(CWCI Cambodia /Updated 04th-2-2020 /អត្ថបទដោយលោក ម៉ែន ណាត )

លុះមកដល់ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ មានប្រទេស ៨ ជាសមាជិកអាស៊ាន (ASEAN) បានសម្រេច​ផ្អាក​ជា​បណ្តោះ​អាសន្ន មិនទទួល​ភ្ញៀវទេសចរ ពីប្រទេស​ចិន។ ប្រ​ទេ​សជាសមាជិក​អាស៊ាន​ទាំងនោះ រួមមាន៖​ វៀតណាម (Vietnam), ឡាវ (Laos), ហ្វីលីពីន (Philippines), សិង្ហបុរី (Singapore), ប្រ៊ុយណេ (Brunei), ម៉ាឡេស៊ី (Malaysia), ឥណ្ឌូណេស៊ី (Indonesia) និង ភូមា (Myanmar)។ ចំណែកឯប្រទេ​សដែលមិនប្រកាសផ្អាកនៅឡើយទេ រួមមាន កម្ពុជា (Cambodia) និង ថៃ (Thailand)

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី ៣ ខែកុម្ភៈ បានបញ្ជាក់​ជំហរ​ជា​ថ្មី​ថា កម្ពុជា នៅបន្តដំណើរការជើងហោះហើរ ចេញចូលពីប្រទេសចិន ជាធម្មតា។ លោកធ្លាប់បានថ្លែងកាលពីថ្ងៃទី ៣០ មករា ​ថា «កម្ពុជា ត្រូវរួមសុខទុក្ខជាមួយចិន និងរក្សាទំនាក់ទំនងល្អ ជាមួយចិន»។ ហើយលោកបន្ថែមថា «ធ្វើដូច្នេះ មិននាំឲ្យកម្ពុជាខាតបង់សេដ្ឋជាតិ» (?)។ ចំណែក​ក្រុមអ្នករិះគន់ បានស្តីបន្ទោសលោក ហ៊ុន សែន ធ្ងន់ៗថា «លោក ហ៊ុន សែន មិនចេះស្រឡាញ់ជាតិសាសន៍របស់ខ្លួន»។ ទោះបីយ៉ាងណាក្តី លោក ហ៊ុន សែន បានប្រកាស​កំណត់យកថ្ងៃទី ០៥ កុម្ភៈ ទៅសួរសុខទុក្ខក្រុមនិស្សិតខ្មែរ ២៣ នាក់ ដែលជាប់ផុង នៅ​ទីក្រុងវូហាន ប្រទេសចិន ក្រោយពេលលោក បញ្ចប់កិច្ចប្រជុំកំពូល នៅកូរ៉េខាងត្បូង ជា​មុន​សិន។ លោក ថ្លែង​ថា ការធ្វើដូច្នេះ គឺដើម្បីឆ្លើយតបទៅនឹងក្រុមអ្នករិះគន់នានា។ ប៉ុន្តែមន្រ្តីក្រសួងការបទេសចិន ប្រាប់មករដ្ឋាភិបាលលោក ហ៊ុន សែន នៅល្ងាចថ្ងៃទី ០៤ កុម្ភៈ នេះថា «រដ្ឋាភិបាលចិន កំពុងមានទុក្ខលំបាក មិនអានរៀបចំទទួលលោក ហ៊ុន សែន ទៅកាន់ទីក្រុងវូហានទេ»

ប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានសម្រេចចិត្តផ្អាកជើងហោះ​ហើរ ចេញ​ចូលប្រទេស​ចិន ដូចប្រទេស​ដទៃដែរ។ នេះបើតាម​ការចុះផ្សាយ​របស់សារព័ត៌មាន​នានា។

តាមព័ត៌មានសម្លេងសហរដ្ឋអាមេរិក វីអូអេ (VOA News) ជាភាសាអង់គ្លេស បានឲ្យដឹងថា ក្រុមហ៊ុន​យន្ត​ហោះ​ ៣ របស់សហរដ្ឋអាមេរិក បានប្រកាសផ្អាក​ការហោះហើរទាំងស្រុង ទៅប្រទេស​ចិន ដើម្បីទប់ស្កាត់​ការឆ្លង​រីករាល​ដាល​​មេរោគកូរ៉ូណា។ ក្នុងនោះ​មាន ក្រុមហ៊ុន American Airlines ផ្អាករហូតដល់ថ្ងៃទី ២៧ ខែមីនា។ ក្រុមហ៊ុន Delta Airlines ផ្អាករហូតដល់ថ្ងៃទី ៣០ ខែមេសា។ ក្រុមហ៊ុន United Airlines ផ្អាករហូតដល់ថ្ងៃទី ២៨ ខែមីនា។ ការផ្អាកនេះធ្វើឡើង នៅពេលដែល ​សហរដ្ឋអាមេរិក ប្រកាសភាពអាសន្ន លើផ្នែក​សុខាភិបាល និង​ហាមឃាត់ជនបរទេសណា ដែលធ្លាប់ទៅប្រទេសចិន គឺមិនឱ្យចូលសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ ក្រុមហ៊ុន Apple បានប្រកាសបិទការិយាល័យទាំងអស់ និង ហាង​ទាំង ៤២ នៅ​ប្រទេស​ចិន ជាបណ្តោះអាសន្ន។​ នេះបើតាម​​សារព័ត៌មាន​​អាមេរិក វីអូអេ (VOA)ហើយ​ក្រុមហ៊ុន Google, Amazon, និងក្រុមហ៊ុន Microsoft ក៏បានប្រកាស​បិទការិយាល័យ​​​ជា​បណ្តោះអាសន្ន​ដូចគ្នាដែរ។ ហាងកាហ្វេស្តាបាក់ (Starbucks) និងហាងអាហារ​ម៉ាក់ដូណាល់ (McDonald’s) ក៏បានបិទទ្វារមួយចំនួន។

មេរោគកូរ៉ូណា បានសម្លាប់មនុស្សកើនឡើងចំនួន ៤៩២ នាក់ និងបានឆ្លង​កើន​ឡើង ២៤៥៣៩ នាក់​ហើយ។ នេះបើយោងតួលេខពី​សា​រព័ត៌មាន South China Morning Post គិតមកទល់ម៉ោង ១២ និង ៤៥ នាទីរសៀល ម៉ោងនៅប្រទេសកម្ពុជា នាថ្ងៃទី ០៥ ខែកម្ភៈ ឆ្នាំ​២០២០។

នៅសហភាពអឺរ៉ុប ក៏មានការរឹតបន្តឹង​សម្រាប់​អ្នកទេសចរ ពីប្រទេសចិន ហើយ​ក្រុមហ៊ុនអាកាសចរណ៍​ជាច្រើន បានប្រកាសផ្អាក​ការហោះ​ហើរ​ជាបណ្តោះ​អាសន្ន ចេញ​ចូល​ប្រទេស​ចិន​​ហើយដែរ។ នេះបើតាម គេហទំព័ររបស់សហភាពអឺរ៉ុប។ ចំណែក​ប្រទេស រ៉ុស្ស៊ី ក៏បានសម្រេចចិត្ត​មិន​ខុសគ្នាពី សហភាព​អឺរ៉ុបទេ ក្នុងរឿង​ទប់ស្កាត់ការរីករាល​ដាល​​មេរោគ​កូរ៉ូណា​ថ្មី​នេះ។ នេះបើតាម​កាសែត The New York Times

គួរបញ្ជាក់ថា ចាប់តាំងពីអង្គការសុខភាពពិភពលោក (WHO) បាន​​ប្រកាស​​​ដាក់​ «ពិភព​​លោក​​​​ក្នុងភាពអាសន្ន» កាល​ពីថ្ងទី ៣១ ខែមករា ឆ្នាំ​​២០២០ ដោយ​​ចាត់ទុកជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយ មេរោគកូរ៉ូណា (Coronavirus) មានប្រភពចេញពី​ទីក្រុង​ វូហាន (Wuhan) ប្រទេស​ចិន ធ្វើឲ្យជំងឺប្រភេទ​នេះ រីករាល​ដាល​យ៉ាងឆាប់រហ័ស ទៅកាន់បណ្តាប្រទេស​​ផ្សេងៗ ក្នុងពិភព​លោក​។

កាសែត​ឌីខេមបូឌា ដេលី បានផ្សាយថា ក្រុមអ្នកវិទ្យាសាស្ត្ររបស់ចិន ធ្វើបទបង្ហាញពីការសិក្សាលើលេខ កូដ ហ្សេនេទិច (genetic code) របស់ វីរុសកូរ៉ូណាថ្មីនេះ ដោយរកឃើញថា វាមានលក្ខណៈ​ប្រហាក់​ប្រហែល​ទៅនឹង មេរោគ​កូរ៉ូណា នៃជំងឺសារ (SARS) ដែល​ឆ្លង​ពី​ «សត្វប្រចៀវ»។ ពួកគេអះ​អាង​ថា មេរោគ​នេះ ជាប្រភេទ​មេរោគ ឆ្លង​ពី​សត្វ ទៅ​មនុស្ស ឬគេហៅថា មេរោគហ្សូណូទិក (zoonotic virus)។ ប៉ុន្តែបច្ចុប្បន្ននេះ មេរោគ កូរ៉ូណាថ្មី ដែល​មានប្រភព​ចេញមក​ពីទីក្រុង វូហាន ប្រទេស​ចិននោះ ត្រូវបាន​គេទទទួល​ស្គាល់​ថា «អាចឆ្លង​ពីមនុស្ស ទៅមនុស្ស»  ដោយសារ ប្រូតេអ៊ីន នៃមេរោគ​កូរ៉ូណាថ្មីនេះ ទំនង​ជាអាច​ឆ្លងមក​ពី «សត្វពស់» ដែល​ត្រូវបាន​គេរាយការណ៍ថា មានលក់ដូរ នៅក្នុងផ្សារលក់គ្រឿង​សមុទ្រមួយ​កន្លែង ក្នុងទីក្រុងវូហាន៕

.