នុង​ប្រទេស​កម្ពុជា។

បង្គោល​ព្រំដែន ​លេខ ​៥២ ដល់ ​៥៩ ដែល​យោធា​ថៃ ​កំពុង​សាងសង់​របង​បេតុង​នេះ ​គឺជា​បង្គោល​ឡាក់​បណ្ដោះអាសន្ន ​មាន​សណ្ឋាន​ជា​បន្ទាត់​ត្រង់ ដែល​កម្ពុជា​-​ថៃ ​បាន​ឯកភាព​គ្នា​ដាក់បញ្ចូល​ក្នុង​តំបន់​គ្មាន​ទំនាស់ និង​បាន​ចុះ​វាស់វែង​រួមគ្នា​ កាលពី​ជិត​ ២០ ​ឆ្នាំមុន​។ ចំណែក​បង្គោល​ព្រំដែន ​លេខ ​៦៦ ដែល​ស្ថិត​ក្នុង​សង្កាត់​បរយ៉ាខា ក្រុងប៉ៃលិន ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​តំបន់​ដែល​បាន​ឯកភាព​គ្នា​ផង​ដែរ។

ទោះជា​បែបនេះ​ក្ដី ប្រជាពលរដ្ឋ​ដែល​រស់​តំបន់​ព្រំដែន បាន​អះអាង​ថា ប្រទេស​ថៃ​បាន​រំកិល​បង្គោល​ព្រំដែន​ចូល​ទឹកដី​កម្ពុជា ជាច្រើនលើក​ អស់​រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ។

ពលរដ្ឋ​ម្នាក់ នៅ​ឃុំ​បឹងរាំង ស្រុក​កំរៀង បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា តាំងពី​ទសវត្ស​ឆ្នាំ ​៩០ ​មក យោធា​ថៃ​បាន​រំកិល​បង្គោល​ព្រំដែន​ លេខ ​៥៥ ស្ថិតនៅ​ជាប់មាត់​អូរ​ធម្មជាតិ ដែល​ជា​ខ្សែបន្ទាត់​ព្រំដែន​បណ្ដោះអាសន្ន ចូលក្នុង​ទឹកដី​កម្ពុជា ​ប្រហែល ​៣០០ ​ម៉ែត្រ ដែល​ធ្វើ​ឱ្យ​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ហិកតារ ត្រូវ​បាត់បង់​ទៅកាន់​ប្រទេស​ថៃ​។ លោក​បន្ត​ថា ក្រោយមក​យោធា​ថៃ ​បាន​សាងសង់​បង្គោល​ព្រំដែន​ លេខ​ ៥៥ ថ្មី ដោយ​ដាំ​ចូលក្នុង​ទឹកដី​កម្ពុជា ជាច្រើន​ម៉ែត្រ​បន្ថែម​ទៀត ខណៈ​កងកម្លាំង​របស់​កម្ពុជា​ ក៏បាន​ទទួលស្គាល់​ទីតាំង​បង្គោល​ព្រំដែន​នេះ​ផង​ដែរ។

ពលរដ្ឋ​ ៖ «​បង្គោល​លេខ ​៥៥ ហ្នឹង គេ​រំលោភ​ចូល​ទឹកដី​កម្ពុ​ជាមួយ​សារ​ហើយ​។ យើង​ក៏​ព្រម​ទទួលស្គាល់​ប្រហែលជា​បី​ឆ្នាំមុន​ហ្នឹង ប៉ុន្តែ​ឥឡូវៗ​ហ្នឹង​គឺ​វា​វាស់ ឆ្លង​ចូល​ពី​ឡាក់ ​៥៥ ​ហ្នឹង មក​ខាង​បង​ហ្នឹង​វា​ចូល ១០០០ ​ជាង​ម៉ែត្រការ៉េ។ ហើយ​អាជ្ញាធរ​ខាង​ខ្មែរ​យើង ​ក៏​ព្រម​ទទួលស្គាល់​ទៀត​ហើយ។ ហើយ​ហៅ​យើង​ជា​ម្ចាស់​ដី​ម្ចាស់​អីហ្នឹង ហៅ​អ្នកភូមិ​ហ្នឹង ទៅ​ប្រជុំ​អត់ឱ្យ​និយាយ​ទេ​។ ហើយ​ចេញ​សំណង​បាន​លុយ ១​ លាន​រៀល និង​អង្ករ​មួយ​បាវ​(​មួយ​ការ៉ុង»។

ពាក់ព័ន្ធ​នឹង​បង្គោល​ព្រំដែន ​លេខ ៦៦​ វិញ ពលរដ្ឋ​ម្នាក់ រស់នៅ​ភូមិ​បរតាំង​ស៊ូ សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ដែរ​នោះ បាន​អះអាង​ថា បង្គោល​ព្រំដែន​ លេខ ​៦៦ ត្រូវ​បាន​យោធា​ថៃ​កែច្នៃ​ថ្មី និង​រំកិល​ចូលក្នុង​ទឹកដី​កម្ពុជា ជាច្រើន​គីឡូម៉ែត្រ ដោយ​មិនមែន​ជា​បង្គោល​ចាស់ ​ដែល​កំណត់​ដោយ​អាជ្ញាធរ​របស់​អាណានិគម​បារាំង​នោះ​ឡើយ​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​សើរើ​ទីតាំង​បង្គោល​ព្រំដែន​ចាស់ ចាប់ពី​តំបន់​ជ្រលង​ភ្នំ​ក្បាលដំរី ក្នុង​តំបន់​បរ​យ៉ាខា រហូតដល់​តំបន់​ស្ទឹង​កាច់ ស្ថិត​ក្នុង​ស្រុក​សាលា​ក្រៅ ឡើងវិញ ដោយ​លោក​អះអាង​ថា តំបន់​ទាំងនេះ ​ត្រូវ​យោធា​ថៃ ​រំកិល​បង្គោល​ព្រំដែន និង​កែប្រែ​អូរ​ធម្មជាតិ ដែល​ជា​ខ្សែបន្ទាត់​បណ្ដោះអាសន្ន ចូលក្នុង​ទឹកដី​កម្ពុជា ជាច្រើន​គីឡូម៉ែត្រ។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​បាត់ដំបង លោក សុខ លូ និង​អភិបាលខេត្ត​ប៉ៃលិន អ្នកស្រី បាន ស្រីមុំ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​១១ ខែ​ឧសភា។

ក្រសួង​ការបរទេស កាល​ពី​ថ្ងៃ​ទី​១០ ខែមេសា បាន​តវ៉ា​ប្រឆាំង​នឹង​សកម្មភាព​សាងសង់​របង​ព្រំដែន​ឯកតោភាគី​របស់​ភាគី​ថៃ នៅក្នុង​តំបន់​ចន្លោះ​បង្គោល​ព្រំដែន ​លេខ ៥២ និង ៥៤​។ ក្រសួង​ការបរទេស​ បាន​លើកឡើង​ថា ការសាងសង់​របង​ព្រំដែន​ ពី​សំណាក់​ភាគី​ថៃ​ នេះ គឺ​ផ្ទុយ​ទៅ​នឹង​អាណត្តិ​របស់ ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​ (JBC) និង​បាន​ប៉ះពាល់​ទៅលើ​ការ​ដាំ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន ដែល​បាន​ធ្វើឡើង​ ដោយ​ក្រុម​វាស់វែង​ចម្រុះ នៃ​ភាគី​ទាំងពីរ កាលពីមុន​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ថា ផ្អែក​តាមច្បាប់​អន្តរជាតិ ការសាងសង់​របង​នៅ​តាម​ព្រំដែន អាចធ្វើ​ទៅ​បាន លុះត្រាតែ​មានការ​ឯកភាព​ពីរ​ប្រទេស​ដែល​នៅ​ជាប់​ព្រំដែន ហើយ​ប្រសិនបើ​ក្នុង​ទីតាំង​នោះ ​កំពុង​មាន​ជម្លោះ ការសាងសង់​របង​ព្រំដែន​នេះ​ អាចធ្វើ​ទៅ​បាន លុះត្រាតែ​មានការ​ដោះស្រាយ​ឱ្យ​បាន​ដាច់ស្រេច​ជាមុន​សិន។

លោក ម៉ែន ណាត ៖ «ភាគី​ទី​បី​ដូចជា​ប្រទេស​បារាំង ដែល​ជា​ម្ចាស់​អាណានិគម​កម្ពុជា​ហ្នឹង គេ​អាច​មក​ធ្វើជា​សាក្សី​កម្ម​បាន ពីព្រោះ​គេ​ជា​អ្នក​គូស​ផែនទី គេ​ជា​អ្នក​ជួយ​បោះបង្គោល​ព្រំដែន​រវាង​កម្ពុជា ថៃ ហើយ​និង​ជា​ម្ចាស់​អាណានិគម​ របស់​កម្ពុ​ជា​កាលណោះ​។ ដូច្នោះ កម្ពុជា​ត្រូវ​ស្នើ​បារាំង​ មក​ធ្វើជា​សាក្សី​កម្ម ដើម្បី​វាស់វែង​ត្រួតពិនិត្យ​ខ្សែបន្ទាត់​ព្រំដែន​ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ តាម​គោលការណ៍​ច្បាប់​អន្តរជាតិ និង​តាម​សន្ធិសញ្ញា​បារាំង​-​សៀម​ឆ្នាំ ១៩០៤ ១៩០៧»។

យោង​តាម​ម​ឯកសារ​របស់​ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន បាន​បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៦​ មក កម្ពុជា និង​ថៃ បាន​ចុះ​វាស់វែង និង​ស្វែងរក​ទីតាំង​ពិតប្រាកដ​នៃ​បង្គោល​ព្រំដែន​ចំនួន ៧៤​ ទីតាំង ដែល​បាន​បោះ​ ដោយ​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ចន្លោះ​ឆ្នាំ​១៩១៩ ដល់​ឆ្នាំ​១៩២០​។ ឯកសារ​បញ្ជាក់​ថា ក្រោយពី​បាន​កំណត់​អំពី​ទីតាំង​ហើយ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ លើ​ទីតាំង​ពិតប្រាកដ​ នៃ​បង្គោល​ព្រំដែន​ចំនួន ៤២​បង្គោល និង​មិនទាន់​ឯកភាព​គ្នា​ចំនួន ៣២ ​បង្គោល។

ដោយឡែក យោងទៅតាម​ផែនទី​បោះបង្គោល​ព្រំដែន តំបន់​ដែល​កម្ពុជា និង​ថៃ​បាន​ឯកភាព​គ្នា ភាគច្រើន​មាន​ទីតាំង​ចាប់ពី​បង្គោល​ព្រំដែន ​លេខ ​៤៩ ស្ថិត​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតដល់​បង្គោល​ព្រំដែន ​លេខ ​៧០ ស្ថិត​ក្នុង​ស្រុក​សំឡូត ខេត្តបាត់ដំបង​។ ចំណែក​តំបន់​បង្គោល​ព្រំដែន ដែល​ភាគី​កម្ពុជា និង​ថៃ មិនទាន់​ឯកភាព​គ្នា ភាគច្រើន​នៅ​តាម​បណ្ដោយ​បង្គោល​ព្រំដែន ​លេខ ​១ ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ រហូតដល់​បង្គោល​ព្រំដែន​ លេខ ​៤៨ ក្នុងស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។

ទោះជា​បែបនេះ​ក្ដី ក្រោយ​ធ្វើសង្គ្រាម​ឈ្លានពាន​កម្ពុជា​ចំនួន​ពីរ​លើក កាលពី​ឆ្នាំ​២០២៥ យោធា​ថៃ​ បាន​ចូល​កាន់កាប់​ក្នុង​ទឹកដី​កម្ពុជា ដោយ​មិន​រើស​ទីតាំង​នោះ​ឡើយ ពោល​គឺ​យោធា​ថៃ​បាន​រាយ​បន្លា​លួស តម្រៀប​ទូ​កុងតឺន័រ និង​ជីក​ប្រឡាយ​ចូលក្នុង​ទឹកដី​កម្ពុជា ទាំង​នៅក្នុង​តំបន់​បោះបង្គោល​ព្រំដែន ​ដែល​មាន​ការ​ឯកភាព​គ្នា និង​តំបន់​ ដែល​មិនទាន់​ឯកភាព​គ្នា រួម​ទាំង​តំបន់​ដែល​គ្មាន​ជម្លោះ ដែល​មាន​ទីតាំង​ឆ្ងាយ​ពី​តំបន់​ព្រំដែន​ជាច្រើន​គីឡូម៉ែត្រ​ទៀត​ផង៕