អត្ថបទនេះ ត្រូវបានដកស្រង់អំពីការផ្សាយរបស់ វិទ្យុអាស៊ីសេរី ថ្ងៃទី០៦ ខែមីនា ឆ្នាំ​២០១៣ ដែលរាយការណ៍ដោយលោក តាំង សារ៉ាដា។ រហូតមកដល់ឆ្នាំ២០១៩ នេះ ឆ្នាំទៅមុខ​ទៀត របបលោក ហ៊ុន សែន នៅតែមិនអាចរំដោះខ្លួនចេញពីឥទ្ធិពលនយោបាយត្រួតត្រា របស់វៀតណាមបានទេ។ បញ្ហាព្រំដែន នៅតែជារឿងចម្រូងចម្រាស់ដដែល បើទោះបី​របបលោក ហ៊ុន សែន បានព្រមព្រៀងជាមួយ វៀតណាម បោះបង្គោលរួច ៨៤% ហើយ ដែលបានរំលោភរដ្ឋធម្មនុញ្ញ និងរំលោភកិច្ចព្រមព្រៀងក្រុងប៉ារីសក្តី។ ហើយបញ្ហា​ជន​អន្តោប្រវេសន៍វៀតណាមខុសច្បាប់ នៅកម្ពុជា ក៏បានទទួលសិទ្ធិរស់នៅស្របច្បាប់ជាង ៨០% ហើយ​ដែរ នេះបើតាមសារព័ត៌មានរបស់វៀតណាម កាលពីដើឆ្នាំ២០១៩។

លើសពីនេះ ចិន ក៏កាន់តែចូលកាន់កម្ពុជា តាមរយៈការផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារ ជាមួយការហូរចូលជនជាតិចិនផង។

ដោយលែកបញ្ហាវិបត្តិនយោបាយខ្មែរ នៅតែមិនទាន់អាចស្វែងពន្លឺដោះស្រាយ​នៅ​ឡើយ ចាប់​តាំង​ពីរបបលោក ហ៊ុន សែន រំលាយបក្សប្រឆាំង និងចាប់ខ្លួនមេដឹកនាំបក្សនេះ គឺលោក កឹម សុខា ដាក់​គុក នៅ​ចុងឆ្នាំ២០១៧។ (អត្ថបទបន្ថែមដោយ ម៉ែន ណាត /ខែកញ្ញា ២០១៩)
………………….

អ្នក​ឃ្លាំមើល ថាកិច្ច​សហការ​​​ខ្មែរ-​វៀតណាម​ អាច​​ក្លាយ​​​ជា​អាណា​និគម​​​បែប​ទំនើប

ក្រុម​សកម្មជន​ខាង​កិច្ចការ​ព្រំដែន​កម្ពុជា នៅ​ឯ​នាយ​សមុទ្រ បាន​ចាត់​ទុក​ប្រទេស​ខ្មែរ​ថា កំពុង​ស្ថិត​ក្រោម​នឹម​អាណានិគម​បរទេស​យ៉ាង​ជ្រៅ ​ដ៏​លំបាក​រំដោះ​ខ្លួន​ចេញ​រួច។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ ​បាន​បន្ទោស​ថា ជា​ការ​វាយ​តម្លៃ ​ដែល​មិន​យល់​ស៊ី​ជម្រៅ​អំពី​កិច្ចការ​របស់​រដ្ឋាភិបាល។

ក្រុម​អ្នក​ឃ្លាំមើល​កម្ពុជា ដែលឃ្លាំមើលអំពី​ស្ថានភាព​នយោបាយ​របស់​កម្ពុជា ជាមួយ​វៀតណាម បាន​វាយ​តម្លៃ​កិច្ច​សហប្រតិបត្តិការ ឬ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ​រវាង​ស្ថាប័ន​ជាតិ​របស់​កម្ពុជា ជាមួយ​ស្ថាប័ន​ជាតិ​នៃ ​ប្រទេស​វៀតណាម នោះថា ​ជា​គំនាប​មួយ​ដើម្បី​ត្រួតត្រា​កិច្ចការ​រដ្ឋាភិបាល​ខ្មែរ។លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស ​ន័រវ៉េ (Norway) បានថ្លែង​ថា ការ​ចុះ​កិច្ច​សហប្រតិបត្តិការ ​តាំង​ពី​ថ្នាក់​ភូមិ ឃុំ រហូត​ដល់​ថ្នាក់​ជាតិ ​របស់​ខ្មែរ ​ជាមួយ​វៀតណាម គឺ​ជា​ទំនាក់ទំនង ឬ​ជា​សម្ពន្ធភាព​មួយ ​មិន​ប្រក្រតី។

លោក ម៉ែន ណាត ​សង្ស័យ​ថា «កិច្ច​សហប្រតិបត្តិការ​ដ៏​រឹងមាំ​នេះ ​អាច​ជា​យុទ្ធសាស្ត្រ​ថ្មី​ដ៏​ត្រជាក់ ដើម្បី​គ្រប់គ្រង​ប្រទេស​កម្ពុជា»

ក្នុង​រយៈពេល ៥​ ឆ្នាំ​ចុង​ក្រោយ​នេះ សារព័ត៌មាន​ក្នុង​ស្រុក​របស់​វៀតណាម តែង​ចុះ​ផ្សាយ​ជា​ញឹកញាប់ ​អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភា គី​ចាប់​តាំង​ពី​ស្ថាប័ន​រដ្ឋ​តូចៗ រហូត​ដល់​ស្ថាប័ន​រដ្ឋ​ធំៗ ​របស់​ខ្មែរ ​ជាមួយ​វៀតណាម។

កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៣ សមាគម​ស្ត្រី​វៀតណាម បាន​ចុះ​កិច្ច​សហប្រតិបត្តិការ ​ជា​មួយ​​សមាគម​ស្ត្រី​កម្ពុជា ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ។ នៅ​ខែ​ដដែល​នេះ ក្រសួង​យុត្តិធម៌​​ខ្មែរ​ ​ក៏​បាន​ចុះ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី ​លើ​វិស័យ​ច្បាប់ និង​យុត្តិធម៌​ជាមួយ​រដ្ឋាភិបាល​វៀតណាម ដើម្បី​ផ្លាស់ប្ដូរ​សេវា​ផ្សេងៗ ដូច​ជា​ឯកសារ​ការ​ប្រមូល​ភស្តុតាង និង​ការ​ផ្ទេរ​ភស្តុតាង ការ​កោះ​ហៅ​សាក្សី រួម​ទាំង​ឯកសារ​ចុះ​បញ្ជី ​ករណី​សំណុំ​រឿង​ក្ដី​ស៊ីវិល។

ស្រប​ពេល​គ្នា​នេះ​ដែរ ក្រសួង​មហាផ្ទៃ ​របស់​កម្ពុជា បាន​ចុះ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ក្រសួង​សន្តិសុខ​សាធារណៈ​ របស់​វៀតណាម ដើម្បី​បន្ត​កិច្ច​សហការ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ​លើ​ការ​អនុវត្ត​ច្បាប់ និង​សណ្ដាប់​ធ្នាប់​សង្គម ជា​ពិសេស​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន។

បើ​ទោះ​បី​កម្ពុជា បោះ​ជំហាន​ក្នុង​សម័យ​សកលភាវូបនីយកម្ម​ ក្នុង​ការ​បង្កើត​ទំនាក់​ទំនង​ល្អ ​ជាមួយ​ប្រទេស​ជិត​ខាង​ក៏ដោយ កាលនោះ​លោក កឹម សុខា {ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ} បារម្ភ​ថា កិច្ច​សហប្រតិបត្តិការ​សឹង​គ្រប់​ផ្នែក ​រវាង​កម្ពុជា ជាមួយ​វៀតណាមដូច្នេះ វាអាច​ជា​មហន្តរាយ​ធំ ​សម្រាប់​ប្រទេស​ជាតិ។ ប៉ុន្តែ​លោក ​បាន​ផ្ដល់​អនុសាសន៍​ថា «កិច្ចការ​ដែល​ចាំ​បាច់ ​ដើម្បី​សហការ​ជាមួយ​វៀតណាម គឺ​ការងារ​ខាង​កសិកម្ម និង​បច្ចេកទេស»។

លោក កឹម សុខា បន្ត​ថា អត្ថន័យ​នៃ​កិច្ច​សហប្រតិបត្តិការ ​ជាមួយ​វៀតណាម មាន​ន័យ​សឹង​ស្មើ​គ្នា​ទៅ​នឹង​ «ទម្រង់​នៃ​ពាក្យ​ជំនាញ​ការ» ​ដែល​វៀតណាម បាន​ដាក់​ផ្ទាល់ និង​ជា​ចំហ​ឲ្យ​តាមដាន​ស្ថានភាព​ខ្មែរ​ ពី​ថ្នាក់​ភូមិ​ដល់​ថ្នាក់​ប្រធាន​រដ្ឋ កាល​ពី​ទសវត្ស​ទី​៨០ នៅ​គ្រា​​ដែល​កម្ពុជា ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម។

ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ទាំង​នេះ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំ​​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​ចាត់​ទុក​ការ​រិះគន់​របស់​ក្រុម​អ្នក​នយោបាយ និង​អ្នក​ឃ្លាំមើល​ទាំង​នេះ​ថា ជា​ការ​វាយ​ប្រហារ​ដែល​មិន​យល់ ​អំពី​ការ​ពិត ហើយ​មិន​បាន​ឈរ​លើ​គំនិត​អភិវឌ្ឍន៍​ជាតិ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ បាន​ព្រមាន​ថា កម្ពុជា​ ​មិន​ត្រូវ​ភ្លេច​ខ្លួន ហើយ​សប្បាយ​គគ្រឹកគគ្រេង ​ទៅ​នឹង​ទំនាក់ទំនង​ស្អិតល្មួត​គ្រប់​សរសៃ​ឈាម ​នៃ​ការ​ដឹកនាំ​របស់​ខ្លួន ​ជាមួយ​ប្រទេស​ធំ ដែល​មាន​ប្រជាជន​ច្រើន និង​មាន​កម្លាំង​ខ្លាំង​ដូច​ជា ​វៀតណាម នោះ​ទេ ពី​ព្រោះ​ប្រទេស​នេះ ​អាច​លេប​យក​កម្ពុជា បាន​យ៉ាង​ងាយ។

របត់​នយោបាយ​កម្ពុជា បច្ចុប្បន្ន​កំពុង​បោះ​ជំហាន​ជ្រៅ និង​ស្និទ្ធស្នាល​ខ្លាំង ​ជាមួយ​ប្រទេស​ ចិន ខណៈ​ដែល​វៀតណាម កំពុង​មាន​ទំនាស់​ជាមួយ​ ចិន ដោយសារ​ជម្លោះ​ដែន​សមុទ្រ។

អ្នក​វិភាគ​ជា​ច្រើន​បាន​បកស្រាយ​ថា កម្ពុជា​បាន​ស្រវេស្រវា​ដក​ខ្លួន​ចេញ​ពី​គំនាប​របស់​វៀតណាម ដោយ​យក​ចិន ជា​ខ្នង​បង្អែក។

អតីត​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ហ្វីលីពីន លោក ហើស សេរីធន ក៏​ធ្លាប់​បាន​ចោទ​វៀតណាម ថា​បាន​លេង​នយោបាយ​ខ្មៅ​កខ្វក់​ក្នុង​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា ភាព​ខ្នះខ្នែង​របស់​វៀតណាម ក្នុង​ការ​បង្កើន​ល្បឿន​យក​នាម​កិច្ច​សហប្រតិបត្តិការ​សឹង​គ្រប់​ផ្នែក តាំង​ពី​ស្ថាប័ន​កំពូល​រហូត​ដល់​ថ្នាក់​មូលដ្ឋាន គឺ​ជា​ការ​គ្រៀក​យក​កម្ពុជា ជា​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូចិន ដើម្បី​ទប់ទល់​ឥទ្ធិពល​អំណាច​របស់​ចិន។

មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​ប្រទេស​កម្ពុជា មិន​អាច​ឆ្លើយ​បំភ្លឺ​បាន​ទេ ​ជុំវិញ​ការ​វិភាគ​ទាំង​នេះ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ការ​ចុះ​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា ជាមួយ​ប្រទេស​ជិត​ខាង គឺ​ជា​កិច្ចការ​ធម្មតា ក្នុង​ន័យ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ស្ថិរភាព​ក្នុង​តំបន់។

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ថា កិច្ច​សហប្រតិបត្តិការ​ជាមួយ​​ប្រទេស​ជិត​ខាង ​មាន​សារសំខាន់​ណាស់​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន អំពើ​ភេរវកម្ម ឬ​វិច្ឆេទកម្ម​ខាង​សេដ្ឋកិច្ច​នោះ។

សកម្មជន​បក្ស​ប្រឆាំង ​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន ​វៀតណាម អះអាង​ថា ទាំង​អាជ្ញាធរ​ដែន​ដី មន្ត្រី​នគរបាល និង​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​ជាន់​ខ្ពស់​ តែង​ទទួល​បាន​លាភសក្ការៈ​ជា​ញឹកញាប់ ​ពី​ក្រុម​មន្ត្រី​រដ្ឋាភិបាល ​វៀតណាម។

កាលនោះលោក រៀល ខេមរិន ជាប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ប្រចាំ​ខេត្ត​ស្វាយរៀង បាន​​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លាភសក្ការៈ ​ដែល​ក្រុម​មន្ត្រី​ខ្មែរ ​បាន​ទទួល​ពី​វៀតណាម គឺ​ជា​ការ​តប​ស្នង​សង​គុណ ​ដល់​ការ​សម្រួល​ឲ្យ​ពលរដ្ឋ​ វៀតណាម អាច​ចេញ​ចូល​ស្នាក់​នៅ ឬ​ប្រកប​របរ​ជួញដូរ​ ក្នុង​ទឹក​ដី​កម្ពុជា។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ស្គាល់​អាជ្ញាធរ​វៀតណាម ពិត​ជា​បាន​អញ្ជើញ​មន្ត្រី​អាជ្ញាធរ​​​ខ្មែរ​​តាម​ព្រំដែន​មែន ប៉ុន្តែ​ជា​ការ​អញ្ជើញ​បែប​មិត្តភាព​ ដើម្បី​ជូនពរ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​នៃ ​ប្រទេស​រៀងៗ​ខ្លួន​ប៉ុណ្ណោះ។

លោក អឿង សារិ អតីត​ប្រធាន​មន្ទីរ​ព័ត៌មាន ​ខេត្ត​រតនគិរី ដែល​សព្វថ្ងៃ​ជា​ជំនួយ​ការ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​អះអាង​ថា អាជ្ញាធរ​វៀតណាម តែង​ឲ្យ​វត្ថុ​អនុស្សាវរីយ៍ និង​លុយ​កាក់​ដល់​អាជ្ញាធរ​កម្ពុជា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ហើយ​កម្ពុជា​តែង​ឲ្យ​វត្ថុ​អនុស្សាវរីយ៍ ​ដល់​វៀតណាម​វិញ ពេល​បុណ្យ​ឆ្នាំ​ខ្មែរ។ ប៉ុន្តែ​លោក អឿង សារិ បាន​បដិសេធ​ថា កញ្ចប់​អនុ​ស្សាវរីយ៍ និង​លុយ​កាក់​ទាំង​អស់​នោះ មិន​មែន​ជា​ការ​ទិញ​ទឹក​ចិត្ត​អាជ្ញាធរ​ខ្មែរ ដូច​ដែល​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង ​ចោទ​ប្រកាន់​នោះ​ទេ។

ក្រុម​អ្នក​ឃ្លាំមើល​ និយាយ​ថា ទំនាក់ទំនង​ស្អិតល្មួត​រវាង​ កម្ពុជា-​វៀតណាម បាន​សម្រួល​ដល់​ការ​រស់​នៅ និង​ការ​រក​ស៊ី​កាក់កប​ របស់​ប្រជាជន​វៀតណាម ច្រើន​ក្នុង​ទឹក​ដី​កម្ពុជា។ ទន្ទឹម​នឹង​ទំនាក់ទំនង​ល្អ​ រវាង​រដ្ឋាភិបាល​វៀតណាម និង​រដ្ឋាភិបាល​ខ្មែរ ពលរដ្ឋ​ខ្មែរ​តាម​បណ្ដោយ​ព្រំដែន​ កម្ពុជា-​វៀតណាម តែង​នាំ​គ្នា​តវ៉ា​អំពី​ការ​រំលោភ​យក​ដី​ស្រែ និង​ដី​ចម្ការ​ ពី​សំណាក់​អាជ្ញាធរ​វៀតណាម ជា​ប្រចាំ៕

.