(អត្ថបទពី​វិទ្យុអាស៊ីសេរី ដោយអ្នកស្រី សុ ជីវី / ២០ ធ្នូ ២០១៩)

ព្រះមហាក្សត្រ​កម្ពុជា ប្រកាស​ឱ្យ​ប្រើ​សន្ធិសញ្ញា​បំពេញ​បន្ថែម ​ឆ្នាំ ​២០១៩ ស្ដី​ពី​បង្គោល​ព្រំដែន​ ​ដែល​កម្ពុជា ​បាន​បោះ​រួច​ចំនួន ៨៤% ជាមួយ​ភាគី​វៀតណាម​។ មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន អះអាង​ថា សន្ធិសញ្ញា​នេះ​ មិន​ស្របតាម​រដ្ឋធម្មនុញ្ញ និង ​ប៉ះពាល់​ដល់​បូរណភាព​ទឹកដី​កម្ពុជា។

ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​ឡាយ​ព្រះ​ហស្ត​លេខា​​ដាក់​​ឱ្យ​ប្រើប្រាស់​ ​ច្បាប់​ស្ដីពី​ការ​អនុម័ត​​យល់ព្រម​​លើ​ សន្ធិសញ្ញា​បំពេញ​​បន្ថែម​​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ​ឆ្នាំ ​១៩៨៥ និង​ សន្ធិសញ្ញា​បំពេញ​បន្ថែម​ ឆ្នាំ ​២០០៥ រវាង​កម្ពុជា និង​វៀតណាម ឬ​ហៅ​ដោយ​ខ្លី​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម​ ឆ្នាំ​២០១៩​។ ការប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​សន្ធិសញ្ញា​នេះ ធ្វើឡើង​តាម​រយៈ​ព្រះរាជក្រម​ ចុះ​ថ្ងៃ​ទី ​៥ ធ្នូ ដែល​ទើប​​ត្រូវ​បាន​ផ្សព្វផ្សាយ​​ជា​សាធារណៈ ​នៅ​ថ្ងៃ​ទី ​២០ ធ្នូ ហើយ​ដែល​មាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អ្នក​ស្នើ​ឱ្យ​ព្រះអង្គ ​ឡាយ​ព្រះហស្តលេខា។

ស្ថាប័ន​នីតិប្បញ្ញត្តិ​ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​​របស់​​បក្ស​កាន់អំណាច បាន​​អនុម័ត​​សេចក្តី​ព្រាង​ច្បាប់​នេះ ​ដោយ​ប្រញាប់ប្រញាល់ កាលពី​អំឡុង​ខែ ​វិច្ឆិកា ​កន្លង​ទៅ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ទៅ​ចុះហត្ថលេខា​ ទទួលស្គាល់​បង្គោល​ព្រំដែន ដែល​បាន​បោះ​​រួច​ចំនួន​ ៨៤% ជាមួយ​ភាគី​វៀតណាម ​ដល់​រដ្ឋធានី​ហាណូយ។ សេចក្ដីព្រាងច្បាប់​នេះ ​មាន​ចំនួន ៣ មាត្រា ផ្តោត​លើ​ការ​ទទួលស្គាល់​ព្រំដែន​គោក ​ដែល​ប្រទេស​ទាំង​ពីរ​ បាន​​បោះ​ជាមួយគ្នា សម្រេច​បាន ៣១៥​ បង្គោល។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​រដ្ឋាភិបាល ​លោក ហ៊ុន សែន រំលាយចោល គឺ​លោក អ៊ុំ សំអាន យល់​ថា ព្រះមហាក្សត្រ​ ទំនងជា​មិន​ចង់​ឡាយព្រះហស្តលេខា​ លើ​សន្ធិសញ្ញា​នេះ​ឡើយ ប៉ុន្តែ​ដោយសារ​មាន​គំនាប​ពី ​លោក ហ៊ុន សែន ទើប​ព្រះអង្គ ​សម្រេច​ព្រះទ័យ​បែប​នេះ។ ទោះជា​យ៉ាងណា លោក​ថា ការ​ឡាយព្រះហស្តលេខា​​របស់​​ព្រះមហាក្សត្រ​នេះ ប្រៀប​បាន​នឹង​ការ​កាត់​ទឹកដី​ខ្មែរ​ ឱ្យ​ទៅ​វៀតណាម​កុម្មុយនិស្ត​យ៉ាង​ដូច្នេះ​ដែរ ព្រោះ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ ឆ្នាំ​២០១៩ នេះ ធ្វើឡើង​ដោយ​ផ្អែកលើ​ សន្ធិសញ្ញា​ខុសច្បាប់​ ឆ្នាំ​១៩៨៥ និង​ ២០០៥។ លោកថ្លែងថា «ការ​ឡាយ​ព្រះហស្ថលេខា​របស់​ព្រះអង្គ​ហ្នឹង ដូចជា​ការយល់​ព្រម​ជាមួយ​លោក ហ៊ុន សែន ដើម្បី​កាត់​ទឹកដី​ខ្មែរ​ឱ្យ​ទៅ​យួន​អ៊ីចឹង​ឯង ព្រោះ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩ ហ្នឹង យក​តាម​សន្ធិសញ្ញា​ខុសច្បាប់​ឆ្នាំ​១៩៨៥ សម័យ​យួន​គ្រប់គ្រង​កម្ពុជា​។ យើង​ដឹង​ហើយ សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ហ្នឹង វា​ផ្ទុយ​ទៅ​នឹង​មាត្រា​២ និង​មាត្រា​៥៥ នៃ​រដ្ឋធម្មនុញ្ញ ហើយ​ផ្ទុយ​ទៅ​នឹង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​តម្រូវ​ឱ្យ​ទុកជា​មោឃៈ​នូវ​សន្ធិសញ្ញា​ទាំងអស់​ហ្នឹង​។ ដូច្នេះ​ការដែល​ឡាយព្រះហស្តលេខា​ទៅលើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩ ធ្វើ​ឱ្យ​ខ្មែរ​បាត់បង់​ដី​បន្ថែម​ទៀត​ទៅ​ប្រទេស​វៀតណាម»។

លោក អ៊ុំ សំអាន ប្រកាស​ថ្កោលទោស​​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​​ផ្ដួចផ្ដើម​​គំនិត​​រៀបចំ​ សន្ធិសញ្ញា​បំពេញ​បន្ថែម ​ដែល​ផ្ដល់​ប្រយោជន៍ ​ដល់​ប្រទេស​​វៀតណាម​ នេះ​។ លោក​យល់ថា លោក ហ៊ុន សែន រៀបចំ​សន្ធិសញ្ញា​នេះ​ឡើង ដើម្បី​ផ្គាប់ចិត្ត​​រដ្ឋាភិបាល​​ក្រុង​ហាណូយ ដែល​បាន​លើក​បន្តុប និង​ជួយ​ឱ្យ​គាត់​កាន់អំណាច ​នៅ​កម្ពុជា តាំងពី​ទសវត្សរ៍​១៩៨០ រហូតមកដល់​សព្វថ្ងៃ​។ តំណាងរាស្ត្រ​ដែល​ធ្លាប់​ជាប់ទោស​ ដោយសារ​រិះគន់​រឿង​ព្រំដែន​រូប​នេះ បញ្ជាក់​ថា សន្ធិសញ្ញា​ថ្មី​នេះ និង​កិច្ចព្រមព្រៀង​ព្រំដែន​ទាំងឡាយ ​ដែល​រដ្ឋាភិបាល ​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​ជាមួយ​ភាគី​វៀតណាម ​កាលពី​អតីត​កាលនោះ នឹង​ត្រូវ​និរាករណ៍​ចោល​ទាំងអស់ ​នៅ​ពេល​កម្ពុជា ​មាន​រដ្ឋាភិបាល និង​សភា ដែល​គិត​ពី​ប្រយោជន៍​ជាតិ ​ពិតប្រាកដ៖ «រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ផ្ដួចផ្ដើម​ឱ្យ​មាន​សន្ធិសញ្ញា​នេះ​ឡើង ដើម្បី​កាត់​ដី​ឱ្យ​ទៅ​យួន ជា​ការ​តបស្នង​សងគុណ​ទៅដល់​យួន​ ដែល​បាន​លើក​បន្តុប​មេដឹកនាំ​បច្ចុប្បន្ន ​តាំងពី​ទសវត្សរ៍​ទី​៨០ មក​។ ដូច្នេះ យើង​ជា​កូន​ខ្មែរ​នៅ​ពេល​ដែល​មាន​រដ្ឋាភិបាល ​ដែល​ស្នេហា​ជាតិ​មួយ យើង​នឹង​សើរើ​ការ​បោះ​បង្គោល​ព្រំដែន​កន្លង​មក​ឡើងវិញ ហើយ​យើង​នឹង​លុបចោល​សន្ធិសញ្ញា​បំពេញ​បន្ថែម​ ឆ្នាំ​២០១៩ នេះ នៅ​ពេល​ដែល​មាន​រដ្ឋាភិបាល​មួយ និង​សភា​មួយ​ ដែល​មិន​ជំពាក់​គុណ​យួន ដូច​រដ្ឋាភិបាល​សព្វថ្ងៃ»។

សន្ធិសញ្ញា​បំពេញ​បន្ថែម​ ឆ្នាំ ​២០១៩ គឺជា​ការ​រួមបញ្ចូល​គ្នា​នៃ ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ ឋ​ឆ្នាំ ​១៩៨៥ និង​ សន្ធិសញ្ញា​បំពេញ​បន្ថែម ​ឆ្នាំ ​២០០៥​។ រដ្ឋាភិបាល​កម្ពុជា​ បាន​អះអាង​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម ​ឆ្នាំ ​២០១៩ នេះ គឺជា​ឯកសារ​ផ្លូវច្បាប់​ ដែល​ទទួលស្គាល់​ការ​បោះ​បង្គោល​ព្រំដែន​ ៨៤% ជាមួយ​ប្រទេស​វៀតណាម​។ រដ្ឋាភិបាល​អះអាង​ទៀត​ថា សន្ធិសញ្ញា​នេះ គឺជា​ឯកសារ​គ្រឹះ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ដែល​មាន​ខ្សែ​ព្រំដែន ​មិន​ប្រែប្រួល ថែរក្សា​បាន​នូវ​ព្រំដែន​សុខ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដើម្បី​ភាព​​​​​​​​​​​​​​​​​​សុខសាន្ត​របស់​ពល​រដ្ឋ​កម្ពុជា​។​

ក្នុង​ន័យ​ជួយ​ការពារ​រដ្ឋាភិបាល ទាំង​រដ្ឋសភា និង​ព្រឹទ្ធសភា បាន​អះអាង​ថា សន្ធិ​សញ្ញា​បំពេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ថែម​ថ្មី​នេះ មាន​ភាព​ចាំបាច់ ដើម្បី​កំណត់​ព្រំដែន​គោក​ ជាមួយ​ប្រទេស​វៀតណាម និង​ថា នេះ​សមិទ្ធផល​ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ ដែល​កម្ពុជា ​មាន​​ព្រំដែន​ច្បាស់លាស់​ ជាមួយ​ប្រទេសជិតខាង​។ លើស​ពី​នេះ ស្ថាប័ន​នីតិប្បញ្ញត្តិ​ទាំងពីរ​នេះ ​បាន​បដិសេធ​​រាល់​មតិ​​រិះគន់​ទាំងឡាយ ​អំពី​សន្ធិសញ្ញា​បំពេញ​បន្ថែម​ថ្មី​នេះ និង​ចាត់ទុកថា មតិ​ទាំងនោះ​ គ្រាន់តែ​ជា​សារ​នយោបាយ ដែល​គ្មាន​ភាព​ច្បាស់លាស់​។

ទោះជា​យ៉ាងណា តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម ​ឆ្នាំ ​២០១៩ នេះ មិន​ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឡើយ ហើយ​រឹតតែ​ផ្ទុយ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ​ឆ្នាំ ​១៩៩១​។ លោក​បន្ត​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម​ថ្មី​នេះ មិន​គួរ​ត្រូវ​បាន​រៀបចំ និង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​​​​​​​​​​​​ពេល​នេះ​ទេ ព្រោះ​កម្ពុជា ​មិន​ទាន់​មាន​ឯកភាព​ជាតិ ហើយ​ប្រទេស​ទាំងពីរ​ មិនទាន់​បញ្ចប់​ការ​បោះបង្គោល​ព្រំដែន​នៅឡើយ​។ លោក​ជឿជាក់​ថា សន្ធិសញ្ញា​ប្រភេទ​នេះ ​នឹង​ត្រូវ​សើរើ និង​កែប្រែ​វិញ នៅ​ពេល​កម្ពុជា​ មានការ​ឯកភាព​ជាតិ និង​មាន​រដ្ឋាភិបាល​ត្រឹមត្រូវ៖ «ខាង​រដ្ឋាភិបាល និង​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ត្រូវតែ​ពិនិត្យមើល​ឡើងវិញ​​រាល់​ការ​បោះបង្គោល​។ គួរតែ​ដើរ​តាម​អ្វី ​ដែល​មាន​កំណត់​​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​យើង​​ត្រូវ​យក​សម្អាង​ ដែល​យើង​ធ្លាប់​បោះ​នៅ​សម័យ​បារាំង ​យក​មក​ធ្វើជា​គោល​។ អាហ្នឹង​យើង​នឹង​មើល​ឃើញ​ថា កម្ពុជា​យើង​មិន​បាត់បង់ ហើយ​បើ​យើង​បោះ​ទៅតាម​សន្ធិសញ្ញា​បំពេញ​បន្ថែម ​២០០៥ អាហ្នឹង​វា​ធ្វើ​ឱ្យ​កម្ពុជា​យើង​ ខាតបង់​ច្រើន»។

គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០១៩ រដ្ឋាភិបាល​លោក ហ៊ុន សែន សម្រេច​បាន​​ការ​បោះ​បង្គោល​​ព្រំដែន​​គោក ​ជាមួយ​​ភាគី​​វៀតណាម​​បាន ​៣១៥ បង្គោល ស្មើនឹង ​៨៤% នៃ​បង្គោល​ព្រំដែន​ ​សរុប ៣៧៥ បង្គោល​។ រដ្ឋាភិបាល​ នឹង​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ថ្មី​ទៀត នៅ​ពេល​ការ​បោះបង្គោល​ព្រំដែន ​ជាមួយ​ភាគី​វៀតណាម ចប់​សព្វគ្រប់​។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​អះអាង​ថា ប្រសិន​បើ​​ទៅ​​ថ្ងៃមុខ គណបក្សប្រឆាំង​ ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល ពួកគេ​មាន​សិទ្ធិ​ក្នុង​ការ​សើរើ​មើល​ឡើងវិញ​ នូវ​សន្ធិសញ្ញា​ដែល​រដ្ឋាភិបាល​សព្វថ្ងៃ បាន​ចុះហត្ថលេខា​​ ជាមួយ​ភាគី​វៀតណាម៕

Advertisements