(អត្ថបទដោយ ទីន ហ្សាការីយ៉ា / RFA Khmer /24-11-2018)
អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​​ព្រំដែន អ្នកស្រី កុយ ពិសី បាន​អះអាង​ថា គណៈកម្មាធិការ​ព្រំដែន​កម្ពុជា និង​វៀតណាម​ បាន​បញ្ចប់​បោះ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ មណ្ឌលគិរី និង​ ខេត្ត​រតនគីរី​ ទាំងស្រុង​ហើយ។

អ្នកស្រី​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​អ្នកស្រី​កាល​ថ្ងៃ​ទី​ ២៣ វិច្ឆិកា ២០១៨ ថា ទោះបី​ជា​​បេសកកម្ម​ ​ចុះ​​បោះ​​បង្គោល​​ព្រំដែន ​កម្ពុជា-វៀតណាម នៅ​ខែត្​រ​ទាំងពីរ​​នេះ មាន​ឧបសគ្គ​​ខ្លះ​​យ៉ាងណា​ក៏ដោយ ក៏​គណៈកម្មាធិការ​ព្រំដែន បាន​​ខិតខំ​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន​ដែរ។

កន្លងមក​ក៏​មាន​ភាព​​ចម្រូងចម្រាស​គ្នា ​រវាង​​អាជ្ញាធរ​កម្ពុជា និង​​អាជ្ញាធរ​​វៀត​ណាម ក្នុង​ការ​​បោះ​​បង្គោល​​ព្រំដែន​ នៅ​ខែត្រ ​មណ្ឌលគិរី និង​ខែត្រ ​រតនគិរី ​នេះ ដោយសារ​តែ​អាជ្ញាធរ​​វៀត​ណាម បាន​ឈ្លានពាន​ចូល​មក​ទឹកដី​កម្ពុជា នៅ​តំបន់​.ស ដែល​​ជា​តំបន់​ហាម​ឃាត់។ ក្រៅ​ពី​នេះ​ទៀត ក៏​នៅ​មាន​​ខែត្រ​​ផ្សេងទៀត ដូចជា​​នៅ​ខែត្រ ​​ស្វាយរៀង និង​ខែត្រ​ ​ព្រៃវែង​ជាដើម ដែល​ពលរដ្ឋ​​កម្ពុជា​ចោទ អាជ្ញាធរ​​វៀតណាម​ ​ថាបាន​​បោះ​​បង្គោល​ព្រំដែន​ រំកិល​ចូល​​ដី​ខ្មែរ ដូចជា​ស្រែ​ចំការ​​របស់​ពួកគាត់ ដូចជា​ការ​បោះ​​បង្គោល​​ព្រំ​ដែន​ លេខ​ ១៤៧ និង ​១៤៨ ឋិត​នៅ​ស្រុក​រំដួល ខែត្រ​ស្វាយរៀង មាន​ពល​រដ្ឋ​​ជិត ១០០ ​នាក់ បាន​លើកគ្នា​​មក​​តវ៉ា​រារាំង ប៉ុន្តែ​ត្រូវ​បាន​ហាមឃាត់ និង​​គំរាមកំហែង​​ពី​អាជ្ញាធរ​​ខ្មែរ។

កម្ពុជា​-​វៀតណាម មាន​ព្រំដែន​ដីគោក​រួមគ្នា ប្រវែង​ប្រមាណ ១.២៧០ គីឡូម៉ែត្រ និង​ត្រូវ​បោះ​បង្គោល​ព្រំដែន​រួមគ្នា ចំនួន ៣១៤​ បង្គោល ដែល​គណៈកម្មាធិការ​ព្រំដែន​ នៃ​ប្រទេស​ទាំងពីរ បោះ​បង្គោល​ព្រំដែន​បាន​ជាង ៨០ ​ភាគរយ​ហើយ។

លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម ធ្លាប់​បាន​ប្ដេជ្ញា​រួមគ្នា​ថា នឹង​​បញ្ចប់​​ការ​បោះ​​បង្គោល​​​ព្រំដែន​​ឲ្យ​រួចរាល់​ នៅ​ក្នុង​ឆ្នាំ ​២០១៨ ​នេះ ដើម្បី​កសាង​​ព្រំដែន​​រួមគ្នា​​មួយ ប្រកប​​ដោយ​សន្តិភាព និង​ស្ថិរភាព។ នាយករដ្ឋមន្ត្រី​​វៀតណាម ​សន្យា​ថា នឹង​​បង្កើន​​កិច្ច​សហប្រតិបត្តិការ​​នៃ​ប្រទេស​​ទាំងពីរ ​ឲ្យ​កាន់តែ​​រឹង​មាំ​​ខ្លាំង​​ឡើង​ ក្នុង​វិស័យ​​ពាណិជ្ជកម្ម​ទេសចរណ៍។ ទំនាក់ទំនង​ការទូត និង​ជំរុញ​​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​​ដំណើរ​​ទស្សនកិច្ច​ពី​គ្រប់​វិស័យ ព្រមទាំង​​រឹតចំណង​​មិត្តភាព​ រវាង​ប្រជាពលរដ្ឋ​​កម្ពុជា និង​​វៀតណាម ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ទ្វេ​ថែមទៀត។

លោក ម៉ែន ណាត ប្រធាន​​ក្រុមប្រឹក្សាឃ្លាំ​មើល​កម្ពុជា នៅប្រទេស​ន័រវេស៍ បាន​មាន​ប្រតិកម្ម​ប្រឆាំង​ជំទាស់​ការបោះ​បង្គោល​ព្រំដែន រវាង​ប្រទេស​ទាំងពីរ ខណៈ​កម្ពុជា​មិនមានឯកភាព​ជាតិ។ ខាងក្រោមនេះ មានភ្ជាប់​វីដេអូ​បទសម្ភាសន៍ លោក មួង ណារេត ជាមួយ លោក ម៉ែន ណាត។

Advertisements