សេចក្តីថ្លែងការណ៍​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា
ខួប ៤០ឆ្នាំនៃ​របប ហ៊ុន សែន ក្នុងទិវាថ្ងៃ ៧ មករា ជាការរំលឹកដល់​​វៀតណាម ឈ្លានពានកម្ពុជា កោះត្រល់ បូរណភាពទឹកដី និង​ការហូរ​ចូល​យួន​អន្តោប្រវេសន៍​ខុសច្បាប់

ខណៈកម្ពុជា កំពុងមានវិបត្តិរដ្ឋធម្មនុញ្ញ, កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ត្រូវ​បាន​រំលោភ​បំពាន​ធ្ងន់ធ្ងរ, ការ​រំលាយ​បក្ស​ប្រឆាំង និង​ចាប់​ឃុំឃាំង​ លោក កឹម សុខា ជា​មេដឹកនាំ​បក្ស​ប្រឆាំង​យ៉ាង​អយុត្តិធម៌ នោះ​របប ហ៊ុន សែន បែរ​ជា​ខិតខំ​រំលឹកខួប ៤០ ឆ្នាំ​រួមគ្នាជាមួយ វៀតណាម ហៅថា​ទិវា ៧ មករា យ៉ាង​សប្បាយ ភ្ជាប់​ជាមួយ​គុណបំណាច និងសមិទ្ធផល​នានា​ ដែល​វៀតណាម​ជួយ​លើក​បន្តុប​ក្រុម​ខ្មែរក្រហមថ្មី រួម​មាន​លោក ហេង សំរិន និងលោក ហ៊ុន សែន ជាដើម ដែល​មានចំណេះដឹង​បន្តិច​បន្តួច ឡើង​កាន់​អំណាច រហូត​មកទល់​សព្វថ្ងៃ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមចាត់ទុកថា ទិវា ៧ មករា មិន​មែន​ជាថ្ងៃ​កំណើត​ទី២ ដូច​ការអះអាង​របស់​របប ហ៊ុន សែន និង​គណបក្សប្រជាជន​កម្ពុជា​ទេ។ ថ្ងៃទី ៧ មករា ១៩៧៩ គឺថ្ងៃ​ដែល​វៀតណាម ចូល​មក​ឈ្លានពាន និង​កាន់កាប់​កម្ពុជា ១០ ឆ្នាំ​ដោយ​កម្លាំងយោធា​វៀត​ណាម ដែល​វាផ្ទុយច្បាប់ និង​ប្រូតូកូល​អន្តរជាតិ។ ជាមួយ​គ្នានោះ វៀតណាម បាន​បញ្ជួន​ពលរដ្ឋ​របស់ខ្លួន ឲ្យមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា រាប់លាននាក់ ដែល​យើង​នៅ​តែចាត់​ថា «ជានិគម​ជន​យួន​ខុសច្បាប់ នៅកម្ពុជា» មកទល់​បច្ចុប្បន្ន។ (សូម​អាន ច្បាប់ស្តីពីអន្តោប្រវេសន៍ ១៩៩៤ និងសូមអាន ច្បាប់ស្តីពីសញ្ជាតិ ១៩៩៦)

ក្នុងអំឡុងពេលវៀតណាម ត្រួតត្រា​កម្ពុជា ១០ឆ្នាំ (១៩៧៩-១៩៨៩) ត្រូវ​​បាន​​អង្គការ​​​សហ​ប្រជា​​ជាតិ (UN) និង​សហគមន៍​អន្តរជាតិ​នានា ចាត់ទុកថា «វៀតណាម ឈ្លាន​ពានប្រទេស​កម្ពុជា» ផង​ដែរ។ ពេលនោះ វៀតណាម បានបង្ខំឲ្យរបប ហ៊ុន សែន ធ្វើនៅ​សន្ឋិសញ្ញា កិច្ចព្រម​ព្រៀង និងឯកសារ​ខុសច្បាប់​ជាច្រើន ដើម្បី​បំពេញម​ហិច្ឆតា​ឈ្លាន​ពាន​កម្ពុជា ដូច​ជា​ព្រំដែនទឹក, ការកំណត់​ព្រំដែន​គោក​ជាថ្មី និង​ប្រជុំ កោះត្រល់ ផង​ទៀត។

សន្ធិសញ្ញាស្តីពីមិត្តភាព និងសហប្រតិបត្តិការ​រវាង​កម្ពុជា–វៀតណាម ថ្ងៃ ១៨ កម្ភៈ ឆ្នាំ​១៩៧៩ ចុះ​ហត្ថលេខា​ដោយ លោក ហេង សំរិន និង​សារាចរ​ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បាន​ផ្តល់សិទ្ធិ និង​ជួយ​ការពារពលរដ្ឋ​វៀតណាម​ខុសច្បាប់ នៅ​កម្ពុជា (សូម​អាន​លំអិត សារាចរណ៍​ណែនាំ ហ៊ុន សែន ១៩៨៦) ។ ម៉្ល៉ោះ​ហើយ មេដឹកនាំ​វៀតណាម រំលឹក​របប ហ៊ុន សែន ជាហូរហែរ ឲ្យជួយ​ការពារ និង​ជួយ​សម្រួល​ដល់ «យួន​ខុសច្បាប់»​ នៅ​​កម្ពុជា​សព្វថ្ងៃ នៅតែ​បន្ត​រស់នៅ​ស្រុកខ្មែរ ដោយ​សេរី និង​បង្កផល​វិបាក​សង្គម​ខ្មែរ​ផង។

សន្ធិសញ្ញាព្រំដែនទឹកប្រវត្តិសាស្រ្ត ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ១៩៨២ ដែល​ចុះហត្ថេលខា​ដោយលោក ហ៊ុន សែន និង ង្វៀង កូថាច់ បាន​ធ្វើឲ្យ វៀតណាម កាន់​កាប់​ប្រជុំ កោះត្រល់ មក​ទល់​សព្វថ្ងៃនេះ។ (សូម​ទាញ​យក​ឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ «ដើម» ឬ​ទាញ​យក​ឯកសារ កិច្ចព្រមព្រៀង​តំបន់ទឹក​ប្រវត្តិសាស្រ្ត ១៩៨២ «ចម្លង»)។

សន្ធិសញ្ញាព្រំដែនគោក រវាកម្ពុជា–វៀតណាម ឆ្នាំ​១៩៨៣, ឆ្នាំ​១៩៨៥ និងឆ្នាំ​២០០៥ ដែលធ្វើ​ឡើង​ដោយ​លោក ហ៊ុន សែន និង វៀតណាម សុទ្ធតែ​ធ្វើ​ឲ្យ​កម្ពុជា បាត់​បង់​បូរណភាព​ទឹកដី ទៅ​ខាង​វៀតណាម។ ជាក់ស្តែង តាំងពីពេល​ប្រទេស​ទាំង ២ បោះ​បង្គោល​កំណត់​ព្រំដែន​ថ្មី (ពីឆ្នាំ ២០០៦-បច្ចុ្បន្ន) បាន​ធ្វើ​ឲ្យ​ពលរដ្ឋខ្មែរ តាម​បណ្តោយ​ព្រំដែន បាត់​បង់ដីស្រែ​ចំការ​របស់ខ្លួន សូម្បី​តែ​ភូមិកំណើត​របស់​លោក ហេង សំរិន ប្រធានរដ្ឋសភា នៃ​របប ហ៊ុន សែន នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​ដោះដូរ ឲ្យទៅ​វៀតណាម ដោយ​យក​ដីធ្លី​អ្នក​ភូមិខ្មែរ ២ ទៀត នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ទៅដោះដូរ ឬហៅថា «យក​ភូមិ​ខ្មែរ ដោះ​ដូរ​ទៅ​ឲ្យយួន»។

ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា សូមទទូចអំពាវនាវ​ឲ្យរបប ហ៊ុន សែន ត្រូវ​វិល​មក​អនុវត្ត​រដ្ឋធម្មនុញ្ញា និង​ដើរ​តាម​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​ជាបន្ទាន់ ដោយ ៖

1. ត្រូវដោះលែង លោក កឹម សុខា ដោយ​គ្មានលក្ខខណ្ឌ និង​ផ្តល់​នីតិសម្បទា​ដល់​គណ​បក្ស​សង្គ្រោះ​ជាតិ ហើយ​និង​មន្រ្តី​គណបក្សនេះ ១១៨ រូប​ឡើង​វិញ​ដោយ​ឥត​លក្ខខណ្ឌ។
2. ត្រូវលុបចោសន្ធិសញ្ញា​ព្រំដែន​គោក ព្រំដែនទឹក និង​កិច្ចព្រមព្រៀង​នានា ជាមួយ ​វៀត​ណាម ដែល​ផ្លុយ​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ១៩៩១។ 
3. ត្រូវប្តឹងសើរើទាមទារ កោះត្រល់ និងទឹកដី​ដែល​បាត់​បង់ មក​ជូន​ពលរដ្ឋ​កម្ពុជា​វិញ តាម​រយៈ​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស និង តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)។

ម៉ែន ណាត
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា 
(ប្រទេស ន័រវេស៍ ថ្ងៃទី ៦ មករា ២០១៩)

Advertisements