(អត្ថបទដោយ ម៉ែន ណាត /CWCI Cambodia /15-6-2019)
លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិ (CNRP) និង​ជាសកម្មជន​​ព្រំដែន​ផង សំដែងក្តីព្រួយបារម្ភ​ជាថ្មី ចំពោះរបប ហ៊ុន សែន បន្ត​សាង​សង់​ស្តូបអនុស្សាវរីយ៍​​វៀតណាម-កម្ពុជា នៅតាមខេត្ត​ក្រុងនានា ក្នុង​ប្រទេស​កម្ពុជា ដូច​កាល​ពី​ទសវត្ស​ទី៨០ ក្នុង​​សម័យ​​វៀតណាម ត្រួតត្រា​ប្រទេស​កម្ពុជា។

នៅលើបណ្តាញសង្គម លោក អ៊ុំ សំអាន បានសរសេរអត្ថបទ ២ ផ្សេងគ្នា ដែលភ្ជាប់ជាមួយរូបថតមួយចំនួន បង្ហាញអំពីស្តូបវៀតណាម ដែល​ត្រូវ​បាន​សាង​សង់​នៅ​ខេត្ត​សៀមរាប និង​​ខេត្ត​​បន្ទាយមានជ័យ។

អត្ថបទរបស់​លោក អ៊ុំ សំអាន មានខ្លឺមសារថា «ស្តូបយួន មានមួយបន្ថែមទៀតហើយ នៅខេត្តសៀមរាប កំពុងតែសាងសង់ នៅម្តុំផ្លូវ ៦០ ម៉ែត្រ តំបន់នោះគេហៅថា ដី ហ៊ុន ម៉ាណែតមានគ្រប់ខេត្ត រាជធានី ហើយបងប្អូន! គេអាច​​នឹង​​សាង​សង់​​ស្តូបនេះ ដល់គ្រប់ស្រុក ឃុំ និងភូមិ ទៀតនៅពេលអនាគត។ ដំណើរឆ្ពោះមកទិសខាងលិច របស់ ហូ ជីមិញ ជិតបានសម្រេចហើយ ព្រោះមេដឹកនាំខ្មែរ {ហ៊ុន សែន, ហេង សំរិន} ជួយវៀតណាម ក្នុងការអនុវត្តផែនការរបស់ ហូ ជីមិញ នេះ»។ 

លោក សំអាន បន្តទៀតថា «ស្តូបយួន មាននៅខេត្តបន្ទាយមានជ័យ ផង ​និងមានគ្រប់ខេត្ត រាជធានី ហើយបងប្អូន! ល្មមភ្ញាក់ខ្លួនហើយ! កុំឲ្យហួសពេល​ ដូចកម្ពុជាក្រោម! ថាសម័យ​ទសវត្ស​ទី​៨០ យួន​គ្រប់គ្រង​កម្ពុជាទៅ ទើបសាងសង់ស្តូបយួន នៅកម្ពុជា! ចុះបច្ចុប្បន្ន ហេតុអីក៏នៅសាងសង់ ស្តូបយួន ទៀត ?»

ការព្រួយបារម្ភរបស់លោក អ៊ុំ សំអាន ដូចបានលើកឡើងនេះ គឺជាការដាស់តឿនស្មារតីពលរដ្ឋខ្មែរ ឲ្យភ្ញាក់រលឹក និងចេះយកចិត្តទុកដាក់ចំពោះរឿងស្រុកទេស រឿងជាតិ និងរឿងទឹកដីខ្មែរ ដែលប្រឈមនឹងហានីភ័យខ្ពស់ ដោយសារតែរបបដឹកនាំក្រុងភ្នំពេញ​​សព្វថ្ងៃ​​របស់ ហ៊ុន សែន នៅជាប់ជំពាក់​គុណ​យួន ដោះដៃមិនរួច។

ក្រៅពីវៀតណាម សព្វថ្ងៃនេះនៅមានប្រទេស​ចិន ផងដែរ ចូលត្រួតត្រា​សេដ្ឋកិច្ច​ខ្មែរ តាមរយៈ​ការផ្តល់ប្រាក់កម្ចីជាង ៤៦០០ លានដុល្លារ ដល់កម្ពុជា បើគិតមក​ទល់ដំណាច់ឆ្នាំ២០១៨។ ខេត្តព្រះសីហនុ និង កោះកុង កំពុងតែធ្លាក់ចូលក្នុងអន្ទាក់បំណុលរបស់ចិន ជាបណ្តើរៗ ខណៈពេលរបប ហ៊ុន សែន គ្មាន​លុយ​សង​បំណុល​ចិន និង​ត្រូវការ​ចិន ជួយគាំទ្រ​ផ្នែក​នយោបាយ បន្ទាប់ពីរបបនេះ រំលាយចោលរចនាសម្ព័ន្ធគណបក្សប្រឆំាំង និងចាប់ខ្លួ​ន​ប្រធាន​បក្សប្រឆាំង លោក កឹម សុខា ដាក់ពន្ធនាគារ កាលពីចុងឆ្នាំ​២០១៧ បើទោះបី​អឺរ៉ុប អាមេរិក និង​អង្គការសហប្រជាជាតិ ថ្កោលទោសយ៉ាងណាក្តី៕