មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ត្រូវ​​ស្ថិត​ក្នុង​ការសម្រច​ចិត្ត​ដ៏​លំបាក​​មួយ ថា​តើ​ត្រូវ​ជ្រើស​រើស​យក​​ប្រទេស​ចិន ឬ​ក៏​វៀតណាម​(?) បើ​សិន​ប្រទេស​ទាំង​ពីរ​ ធ្លាក់​ក្នុង​វិបត្តិ​ធ្ងន់​ធ្ងរ ក្នុង​ជម្លោះ​ដែន​កោះ នៅ​ឈូង​សមុទ្រ​ចិន​ខាង​ត្បូង។ ជម្លាះ​ដែន​កោះ នៅ​សមុទ្រចិន​នេះ វា​ប៉ះ​ពាល់​ដល់​ប្រយោជន៍ ប្រទេស​វៀត​ណាម ប្រ៊ុយណេ ហ្វ៊ីលីពីន និង តៃវ៉ាន់ ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ល្អ ជាមួយ​សហរដ្ឋ​អាមេរិក។

ឆ្លៀត​ឱកាស​ពិភពលោក កំពុង​ជួប​វិបត្តិ​ជំងឺកូរ៉ូណា ឬ​កូវីដ១៩ នៅ​ដើម​ខែ​មេសា ឆ្នាំ ២០២០ នេះ ​ប្រទេស​ចិន បាន​ចូល​កាន់​កាប់​តំបន់​មួយ​ចំនួន​ទៀត នៅ​ប្រជុំ​កោះ​ប៉ារ៉ាសែល ដែល​ជា​ដែន​ទឹក របស់​វៀតណាម និង បាន​ឡោមព័ទ្ធ​យក​កោះថ្ម​ប៉ប៉្រះទឹក នៃ​ដែន​ទឹក របស់​​ហ្វីលីពីន មាន​ទំនាស់​ដ៏រ៉ាំរ៉ៃ​រាប​សិប​ទសវត្សរ៍​មក​ហើយ។ កាល​ពីថ្ងៃទី ០៣ ខែ​មេសា ចិន បាន​បើក​នាវា​ល្បាត បំពាក់​ដោយ​កាំភ្លើង​យន្ដ បើក​បុកពន្លិច​នាវា​នេសាទ​របស់វៀត​ណាម។ ចំណែក​ហ្វ៊ីលីពីន ក៏មិន​ហ៊ាន បាន​ត្រឹម​តែឈរ​មើល ប្រទេស​ចិន រំលោភ​ដែន​សមុទ្រ​របស់​ខ្លួន។

នៅឯឈូងសមុទ្រ​តៃវ៉ាន កាល​ពីសប្តាហ៍មុន ប្រទេស​ចិន បាន​ធ្វើ​សមយុទ្ធ​យោធា​ ជា​​ទ្រង់​ទ្រាយ​ធំ បើ​ក​នាវា​ចម្បាំង ដែ​លផ្ទុក​យន្ត​ហោះ​រាប់​រយ​គ្រឿង ខណៈ​ដែល​ភាគី តៃវ៉ាន់ រួមដៃ​ជាមួយ​សហរដ្ឋអាមេរិក និងអឺរ៉ុប ជំរុញ​ឲ្យ​ប្រទេស​ចិន សងជម្ងឺ​ចិត្ត​ដល់​ប្រទេស​នានា ដែល​រងគ្រោះ​នឹង​ជំងឺកូរ៉ូណា ឬ​កូវីដ១៩។ រឿង​ជំងឺ​​កូវីដ១៩ ត្រូវ​បាន​សហរដ្ឋអាមេរិក និង​អង់គ្លេស ចោទ​ប្រកាន់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ថា​បាន​បែក​ធ្លាយ​ចេញ​ពី​មន្ទីរពិសោធន៍ នៅ​ទី​ក្រុង​វូហាន នៃ​ប្រទេស​ចិន។

ក្នុងវេទិកាពិភាក្សា​របស់កាសែត The Cambodia Daily ជាង​មួយម៉ោង កាលពី​ថ្ងៃទី ១៧ ខែ​មេសា​នេះ ​លោក ប៉ាង សុខឿន អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិតេយ្យ និង​លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ជជែក​ដេញ​ដោល​អំពី​ជំហរ និង​​ជម្រើស​​របស់​លោក ហ៊ុន សែន មេដឹកនាំ​កម្ពុជា នៅ​ក្នុង​ជម្លោះដែន​កោះ រវាង​វៀត​ណាម និង ចិន។ វេទិកា​ពិភាក្សា​នេះ មាន​លោក ហាស់ សាន ជាអ្នក​សម្រប​សម្រួល​កម្មវិធី។

ឆ្លើយសំណួររបស់លោក ហាស់ សាន ដែល​បាន​ចោទ​សួរ នោះ​លោក ម៉ែន ណាត បាន​ផ្តល់​យោបល់​ថា​ «ជម្រើស​​​របស់​លោក ហ៊ុន សែន គឺ​យក​ទាំង​​ពីរ ទាំង​ប្រទេស​ចិន ជាមិត្ត​ដែល​ថែប និង​ទាំង​វៀតណាម ជាអ្នក​មាន​គុណ»។ លោក បញ្ជាក់ថា «លោក ហ៊ុន សែន ត្រូវ​ពឹង​ចិន ដើម្បី​ឲ្យ​ចិន ជួយ​ជ្រោម​ជ្រែង​កូន​ប្រុសគាត់ គឺលោក ហ៊ុន ម៉ាណែត បន្ត​ស្នង​តំណែង​គាត់​ ទៅ​​ថ្ងៃ​​ក្រោយ»។ លោក ម៉ែន ណាត បន្ថែមថា «រឿងនេះ ភាគី​មេដឹកនាំ​ឯ​ទៀត ក្នុង​ជួរ​គណបក្ស​កាន់អំណាច​ដូចគ្នា ដែល​មាន​ស្វាម៉ី​ភក្តិ​​ជាមួយ​​វៀតណាម និង​​វៀតណា​ម​ខ្លួ​ន​ឯង ច្បាស់​ជា​​មិន​​យល់​ស្រប មិន​បណ្តោយ​ឲ្យ​លោក ហ៊ុន សែន ងាក​ទៅ​ចិន ទាំង​ស្រុង​ដោយ​​​ងាយៗ​នោះ​ទេ។ ដឹង​​ថា​​វៀតណាម អន់ចិត្ត លោក ហ៊ុន សែន ក៏មិន​រុញរាដែរ គឺចុះ​សន្ធិសញ្ញព្រំដែនបំពេញ​បន្ថែម ឆ្នាំ ២០១៩ ជាមួយ​វៀតណាម ដោយ​គ្មានបាន​ជូន​ដំណឹង​ទៅ​​រដ្ឋសភា ព្រឹទ្ធសភា និង​​ពលរដ្ឋមួយ​ម៉ាត់​សោះ បើទោះបី​ដឹង​ថា សន្ធិសញ្ញា​ព្រំដែន​ហ្នឹង វាធ្វើ​ឲ្យ​កម្ពុជា ខាត​បង់​ទឹកដី​ក៏ដោយ។ ហើយនៅ​ខែ​ធ្មូ ២០១៩ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ផ្តល់ដី​ធ្លី​ប្រមាណ ៤០ ហិកតា នៅ​​ខេត្ត​កំពង់ឆ្នាំង ឲ្យ​​ជន​ជាតិ​​វៀតណាម​​រស់នៅ ក្រោម​លេស​ថែរក្សា​បរិស្ថាន ដែល​​តម្រូវ​ឲ្យ​ធ្វើបម្លាស់ទី ពីផ្ទះ​បណ្តែតទឹក​​ លើ​​បឹង​ទន្លេសាប មក​រស់នៅ​លើ​គោក»

លោក ម៉ែន ណាត បានផ្តល់ហេតុផល​មួយចំនួន​ទៀតថា «កម្ពុជា នឹង​ជួប​ហា​និភ័យ​ធ្ងន់ធ្ងរ ខណៈ​កម្ពុជា​ មាន​​មេដឹកនាំ​​របៀប​​លោក ហ៊ុន សែន។ កម្ពុជា នឹង​ក្លាយ​ជាតំបន់​​ជម្លោះ​​នយោបាយ រវាង​​ឥទ្ធិពល​​ចិន ​និង​​​វៀតណាម ដូច​ទសវត្សរ៍​ទី​៧០ ក្នុង​សម័យ​ខ្មែរក្រហម។ យើង​មើល​ផែន​ការ​របស់​លោក ហ៊ុន សែន អនុញ្ញាត​​ឲ្យ​រដ្ឋាភិបា​លក្រុង​ប៉េកាំង ដាក់​មូល​ដ្ឋាន​យោធា នៅ​ឈូង​សមុទ្ររាម ខេត្ត​ព្រះសីហនុ និង​នៅខេត្ត​កោះកុង ក្នុង​គោលបំណង​​ទប់ទល់​​នឹង​ឥទ្ធិពល​​វៀតណាម។ ហើយ​​ក្រុមចារម្ម​​វៀតណាម នៅ​​កម្ពុជា ប្រាកដ​ជា​មិន​​អនុញ្ញាត​ឲ្យលោក ហ៊ុន សែន ធ្វើអ្វី​បាន​តាម​ចិត្ត​ពេក​ដែរ។ ជាឧទាហរណ៍​ជាក់ស្តែង កាល​ពីសម័យ​រដ្ឋប្រហារ ថ្ងៃ ០៥-០៦ កក្កដា ១៩៩៧ សូម្បីពួកយួន រើសអេតចាយ ក៏ទៅ​ជួយ​​លោក ហ៊ុន សែន បាញ់​គ្នា​បង្ហូរឈាម ជាមួយ​ក្រុម {បក្ស} ហ្វ៊ុនស៊ិនប៉ិច {របស់​សម្តេច​ក្រុមព្រះ នរោត្តម រណប្ញទ្ធិ នាយករដ្ឋមន្រ្តីទី១} ផង​ដែរ»

លោក មែ៉ន ណាត បន្ថែមថា ជម្លោះដែន​កោះ​ប៉ារ៉ាសែល និង​ស្ប្រាតលី ក្នុង​ឈូង​សមុទ្រ​ចិន​​ខាង​​ត្បូង​​នោះ ​វា​គ្រាន់​តែ​​ស្ថិត​ក្នុង​​ភាព​តាន​តឹង ក្នុង​ផ្លូវ​នយោបាយ ប៉ុន្តែ​មិន​ទាន់​អាច​​ឈាន​​ដល់​​ការប្រើ​កម្លាំង​ប្រដាប់​អាវុធ​នៅ​ឡើយ​ទេ។

ចំណែកលោក ប៉ាង សុខឿន ផ្តល់យោបល់ថា ចិន រំលោភ​ដែនទឹក​របស់​វៀតណាម និង​ហ្វ៊ីលីពីន គឺ​គ្មាន​ខ្វល់​ពី​ការ​គោរព​ច្បាប់​អន្តរជាតិ​ទេ ធ្វើ​យ៉ាង​ណា​ច្បាម​យក​ធន​ធាន​រ៉ែ នៅ​បាត​សមុទ្រ មាន​ទំហំ​រាប់ពាន់​លាន​ម៉ែត្រ​គូប ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ លោក បន្តថា «បើលោក ហ៊ុន សែន គាំទ្រចិន ដែល​​រំលោភ​​​បំពាន​​ច្បាប់​​អន្តរជាតិ ក្នុង​រឿង​​ជម្លោះ​ដែន​កោះ​​នោះ តើកម្ពុជា ដែល​​មាន​​ជម្លោះ​​ដែនទឹក ដែន​កោះ ជាមួយ​​វៀតណាម និង ថៃ ត្រូវ​ដោះ​ស្រាយ​យ៉ាងណា ទៅ​ថ្ងៃ​ក្រោយ? បើដូច្នោះ​មែន នោះ​​កម្ពុជា​យើង នឹង​មាន​​មុខមាត់​ឯណា ទៅហ៊ាន​​ប្តឹងតវ៉ា។ គេមិន​ត្រូវ​ធ្វើដូច​លោក ហ៊ុន សែន នោះទេ»

លោក ប៉ាង សុខឿន ថ្លែងថា «នយោបាយ​របស់​លោក ហ៊ុន សែន ងាក​ទៅ​ចិន រួច​ហើយ ហើយ​​ក៏​មិន​​អាច​​ដក​​ខ្លួន​​ចេញ​​ពី​វៀតណាម​​ដែរ។ លោក បន្តថា «លោក ហ៊ុន សែន ពឹងផ្អែក​ចិន ដើម្បី​​គាំទ្រ​​ផ្នែក​​សេដ្ឋកិច្ច​ផង និង​​ខាង​​នយោបាយ​​ផង។ ប៉ុន្តែគាត់ ពិបាក​​ដក​ខ្លួន​ពី​វៀតណាម ពីព្រោះ​​តែ​​វៀតណាម ក្តោប​ក្តាប់​​អំណាច​​រដ្ឋបាល​របស់​លោក ហ៊ុន សែន យ៉ាង​​ណែន​​ក្នុងដៃ ទាំង​​ខាង​​ចារកម្ម​យោធា នៅ​តាមក្រសួង​ស្ថាប័ននីមួយៗ​ផង។ រឿងនេះ មាន​តែ​លោក ហ៊ុន សែន ទេ ដែល​ដឹង​​ច្បាស់​​ជាង​​អ្នកណា​​ទាំង​អស់»

លោក សុខឿន បញ្ជាក់ថា លោក ហ៊ុន សែន ជាអ្នក​​ធ្វើ​ឲ្យ​​កិច្ចប្រជុំ​​សមាគម​​អាស៊ាន (ASEAN) បរាជ័យ​​រាល់​​លើក នៅ​​ពេល​ណា​​ដែល​​លើកយក​ប្រធានបទ អំពី​​ជម្លោះ​​នៅ​​ឈូង​សមុទ្រ​​ចិន​​ខាង​ត្បូង។ លោក ហ៊ុន សែន មិន​​ដែល​​ចុះហត្ថលេខា ទៅ​លើ​​សេចក្តី​ថ្លែងការណ៍រួម ឬ​សេច​ក្តី​​សម្រេច​​ណា​មួយ​​របស់​កិច្ច​ប្រជុំ​អាស៊ាន ម្ល៉ោះ​ហើយ​​សេចក្តីថ្លែងការណ៍ ចេញមិន​រួច ពីព្រោះ​តែលោក ហ៊ុន សែន កាន់​​ជើង​​ចិន។

លោក ម៉ែន ណាត បានរំលឹកថា «សមគម​អាស៊ាន (ASEAN) គ្មាន​​ឥទ្ធិពល​​នៅ​​ក្នុង​​តំបន់​​ទេ ហើយ​​ក៏​គ្មាន​​ឥទ្ធិពល​​ទៅ​​លើ​ប្រទេស​​ចិន ដែរ ពីព្រោះ​​សមាជិក​​អាស៊ាន​​មួយ​​ចំនួន ជាប់​បំណុល​ចិន ដូច​​កម្ពុជា​​ដែរ។ របប​ដឹកនាំ​របស់លោក ហ៊ុន សែន បាន​ជំពាក់​បំណុល​​ចិន ​ប្រមាណ ៥០០០ លាន​​​ដុល្លារ​​ហើយ ក្នុង​ចំណោម​​បំណុល​​បរទេស​​សរុប ប្រមាណ ១១ ពាន់​លាន​​ដុល្លារ»

លោក ម៉ែន ណាត ផ្តល់យោ​បល់ថា «ដើម្បីជំហរ​​ច្បាស់​លាស់ លោក ហ៊ុន សែន គួរ​តែ​បញ្ចៀស​​កម្ពុជា ចេញ​​ពីទំនាស់​​រវាង ចិន និង​​វៀតណាម ក្នុង​រឿង​​ជម្លោះ​​នៅ​ឈូង​​សមុទ្រ​ចិន ដោយលោក ហ៊ុន សែន អាច​​ចេញមុខ ទៅ​​និយាយ​​ជាមួយ​​ចិន និង វៀតណាម ក្នុង​នាម​​ជាមិត្តភាព​​ល្អ​របស់​ខ្លួន ហើយ​​ជួយ​ស​ម្រប​សម្រួល​​ជាមួយ​​សមគម​​អាស៊ាន នៅក្នុង​រឿង​នេះ​​ផង បើទោះ​បី​​មាន​​ប្រសិទ្ធភាព ឬ​​គ្មា​ន​ប្រសិទ្ធភាព​​ក្តី»។

លោក ប៉ាង សុខឿន និងលោក ម៉ែន ណាត យល់​ស្របគ្នា​ថា ប្រទេស​ចិន មាន​​ចេតនា​​តាំង​​ខ្លួន​​ជា​ម្ចាស់​​ថ្មី​របស់​​​​ពិភពេលោក ដែល​​បង្ហាញ​​ថា​​ជា​​អ្នក​​ខ្លាំង​​ខាង​​សព្វា​អាវុធ ក្នុង​ពេល​​ដែល​​ពិភពលោក កំពុង​​ជាប​​ដៃ​ក្នុង​​​វិបត្តិ​​មេរោគ​​កូរ៉ូណា និង​​តាំងខ្លួន​​ជា​អ្នក​​ជួយ​សង្គ្រោះ​​ពិភពលោក ដែល​​ផ្តល់​ក្រុមគ្រូពេទ្យ ទៅ​​ជួយ​ព្យាបាល​​អ្នកឆ្លង​​ជំងឺ​​កូរ៉ូណា នៅ​ប្រទេស​​មួយ​​ចំនួន។ មួយ​វិញ​ទៀត ប្រទេស​​ចិន ក៏មាន​​ចេតនា ចង់​បង្កសង្គ្រាម នៅ​ឈូង​សមុទ្រចិន​ខាង​ត្បូង។ ប្រទេស​ចិន នឹង​ទទួល​រងការប្តឹង​ប្តល់​ជុំទិស ពីបណ្តា​ប្រទេស​ដែល​រីក​រាល​ដាល​មេរោគ​កូរ៉ូណា នៅ​ក្រោយ​ជំងឺនេះ​ផុតរលត់​ទៅ។ ហើយ ចិន នៅ​តែ​មិន​អាច​ដើរ​តួនាទី ជំនួស​សហរដ្ឋ​អាមេរិក ក្នុង​ការ​គ្រប់គ្រង​ពិភពលោក​បាន​នៅ​ឡើយទេ៕

អត្ថបដោយលោក ម៉ែន ណាត នៃ​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ១៨ មេសា ២០២០

.

Advertisements