លោក ហ៊ុន សែន ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីស្តី​ការគណៈ​រដ្ឋមន្រ្តី ថ្ងៃទី ០៧ ខែ​មេសា ឆ្នាំ ២០២០ យ៉ាង​ដូច្នេះ​ថា «សូម​អធ្យាស្រ័យ​ចំពោះពលរដ្ឋ​កម្ពុជា​ ១៥០ ​នាក់ ដែល​ត្រៀម​ហោះ​ចេញ​ពី​ប្រទេស ​ម៉ាឡេស៊ី តាម​ជើង​ហោះហើរ នៅព្រឹក​នេះ មិន​អនុញ្ញាត ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ​​ទេ ក្នុង​ស្ថានភាព​នេះ {ការរីក​រាល​ដាល​មេរោគ​កូរ៉ូណា ឬកូវីដ​១៩ (Covid-19)}»។ លោក​ បានស្នើ​​​ឲ្យ​ពលរដ្ឋ​ខ្មែរ ទាំង ១៥០ នាក់​នោះ បន្ត​ស្នាក់​​នៅ​​ប្រទេស​ម៉ាឡេស៊ី ជា​បណ្តោះអាសន្ន។

មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ធ្លាប់​បាន​អនុញ្ញាត​ឲ្យ​កប់ាល់​ទេសចេរណ៍ Westerdam ដែល​ផ្ទុក​អ្នកដំណើរ​ជាង ២០០០ នាក់ ចូល​ចត​នៅ​ ទីក្រុង​ព្រះសីហនុ កាល​​ពីថ្ងៃទី ១៤ កុម្ភៈ {ទិវា​នៃ​ក្តីស្រឡាញ់} ក្រោយ​ពី​ប្រទេស​ចំនួន ៦ ( ថៃ ហ្វីលីពីន សិង្ហបុរី វៀតណាម ជប៉ុន និង តៃវ៉ាន់) បាន​បដិសេធ​កប៉ាល់នេះ មិន​ឲ្យចូលចត ដោយសារ​ការភ័យ​ខ្លាច​ជំងឺកូរ៉ូណា។ ប៉ុន្តែ​លោក ហ៊ុន សែន និង​ក្រុម​មន្រ្តី​របស់​​លោក បាន​​ទៅស្វាគមន៍​អ្នកដំណើរ​នៃ​កប៉ាល់ Westerdam ហើយ​ថែម​ទាំង​ឲ្យ​ស្នាក់នៅ​សណ្ឋាគារ​ទំនើបៗ និង ឲ្យ​មន្រ្តី​សាលា​ក្រុងភ្នំពេញ ជូន​អ្នកទេសចរ​ទាំងនោះ ដើរ​កំសាន្ត ក្នុង​ទីក្រុង​ភ្នំពេញ​ផងទៀត។ កាលនោះ​ក្រុម​មន្រ្តី និង​បណ្តាញ​សារព័ត៌មាន​របស់​លោក ហ៊ុន សែន បាន​បន្ទរ​ថា «សម្តេច ហ៊ុន សែន ជា​មេដឹកនាំ​ចិត្តធម៌ ជួយ​សង្រ្គោះ​ពិភពលោក»

ខណៈពេល​លោក ហ៊ុន សែន មិន​អនុញ្ញាត​ឲ្យពលរដ្ឋ​ខ្មែរ ១៥០ នាក់ វិល​ចូល​កម្ពុជា​នេះ នាំ​ឲ្យ​មាន​​សំណួរ​ជា​ច្រើន ចំពោះ​វីធានការ​ប្លែកៗ របស់​រដ្ឋាភិបាល​កម្ពុជា មក​លើ​ពលរដ្ឋ​ខ្លួន​ឯង ដែល​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធភាព បន្ត​ស្នាក់នៅ​ក្នុង​ប្រទេសម៉ាឡេស៊ី របស់​ពួក​គេ ទាំង​​ការហូប​ចុក និង​​ចំណាយ​​ផ្សេងៗ។

ក្រុមអ្នកឃ្លាំមើល និង​បក្សប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ បាន​អំពាវ​ឲ្យ​លោក ហ៊ុន សែន រិះ​រកម​ធ្យោបាយ​ជាថ្មី ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ ដែល​ជាប់​គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ត្រឡប់​មក​កម្ពុជា​វិញ ដូច​ដែលប្រទេស​ ថៃ និង​ប្រទេស​មួយ​ចំនួន ធ្លាប់​បាន​ធ្វើ គឺ​គេ​ប្រើ​សេវាហោះ​ហើរ ទៅ​ទទួល​ពលរដ្ឋ​របស់គេ ទៅទទួល​ពលរដ្ឋ​របស់​គេ ដែល​ជាប់​គាំង​នៅ ទីក្រុង​វូហាន ប្រទេស​ចិន ក្នុង​អំឡុង​ការផ្ទុះ​ជំងឺ​កូរ៉ូណា​ដំបូងៗ៕

អត្ថបទដោយ នគរ /០៨ មេសា ២០២០

.

 

Advertisements