ចន្លោះឆ្នាំ​២០០០ ដល់ឆ្នាំ​២០១៤ ពលរដ្ឋខ្មែរប្រមាណ ៧៧០.០០០ នាក់ ក្នុង​ចំណោម​ពលរដ្ឋ​សរុប ១៥ លាន​នាក់ ដែល​ទទួល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ក្នុង​រឿងទំនាស់​ដីធ្លី និង​ទទួលរងការបណ្តេញ​ចេញ​ពីភូមិករ ពី​សំណាក់​អាជ្ញាធរ និង​អ្នកមានអំណាច នៃ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ។ នេះបើតាម​ឯកសារ​របស់មេធាវី​សិទ្ធិមនុស្ស​អន្តរជាតិ លោក Richard Rogers នៃ​តុលាការ​ឧក្រិដ្ឋអន្តរជាតិ (ICC)។

សកម្មជនដីធ្លីមួយចំនួន ត្រូវ​បាន​ចាប់​ដាក់​ឃុំឃាំង ក្រោយ​ពីពួកគេ តវ៉ា​​ការពារ​​ដីធ្លី​​របស់​ខ្លួន។ ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ក្រុមសកម្មជន ត្រូវបាន​ដោះលែង​នៅ​ក្រៅឃុំ ប៉ុន្តែ​ពួកគេ នៅ​តែជាប់​បណ្តឹង​របស់តុលាការ។

អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីពី​តំបន់បឹងកក់ ក្នុងទីក្រុង​ភ្នំពេញ ត្រូវបាន​ចាប់ខ្លួន​ជាថ្មី ដាក់​ព័ន្ធនាគារ កាល​ពីដើមឆ្នាំ ​២០១៧ ហើយ​ត្រូវបានដោះលែង​វិញ នៅ​ថ្ងៃទី ២០ សីហា ២០១៨ រួចម​កលោកស្រី បាន​ទៅរស់​នៅ​សហរដ្ឋ​អាមេរិក មកទល់សព្វថ្ងៃ។

ក្រុមឈ្មួញដីធ្លីធំៗ សុទ្ធតែជិតស្និទ្ធនឹង ក្រុមគ្រួសារនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​មានលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន និង​កូនស្រី ហ៊ុន ម៉ាណា ជាអ្នកក្តោប​ក្តាប់​សេដ្ឋកិច្ច​កម្ពុជា ក្រោម​របាំង​ខុសច្បាប់ ការរំលោភ​សិទ្ធិមនុស្ស និង​ពាក់ការ​បណ្តេញ​ពលរដ្ឋ ចេញ​ពីលំនៅឋាន​ផង។ នេះបើតាម​របាយការណ៍​អង្គការ Global Witness 2016។

ក្រុមឈ្មួញដីធ្លីធំៗទាំងនោះ រួមមាន ៖

  • លោក ពុង ឃាវសែ ម្ចាស់មជ្ឈមណ្ឌល កោះពេជ្រ និង តំបន់ត្រើយខាងកើត ជ្រោយចង្វារ ភ្នំពេញ។
  • លោកស្រី ស៊ុយ សុផាន ហៅ យាយផាន កាន់កាប់តំបន់ បុរីកីឡា ភ្នំពេញ និង ដីធ្លីជាច្រើកន្លែងទៀត។
  • លោកស្រី ជឹង សុភាព ហៅ យាយភូ និងស្វាម៉ី លោក ឡៅ ម៉េងឃិន (សមាជិកព្រឹទ្ធសភា បក្សកាន់អំណាច) កាន់កាប់តំបន់បឹងកក់ ភ្នំពេញ និង តំបន់ជាច្រើនទៀត។
  • លោក គិតំម៉េង ម្ចាស់ភាគហ៊ុន នៃក្រុមហ៊ុនវារីអគ្គីសនី ទំនប់សេសានពីរ ខេត្តស្ទឹងត្រែង បានបណ្តេញពលរដ្ឋ ពីលំនៅដ្ឋាន នៅខាងក្រោមខ្សែទឹក នៃទំនប់នោះ។
  • លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា នៃបក្សកាន់អំណាច កាន់កាប់ដីធ្លីមួយភាគ ធ្វើក្រុមហ៊ុនស្ករអំពៅ នៅខេត្តកោះកុង និង កំពង់ស្ពឺ។
  • លោក ម៉ែន សារុន កាន់កាប់ដីកសិកម្ម តំបន់ព្រំដែន ខ្មែរ-យួន ជាពិសេសនៅស្រុកមេត់ ត្បូងឃ្មុំ ហើយនិងការជួលដីព្រំដែនខ្មែរ ឲ្យទៅ យួន ធ្វើកសិកម្ម ដែលនៅតែរំលោភសេចក្តីប្រកាស របស់រដ្ឋាភបាល ឆ្នាំ២០១៥ «ហាមការលក់ ការជួលដីធ្លី នៅព្រំដែន ទៅឲ្យបរទេស»។ល។
  • ក្រុមហ៊ុនបុរី ប៉េងហួត និង ហុង ពាវ ក្តោបក្តាប់ដីធ្លីតំបន់ជាយក្រុងភ្នំពេញ សាងសង់ផ្ទះល្វេង និង បូរីថ្មីៗរាប់ភ្លេច ។ល។និង។ល។

(អត្ថបទដោយលោក ម៉ែន ណាត /Updated 20-9-2019)

homes-in-Apsara

អាជ្ញាធរ​អប្សរា​ បន្ត​រុះរើ​សំណង់​ខុស​ច្បាប់​​បាន​ ៤៩​កន្លែង ដោយ​គ្មាន​សំណង ទោះបី​ពលរដ្ឋ បង្ហាញ​លិខិតអនុញ្ញាត​​សាងសង់

ដោយ សទ្ធ គឹមសឿន, Phnom Penh Post, 14-8-2017
ភ្នំពេញ៖ សំណង់​ចំនួន​ ៤៩ ​កន្លែង​ក្នុង​ចំណោម​សរុប​ ៥២០ ​កន្លែង​ដែល​បាន​សាងសង់​ រំលោភ​លើ​ដី​រមណីយដ្ឋាន​អង្គរវត្ត ​បាន​រុះរើ​រួច​ក្នុង​រយៈពេល​ ៣ ថ្ងៃ ​ដែល​កម្លាំង​អាជ្ញាធរ​អប្សរា និង​សមត្ថកិច្ច​ចម្រុះ​ នៃ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​សៀមរាប ​បាន​បើក​ប្រតិបតិ្តការ​ កាលពី​សប្ដាហ៍​មុន ហើយ​ក្នុង​ប្រតិបតិ្តការ​នេះ ​មិន​ទាន់​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា ​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ ជា​ម្ចាស់​សំណង់​នោះ​ទេ​។

កាលពី​ថ្ងៃ​ទី​ ១ ខែ​សីហា អាជ្ញាធរ​អប្សរា​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​ដោយ​ខ្លួនឯង ហើយ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន ​បាន​ស្ម័គ្រចិត្ត​រុះរើ​ដោយ​​ខ្លួនឯង និង​មួយ​ចំនួន​ទៀត​ មិន​ទាន់​រុះរើ​តាម​ការ​ជូន​ដំណឹង​ ទើប​រដ្ឋបាល​ខេត្ត​សៀមរាប និង​អាជ្ញាធរ​អប្សរា​ចុះ​មក​រុះរើ​ដោយ​ផ្ទាល់​ ជាមួយ​នឹង​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់ និង​រថយន្ត​បាញ់​ទឹក និង​រថយន្ត​សារ៉ែន​ជាច្រើន​គ្រឿង​ផង​ដែរ​។

លោក ឡុង កុសល់ ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ ​អាជ្ញាធរ​ជាតិ​អប្សរា ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សំណង់ ​បាន​សាងសង់​រំលោភ​លើ​ ដី​រមណីយដ្ឋាន​អង្គរវត្ត​ ក្នុង​អំឡុង​ពេល​មុន និង​ក្រោយ​ពេល​នៃ ​យុទ្ធនាការ​បោះឆ្នោត​សរុប​ចំនួន ៥២០ កន្លែង​ក្នុង​នោះ​អាជ្ញាធរ​បាន​រុះរើ​ផ្ទះ និង​សំណង់​ខុសច្បាប់​បាន ៤៩ ​កន្លែង និង​ពលរដ្ឋ​បាន​ស្ម័គ្រ​ចិត្ត​រុះរើ​ដោយ​ខ្លួនឯង ​មាន​ចំនួន​ប្រហែល​ជិត ៥០ ​កន្លែង​ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​ ១០ ដល់ ១៣ ខែ​សីហា​។

លោក​បន្ត​ថា​អាជ្ញាធរ ​បាន​ធ្វើការ​រុះរើ​សំណង់​ខុស​ច្បាប់​ ទាំង​នេះ​មាន ៣ គោលដៅ​ធំៗ​ រួម​មាន​ស្រុក​ប្រាសាទ​​បាគង ស្រុក​អង្គរធំ និង​ក្រុង​សៀមរាប (​មុខ​ប្រាសាទ​បន្ទាយក្តី​) ហើយ ២ គោលដៅ​ទៀត​នឹង​បន្ដ​នៅ​ពេល​ក្រោយ​គឺ​នៅ​ស្រុក​ពួក និង​ស្រុក​ប្រាសាទ​បន្ទាយស្រី​។

លោក​ថា​៖ «​នេះ​គឺជា​លេស​របស់​ពួកគាត់​ ក្នុង​ការ​ឆ្លៀត​ឱកាស​ អំឡុង​ពេល​បោះឆ្នោត​ឆ្នាំ ២០១៧-២០១៨ នេះ អាជ្ញាធរ​អប្សរា​ តែងតែ​បញ្ជូន​មន្ត្រី​របស់​ខ្លួន ​ទៅ​នាំ​ពួកគាត់​ជា​ប្រចាំ​ដែរ ប៉ុន្ដែ​ពួកគាត់​មិន​បាន​យក​ចិត្ត​ទុកដាក់​ព្រម​ទាំង​បាន​ជឿ​លើ​សម្ដី ​ភូតកុហក​របស់​ជាង​ផ្ទះ ឬ​ជាង​សំណង់​មួយ​ចំនួន​។ អាជ្ញាធរ​​អប្សរា​ មិន​ដែល​ប្រកាស​ថា​កន្លែង​នេះ ឬ​កន្លែង​នោះ​អាច​សាងសង់​បាន​នោះ​ទេ​»​។

លោក​បញ្ជាក់​ថា​សំណង់ ឬ​ផ្ទះ​ដែល​សង់​ពី​ឆ្នាំ​ ១៩៨០ រហូត​មក​ដល់​ពេល​នេះ​ វា​មិនមែន​ជា​ប្រធានបទ​នៃ​យុទ្ធនាការ​រុះរើ​នេះ​ទេ​។ កន្លង​មក​អ្នក​សាងសង់ សំណង់​ខុស​ច្បាប់​ទាំង​នេះ​ ភាគច្រើន​ពួកគាត់​មិន​មែន​សាងសង់​ ក្នុង​បំណង​រស់​នៅ​ទេ ប៉ុន្ដែ​ពួកគាត់​សាងសង់​ ក្នុង​បំណង​ចាប់​យក​ដី ឬ​ចាប់​យក​ទីតាំង​ទុក​ប្រើប្រាស់​ផ្សេងៗ​ទៀត និង​មួយ​ចំនួន​ ជឿ​លើ​អ្នក​ញុះញុង់​ ដូចជា​អ្នក​ម៉ៅការ​សាងសង់​សំណង់ ប៉ុន្ដែ​អាជ្ញាធរ​មិន​បាន​ចូលរួម​បិទ​បាំង​នៃ​ ការ​សាងសង់​ល្មើសច្បាប់​នេះ​ទេ​។

លោក ពេជ្រ ស្រួច ប្រជាពលរដ្ឋ​នៅ​សង្កាត់​នគរធំ​ ដែល​រង​នូវ​ការ​រុះរើ​ផ្ទះ​នេះ ​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ​បាទ​គ្រាន់តែ​សាងសង់​ផ្ទះ​នៅ​ទេ មិនមែន​ធ្វើ​រឿង​ខុស​ច្បាប់​អ្វី​នោះ​ទេ បើ​រើ​ផ្ទះ​ខ្ញុំ ខ្ញុំ​មិន​ដឹង​ទៅ​ណា​ទៀត​ទេ​។ បើ​នៅ​ក្បែរ​ប្រាសាទ​អង្គរ​ទៅ​ ខ្ញុំ​មិន​ថា​ទេ តែ​នេះ​គឺ​ឆ្ងាយ​ដល់​ទៅ​ជិត ១០ ​គីឡូម៉ែត​ (​តំបន់​ ២)»​។

លោក សូ ណារិន មន្ត្រី​សម្រប​សម្រួល​នៃ​ អង្គការ​អាដហុក​ ខេត្ត​សៀមរាប​បាន​យល់​ឃើញ​ថា​៖ «​ការ​អនុវត្ត​​រុះរើ​ផ្ទះ​ពលរដ្ឋ​នេះ ​នៅ​មិន​ទាន់​ស្មើភាព​គ្នា​នៅ​ឡើយ​ទេ ដោយ​មិន​បាន​អនុវត្ត​ច្បាប់​ ព្រម​គ្នា​»​។

ក្រុម​គណៈកម្មការ​ចម្រុះ​ ក៏​អំពាវនាវ​ដល់​ប្រជាជន​ ឲ្យ​ស្ម័គ្រចិត្ត​ក្នុង​ការ​រុះរើ​​សំណង់​ខុស​ច្បាប់ និង​ចូលរួម​សហការ ​ជាមួយ​ក្រុម​ការងារ​ជា​បន្ត​ទៀត ​ចៀសវាង​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ និង​ផលប្រយោជន៍​ របស់​បងប្អូន​ទៀត​ផង​៕

.

Advertisements