ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅថ្ងៃទី ២៧ ខែមសា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា កម្មករ​​​ខ្មែរ​​ជិត ១០​​ម៉ឺន​​នាក់ ប្រឈម​​នឹង​វិបត្តិ​អត់​​ការ​ងារ​​​ធ្វើ ខណៈ​​រោង​ចក្រ​ជាង ១៣០ ស្នើ​​សុំ​ព្យួរ​ការងារ​​របស់​ខ្លួន ក្រោម​ហេតុផល​ជំងឺ​កូរ៉ូណា ឬ​កូវីដ១៩ កំពុង​រីក​រាលដាល​​នៅ​​ជុំវិញ​ពិភពលោក។  ក្រសួងការងារ លើក​ឡើង​ថា ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ ធ្វើឲ្យ​អ្នក​បញ្ជាទិញ ផ្អាក​នាំ​ផលិតផល​​ពី​កម្ពុជា។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ​ថ្លែង​​ក្នុង​​សន្និសីទ​​កាសែត​​ថា «រោងចក្រ​​ទាំង​នោះ​ បាន​​ស្នើ​​សុំ​​បិទ​​រោង​ចក្រ​​តែ​ម្តង​ តែ​​ក្រសួង​​ការងារ​ ព្យាយាម​​សម្រប​សម្រួល​​ឲ្យ​​កម្មករ ​ទទួល​​បាន​​ផល​ប្រយោជន៍ ​តាម​​រយៈ​​ការ​ព្យួរ​​ការងារ​របស់​​កម្មករ​​វិញ។ ​​បើ​​រោងចក្រ​​បិទ​​ដំណើរ​​ការងារ​ នោះ​​កម្មករ ​នឹង​​មិន​​ទទួល​​បាន​​ប្រាក់​​ឧបត្ថម្ភ​​នោះ​​ទេ»។​ នេះ​បើ​តាម​ការផ្សាយ​​របស់​​វិទ្យុ វីអូអេ​ភាសា​ខ្មែរ (VOA Khmer) នៅ​ថ្ងៃទី ២៨ ខែ​មេសា​នេះ។

ចំណែក​គេហទំព័រ​ វីអូឌី (VOD) បាន​ដកស្រង់​សំដីមន្ត្រី​​រូប​នេះ ផ្សាយ​ថា «មាន​​រោងចក្រ​​ជាច្រើន ​បាន​​សម្រេច​​ព្យួរ​​ការងារ​ បន្ទាប់​​ពី​​វិបត្តិ​​សុខភាព​​ពិភព​លោក {ជំងឺ​កូវីដ១៩} ​បង្ខំ​​​ឱ្យ​​ទីផ្សារ​​សម្លៀក​​បំពាក់​​ធំៗ ​ដូចជា​​​សហភាព​​អឺរ៉ុប និង​​សហរដ្ឋ​​អាមេរិក បិទ​​ចរាចរណ៍​​ដឹក​​ជញ្ជូន និង​​ផ្អាក​​​ការបញ្ជា​​ទិញ»

ទាក់ទងនឹង​ជំងឺកូវីដ១៩ នេះ​ដែរ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពីថ្ងៃទី ២២ ខែ​មេសា បាន​ដាក់​បម្រាម​មិន​​អនុញ្ញាត​ឲ្យ​ពលករ​​ខ្មែរ​​ប្រមាណ ​៨៦.០០០ នាក់ ​​វិល​​ត្រឡប់​ទៅ​​ធ្វើការ​​នៅ​ប្រទេស​ថៃ វិញ​ភ្លាមៗ​ទេ ខណៈ​ពួកគេ​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំថ្មី។ ​ជា​មួយ​បម្រាម​នេះ ធ្វើឲ្យ​ក្រុមពលករ​ខ្មែរ​ មាន​​ការព្រួយ​បារម្ភ​​អំពី​​ជីវភាព​​របស់​​ពួក​គេ ​ដោយ​សារ​​មិន​​មាន​​ការ​ងារ​​ធ្វើ ទាំង​នៅ​ក្នុង​ស្រុក ហើយ​ចេញ​​ទៅ​ធ្វើការ​នៅ​ថៃ ក៏​មិន​បាន។

ពលរដ្ឋ​ខ្មែរ​ប្រមាណ​ ១ ​លាន ​២០​​ម៉ឺន​​នាក់ ​កំពុង​រស់​នៅ​ និង​​ធ្វើការ​​នៅ​ប្រទេស​​ថៃ​ សរុប​​ទាំង​ពលករ​ស្រប​ច្បាប់ និង​​មិន​​ស្រប​​ច្បាប់។​ ចំណែក​ពលករខ្មែរ កំពុង​ធ្វើការ​នៅប្រទេស​កូរ៉េ​ខាង​ត្បូង មាន​ជាង ៦៥០០០ នាក់។

ដោយសារវិបត្តិជំងឺកូវីដ១៩ បាន​ធ្វើ​ឲ្យ​ប្រទេស​នីមួយៗ ជា​ប្រទេស​ភូមិ​ផង​របស់​កម្ពុជា បិទ​ច្រក​ព្រំដែន​រៀងៗ​ខ្លួន រហូត​មក​ដល់​ពេល​នេះ ដើម្បី​បង្ការ​ទប់​ស្កាត់​ការរីក​រាល​ដាល​មេរោគ​ដ៏កាច​សាហាវ​នេះ៕

អត្ថបទដោយលោក ម៉ែន ណាត / ២៨ មេសា ២០២០

.

Advertisements