(អត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងលោក អ៊ុំ សំអាន តំណាងរាស្រ្ត / ២២ ធ្នូ ២០១៨)

ឯកសារព្រំដែន និង កោះត្រល់ (វៀតណាមហៅថា កោះហ្វូកុក)៖ អ្នកជំនាញ​ផែនទី​ខ្មែរ​ លោក ស៊ាន ប៉េងសែ អតីតរដ្ឋមន្រ្តី​​ក្រសួង​​ឧស្សាហកម្ម-រ៉ែ ក្នុង​​សម័យ​សាធារណរដ្ឋ​ខ្មែរ​ បង្ហាញ​ផ្ទាំង​ផែនទី​​សមុទ្រ​ខ្មែរ ដែល​លោក និង​ក្រុម​​អ្នកជំនាញផែនទីបារាំង បាន​ចងក្រងឡើង ក្នុងអំឡុង​ឆ្នាំ ១៩៦៥-១៩៧៣។ សូមបញ្ជាក់ថាលោក ស៊ាន ប៉េងសែ ជាប្រធាននាយកដ្ឋាន​ភោគម្ពសាស្រ្ត នៃ​ក្រសួង​​​ឧស្សា​ហកម្ម​-​រ៉ែ ក្នុងសម័យ​សង្គមរាស្រ្តនិយម របស់​សម្តេច នរោត្តម សីហនុ ដែលជាអ្នកទទួលខុសត្រូវផ្ទាល់ លើការពង្រីកខ្នាតផែនទី និងធ្វើផែន​ទី​សមុទ្រខ្មែរ ខ្នាត ១/២០០.០០០ ក្នុង​បំណង​រុករករ៉ែ​ប្រេងកាត នៅក្នុង​ផ្ទៃសមុទ្រខ្មែរ។ ហើយលោក បានក្លាយជារដ្ឋមន្រ្តី នៃក្រសួងនេះ នៅសម័យ លន់ នល់ បន្តទទួលភារៈធ្វើផែនទី​ដដែល រួចបាន​បោះពុម្ពផ្សាយ​នៅឆ្នាំ​ ១៩៧៣។

ក្រុមការងារកិច្ចការព្រំដែន កាលថ្ងៃទី២២ កុម្ភៈ ២០១៦ បានជួបពិគ្រោះយោបល់គ្នា នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្រុមការងារនេះ មានសមាសភាពពី គណៈកម្មាធិការព្រំដែនកម្ពុជា ដឹកនាំដោយលោក ស៊ាន ប៉េងសែ និងលោកបណ្ឌិតច្បាប់ ឌី ការ៉េត និង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (លោក ម៉ែន ណាត, លោក ឆាំ ឆានី ពីប្រទេសន័រវេស៍, លោកស្រី សម ទ្រី (សម សុខា) ពីអាល្លឺម៉ង និងលោក ប៉ាង សុខឿន ពីប្រទេសស៊ុយអែត) ហើយក៏មានវត្តមានសកម្មជនព្រំដែន លោក អ៊ុំ សំអាន ជាសមាជិកសភា នៃគណបក្សសង្គ្រោះជាតិ។

ក្រុមការងារ បានពិគ្រោះយោបល់គ្នា សំដែងការព្រួយបារម្ភទាំងក្នុងពេល​​បច្ចុប្បន្ន ក៏​ដូចជា​ពេល​អនាគត គឺជាហានីភ័យធ្ងន់ធ្ងរ ក្នុង​រឿងទឹកដី និង​​ព្រំដែនខ្មែរ ក្រោមការដឹកនាំរបស់​រដ្ឋាភិបាលលោក ហ៊ុន សែន ដែលមិនអាចរំដោះខ្លួនរួច ចេញគំនាបនយោនបាយ​វៀតណាម ដោយសាររបបដឹកនាំរបស់គាត់ បាន​ចុះហត្ថលេខាលើសន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ជាច្រើន ជាមួយវៀតណាម តាំងពីទសវត្សរ៍ទី៨០ មកនោះ។

លោក ស៊ាន ប៉េងសែ បាពន្យល់លំអិតពីបច្ចេកទេស នៅលើផ្ទាំងផែនទី ផ្សារ​ភ្ជាប់​ជាមួយ​ផ្ទៃដី ឬផ្ទៃទឹក អំពីសមុទ្រខ្មែរ និងប្រជុំកោះខ្មែរ រួមទាំង កោះត្រល់ (ក្រឡាផ្ទៃ ៥៧៤ គ.ម.ការេ) និង កោះក្រចកសេះ ផង។ លោក បញ្ជាក់ថា បើតាមខ្សែបន្ទាត់ប្រេវីយេ (Brévié) គឺកោះត្រល់ ត្រូវស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ប្រទេស​កម្ពុជា ពីព្រោះវា មានផ្ទៃដីខ្ពង់រាបាត​សមុទ្រ ជាប់នឹងឆ្នេរសមុទ្រខ្មែរ ខេត្តកំពត។ វាមានចម្ចាយ ១៥ គីឡូម៉ែត្រ ពី​ខេត្តកំពត ហើយ​មានចម្ងាយ ៤៥ គីឡូម៉ែត្រ ពីតំបន់ហាទៀង ប្រទេសវៀតណាម (ឬកម្ពុជាក្រោម)។

មានមតិមួយយល់ច្រឡំថា កោះត្រល់ ត្រូវបានវៀតណាម កាន់កាប់តាំងពីថ្ងៃទី ២៧ កញ្ញា ១៩៤៩ បន្ទាប់ពី​អាណានិគមបារាំង ផ្ទេរ ឬប្រគល់ទឹកដីកម្ពុជាក្រោម (ឬ ​កូសាំងស៊ីន) ទៅឲ្យ​វៀតណាម។ ហើយរដ្ឋាភិបាល​លោក ហ៊ុន សែន ក៏ខំ​និយាយតាមគេ ជាពិសេសគឺ​និយាយតាម​វៀតណាម ដើម្បីតម្រូវចិត្តរបស់វៀតណាម។

នៅក្នុងលិខិតរបស់លោក ប្រេវីយេ (Brévié) ជាអាណាព្យាបាលរបស់ បារាំង ប្រចាំ​​នៅ​ឥណ្ឌូចិន ថ្ងៃទី ៣១ មករា ១៩៣៩ ត្រូវបាន​បកប្រែ​ក្រៅផ្លូវការថា កោះត្រល់ ត្រូវបានដាក់ឲ្យ​ខាងកូសាំងស៊ីន «គ្រប់គ្រប់គ្រងខាងផ្នែករដ្ឋបាល និងប៉ូលីស»​ប៉ុណ្ណោះ ប៉ុន្តែកោះនេះ នៅ​តែ​ជាកម្មសិទ្ធិ​របស់​ខ្មែរ។ លោក ប្រេវីយេ បញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំសូមជម្រាបលោកថា ខ្ញុំទើបនឹងបាន​ពិនិត្យមើលសារ​ជាថ្មី ម្តងទៀត នៅលើចំណោមរឿងចង្កោម​កោះ ដែល​នៅក្នុង​ឈូងសមុទ្រ សៀម ដែលមាន​​ការទាស់ទែងគ្នា រវាងប្រទេស​កម្ពុជា និង កូសាំងស៊ីន។ ស្ថានភាពនៃ ចង្កោមកោះនេះ ដែលមានរាយ នៅតាមបណ្តោយ ឆ្នេរសមុទ្រខ្មែរ ហើយ​ដែល​មានខ្លះ ស្ថិត​នៅ​សែនជិត​ឆ្នេរសមុទ្រ របស់ខ្មែរ ដែលដី(ល្បាប់) ដែល​កំពុងដុះ និងចេះតែបន្តដុះនេះ នឹងភ្ជាប់កោះទំាងនេះ ទៅនឹងឆ្នេរសមុទ្រ របស់ប្រទេស​កម្ពុជា ក្នុង រយៈពេលដ៏ខ្លីខាង​មុខ។ តាមការសមហេតុសមផល និង តាមរបៀប​ភោគម្ពសាស្រ្ត ជាការចាំបាច់ ត្រូវ​តែ​ដាក់កោះទំាងនេះ ឲ្យនៅក្រោមការត្រួតត្រា នៃរាជការ​ប្រទេសកម្ពុជា»

លោក ស៊ាន ប៉េងសែ បានស្តីបន្ទោសលោក ហ៊ុន សែន ថា«មិនចេះស្រឡាញ់ជាតិ» បានកាត់​កង​ខ្សែបន្ទាត់ព្រំដែន និងដែនសមុទ្រមួយភាគ ទៅឲ្យវៀតណាម។ លោក ប៉េងសែ បញ្ជាក់ថា កោះត្រល់ ត្រូវបានវៀតណាម ចាប់ផ្តើមកាន់កាប់ បន្ទាប់ពីមានសន្ធិសញ្ញា ឬ ​កិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២ (ថ្ងៃទី ៧ ខែកក្កដា ១៩៨២) ធ្វើឡើងក្នុងសម័យ វៀតណាម ត្រួតត្រាកម្ពុជា។ កាល​នោះ​លោក ហ៊ុន សែន ជារដ្ឋមន្រី្តក្រសួងការបរទេស នៃសាធារណរដ្ឋ​ប្រជាមានិតកម្ពុជា ដែលត្រូវបានលើកបន្តុបដោយ​វៀតណាម។

សន្ធិសញ្ញាដែនទឹក ១៩៨២ និង សន្ធិសញ្ញាព្រំដែនគោក ១៩៨៥ ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន បន្តអនុវត្តដដែល ហើយនៅឆ្នាំ ២០០៥ លោក ហ៊ុន សែន និងវៀតណាម បានផ្តល់សច្ចាប័នរួមគ្នា ​លើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមថ្មី (សន្ធិសញ្ញាព្រំដែនគោក) បើទោះជាវាខុសច្បាប់ក៏ដោយ។ សន្ធិសញ្ញាព្រំដែនទាំងនេះ វាផ្ទុយនឹងមាត្រា១​ ចំណុច ២.ឃ​ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១, វាផ្ទុយពីមាត្រា២ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។

បញ្ជាក់៖ លោក ស៊ាន ប៉េងសែ កើតនៅថ្ងៃទី ០១ មករា ១៩៣៦ ហើយទទួលមរណភាព​ថ្ងៃ​ទី ​២៣ មករា ២០១៨ នៅក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៨២ ឆ្នាំ។ លោក មានស្រុកកំណើតនៅ​ ​ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។

……………………
ឯកសារភ្ជាប់៖ លោក ប្រេវីយេ អះអាងថា កោះត្រល់ ជាកោះរបស់ខ្មែរ៖
តាម​លិខិតស្នើសុំ និងសេចក្តីសម្រេច លោកអគ្គទេសាភិបាល​ឥណ្ឌូចិន ឈ្មោះ ប្រេវីយេ (BREVIE) នៅហាណូយ ដែលផ្ញើទៅ លោក ទេសាភិបាល កូសាំងស៊ីន ចុះថ្ងៃទី​៣១ ខែមករា ឆ្នាំ១៩៣៩ លោក បានសរសេរ ដូចខាងក្រោមថា៖
ខ្ញុំសូមជម្រាបលោកថា ខ្ញុំទើបនឹងបានពិនិត្យមើលសារជាថ្មី ម្តងទៀត នៅ​លើ​ចំណោម​រឿង​ចង្កោម​កោះ ដែលនៅក្នុងឈូងសមុទ្រ សៀម ដែលមានការទាស់ទែងគ្នា រវាងប្រទេសកម្ពុជា និងកូសាំងស៊ីន។
ស្ថានភាព​នៃ​ចង្កោម​កោះ​នេះ ដែលមានរាយ នៅ​តាម​បណ្តោយ ឆ្នេរសមុទ្រខ្មែរ ហើយ​ដែល​មាន​ខ្លះ ស្ថិតនៅ​សែនជិតឆ្នេរសមុទ្រ របស់ខ្មែរ ដែលដី(ល្បាប់) ដែលកំពុងដុះ និងចេះតែបន្តដុះនេះ នឹងភ្ជាប់កោះទំាងនេះ ទៅនឹងឆ្នេរសមុទ្រ របស់ប្រទេសកម្ពុជា ក្នុង រយៈពេលដ៏ខ្លីខាងមុខនេះ។ តាមការសមហេតុសមផល និង តាមរបៀបភោគម្ពសាស្រ្ត ជាការចាំបាច់ ត្រូវតែដាក់កោះទំាងនេះ ឲ្យនៅក្រោមការត្រួតត្រា នៃរាជការ​ប្រទេសកម្ពុជា។
ខ្ញុំមិនអាចនឹងទុកស្ថានភាព ដែលមានសព្វថ្ងៃនេះ ដែលបង្ខំឲ្យ ប្រជាពលរដ្ឋ ដែល​រស់​នៅ​លើ​កោះ​ទាំងនេះ បង្ខំចិត្ត ឬមួយ ឆ្លង កាត់សមុទ្រយ៉ាងឆ្ងាយ ឬមួយ​ត្រូវ​វាងកាត់តាមទឹកដី​ប្រទេស កម្ពុជា ដើម្បីទៅទាក់ទង​នឹងរដ្ឋការ​កូសាំងស៊ីន បន្តទៅមុខទៀត​បាន នោះទេ។
ហេតុនេះ ខ្ញុំសម្រេចថា កោះទំាងឡាយណា ដែលនៅខាងជើងខ្សែ បន្ទាត់មួយ ដែល​​កាត់​កែង នឹង​ឆ្នេរសមុទ្រ គិត​ពី​ចំណុច​​ព្រំប្រទល់ រវាងប្រទេស​កម្ពុជា និង កូសំាងស៊ីន ហើយដែល​​មានមុំ ១៤០ អង្សារ ជាមួយ​​​​នឹងភាគ​ខាង​ជើង នៃ​ខ្សែវណ្ឌ ដូច​មានក្នុង​​ផែនទី ដែល មាន​ភ្ជាប់​មក​​ជាមួយនេះ ចាប់ពីថ្ងៃនេះតទៅ នឹង​ត្រូវគ្រប់គ្រង ដោយ​ប្រទេសកម្ពុជា។ រដ្ឋការ​​​អាណាព្យាបាល​ មាន​ភារកិច្ច​ជាពិសេស នៅ​ក្នុង​ផ្នែកប៉ូលីស នៅ​លើ​កោះទំាងនេះ។
កោះ​ទំាងឡាយ ដែល​ស្ថិត​នៅ​ខាងត្បូង ខ្សែបន្ទាត់នេះ សរុបទំាង កោះហ្វូកុក​ ​ទំាង​​មូល ត្រូវ​នៅ​ក្រោម​​ការគ្រប់គ្រងរបស់ កូសាំងស៊ីន តទៅទៀត។ ត្រូវដឹងថា ខ្សែបន្ទាត់​ខណ្ឌ​សីមា ដែល​​​បាន​កំណត់នេះ ព័ទ្ធកោះហ្វូកុក តាមភាគ​​ខាងជើង ដោយ​​​នៅចម្ងាយ ៣ គីឡូម៉ែត្រ ពីចំណុច​​នានា ដែល​នៅ​ខាងជើង​បំផុត នៃកោះនេះ។ ការធ្វើរបៀបនេះ អំណាចរដ្ឋបាល និងអំណាចប៉ូលីស នៅលើកោះទំាងអស់នេះ នឹង​ត្រូវ​ចែក​យ៉ាង​ដាច់ពីគ្នា រវាង​កូសាំងស៊ីន និង ប្រទេសកម្ពុជា ដើម្បីចៀសវាង​ការទាស់​ទែង​គ្នា ទៅអនាគត។ ក៏ប៉ុន្តែ នេះគ្រាន់តែជាការគ្រប់គ្រងផ្នែករដ្ឋបាល និង​ប៉ូលីសប៉ុណ្ណោះ ចំណែក​​បញ្ហា​អនិស្សរភាព (ក្រោមចំណុះ) (De pendanco) នៃដែនដី នៃកោះទំាងនេះ នៅទុក​ដោយឡែកដដែល
សូមលោក ចាត់វិធានការណ៍ ដើម្បីឲ្យការសម្រេច​​របស់ខ្ញុំនេះ ចូល​ជាធរមាន​ដោយប្រញាប់។

(ហត្ថលេខា)
ប្រេវីយេ (Jules Brévié)
……………………