ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បាន​​ប្រតិកម្ម​តប​ទៅ​លោក ហ៊ុ​ន សែន បាន​​ថ្លែង​នៅ​វិមាន​សន្តិភាព ថ្ងៃទី ០៧ ខែមសា ឆ្នាំ ២០២០ ដែល​តម្រូវ​​ឲ្យ​​មន្ត្រីរាជការ ក្រុមហ៊ុន​ឯកជន រោងចក្រ​សហគ្រាស និង​ធនាគារ ធ្វើការ​ជា​ធម្មតា នៅ​ថ្ងៃ​សម្រាក​បុណ្យជាតិ ដែល​​​ជាពិធី​ចូលបុណ្យ​ចូល​ឆ្នាំ​ថ្មីប្រពៃណីខ្មែរ ក្នុង​ថ្ងៃទី​១៣-១៤-១៥-១៦ ខែ​មេសា។ សូមទាញយក (Download) ឬអាន​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ខាង​ក្រោម។

សេចក្តីថ្លែងការណ៍
ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី គប្បីត្រូវបានគោរព ទោះបីផ្អាកប្រារព្ធពិធីចូលឆ្នាំថ្មី

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់​ឃើញថា​នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន ដែល​ប្រកាស​ផ្ទាល់​មាត់ ​​តម្រូវ​​ឲ្យ​​មន្ត្រី​រាជការ ក្រុមហ៊ុន​ឯកជន រោងចក្រ​សហគ្រាស និង​ធនាគារ ធ្វើការ​ជា​ធម្មតា នៅ​ថ្ងៃ​សម្រាក​បុណ្យ​ជាតិ ដែល​​​ជាពិធី​ចូលបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​​ដ៏សំខាន់ ក្នុង​ថ្ងៃ​ទី ១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២០ នោះ គឺជា​​ការ​ធ្វើ​​ឡើង​ដោយ​គ្មាន​ការពិចារណា​ល្អិតល្អន់ និង​និយាយ​តាម​តែទំនើង​ចិត្ត

យើងយល់ស្របចំពោះការផ្អាកប្រារព្ធពិធីចូលឆ្នាំថ្មី ក្នុងបរិបទរីករាលដាលជំងឺកូរ៉ូណា ឬកូវីដ១៩ (Covid-19) ប៉ុន្តែ​ថ្ងៃ​ឈប់​សម្រាក​បុណ្យជាតិដ៏វិសេសវិសាល គប្បីត្រូវបានអនុវត្តឲ្យបានត្រឹមត្រូវ ​ដោយអនុញ្ញាតឲ្យពលរដ្ឋ បាន​ឈប់​​​សម្រាក​​ ដូច​រៀងរាល់ឆ្នាំកន្លងទៅ។ ក្នុងន័យនេះ រដ្ឋាភិបាល អាចគ្រាន់តែដាក់បម្រាមបន្ថែម និងតម្រូវឲ្យពលរដ្ឋ​ ត្រូវ​តែ​អនុវត្ត​តាម​សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចំពោះវិធានការប្រឆាំងការរីករាលដាលជំងឺកូរ៉ូណា។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ពិនិត្យឃើញថា ការថ្លែងរបស់លោក ហ៊ុន សែន នៅថ្ងៃទី ០៧ ខែមសា ដូច​បាន​បញ្ជាក់ខាងលើនេះ គឺជាការធ្វើឲ្យធាក់ថយក្រោយ នូវខ្លឹមសារអនុក្រឹត្យ សេចក្តីសម្រេច គោលការណ៍ច្បាប់គតិយុត្តិ និង​​ប្រពៃណី​ទំនៀម​ទម្លាប់​របស់កម្ពុជា នាំឲ្យមានគំរូមិនល្អ សម្រាប់ប្រជាជាតិមួយ។

​​​ជាថ្មីម្តទៀត ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវយ៉ាងទទូច ឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែ៖ ​
១. កែតម្រូវពីសេចក្តីប្រកាសផ្ទាល់មាត់ មកសរសេរជាលាយលក្ខអក្សរ ដើម្បីជម្រាបជូនដល់ស្ថាប័នរដ្ឋ ស្ថាប័ន​ឯកជន និងពលរដ្ឋគ្រប់គ្នា ឲ្យបានឈប់សម្រាក​ ស្របតាមប្រតិទិនស្តីពី​ពិធី​ចូលឆ្នាំថ្មី។
២. ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន គប្បីត្រូវផ្អាកនីតិវិធី ឬលុបចោល​វិញតែម្តង ពី​ព្រោះ​ច្បាប់នេះ មានលក្ខណៈតឹតត្បិតសេរីភាពពលរដ្ឋហួសហេតុ។

គ្រីស្ទានសាន់ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០

ម៉ែន ណាត
ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

Advertisements