សេចក្តីថ្លែងការណ៍រួមស្តី​ពី «តំបន់ស» ជាមួយវៀតណាម ធ្វើ​នៅ​​​​ថ្ងៃ​ទី ១៧ មករា ១៩៩៥ ជាការដាក់​​​​​ទឹកដី​​​កម្ពុជា​​ខ្លួន​​ឯង ដោយ​​​ហាម​​ប្រាម​​​ពលរដ្ឋ​​ខ្មែរ មិន​​ឲ្យ​​​ចូល​​ទៅ​​​ធ្វើ​ស្រែ​​ចម្ការ​​​របស់​​ខ្លួន ដោយ​​ទុក​​​លទ្ធភាព​​​ឲ្យ​​រដ្ឋាភិបាល​ ​នៃ​​ប្រទេស​​ទាំង​​ពីរ ដោះ​​ស្រាយ​​​បញ្ហា​​ចម្រូង​​​ចម្រាស​​​ព្រំដែន​​​សិន។ កិច្ច​​ព្រមព្រៀង​ស្តីពីតំបន់ស​​នេះ មាន​​កម្រិត​បន្ទាប់​​បន្សំ​​ប៉ុណ្ណោះ។ ម្ល៉ោះ​​ហើយ​​​ភាគី​វៀត​ណាម តម្រូវ​​ឲ្យ​​ភាគី​​កម្ពុជា​​​របស់​​លោក ហ៊ុន សែន ត្រូវ​​ចុះ​​ហត្ថលេខា​​លើ សន្ធិសញ្ញាព្រំដែន​បំពេញបន្ថែម​ថ្មី ដ៏​​ចម្រូង​​ចម្រាស ​នៅ​​​ខែ​​តុលា ឆ្នាំ ២០០៥ ដើម្បី​​កំណត់​​ខ្សែ​​បន្ទាត់​​ព្រំដែន​​ថ្មី នៃ​​ប្រទេស​​​ទាំង​ពីរ។ រួចមក នៅ​​ក្រោយ​​ការ​បោះ​​បង្គោល​​ព្រំដែន​​បាន ៨៤% ភាគី​​វៀតណាម តម្រូវ​​ឲ្យ​​ភាគី​​របស់​​លោក ហ៊ុន សែន ចុះ​​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ថ្មី​​មួយ​​ទៀត នៅ​​​ខែ​​ធ្នូ ឆ្នាំ​២០១៩។ សន្ធិសញ្ញា​​ព្រំដែន​​​បំពេញ​​បន្ថែម ទាំង​ពីរ​នេះ ធ្វើ​ឡើង​ដោយ​​​គ្រាន់​​តែ​​​បន្ថែម​​​ខ្លឺមសារ​​​ទៅ​​លើ សន្ធិសញ្ញា​​កំណត់​​ព្រំដែន​​​​ខុស​​ច្បាប់ ឆ្នាំ​​១៩៨៥ ជាមួយ​​​វៀតណាម ​ហើយ​​មាន​​​ភ្ជាប់​​ផែនទី​​​ព្រំដែន ដែល​​​បោះពុម្ព​​​ឡើង​វិញ​​នៅ​​​វៀតណាម​​​ផង។ «សន្ធិសញ្ញា​​ព្រំដែន​​ថ្មីៗ​​ទាំង​នេះ ​តម្រូវ​​ឲ្យ​​​មាន​​​ការបោះ​​បង្គោល​​​ព្រំដែន និង​បោះ​បង្គោល​​​តម្រុយ​​​ព្រំដែន រំកិល​​​ចូល​​​ក្នុង​​ទឹកដី​​​ខ្មែរ ពី​សំណាក់​​វៀតណាម»(អត្ថបទបន្ថែមដោយលោក ម៉ែន ណាត នៃ​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា)

ក្រុម​យុវជន​៖ ​ការ​បោះតង់​របស់​​ទាហាន​​វៀតណាម ឆ្លង​​ចូល​​ទឹក​ដី​​កម្ពុជា ជា​​ការ​​ឈ្លាន​ពាន​​​ទឹក​ដី​​​ខ្មែរ

(RFA Khmer / ដោយ ទីន ហ្សាការីយ៉ា / 27-4-2020)
ស្នងការ​នគរបាល​ខេត្ត​កណ្ដាល និង​យោធា​កម្ពុជា បាន​ស្នើ​ឱ្យ​យោធា​វៀតណាម រុះរើ​តង់​ចំនួន ៩ កន្លែង​ផ្សេង​គ្នា​​ចេញ​​ពី​តំបន់​​ព្រំដែន ដែល​​មិន​ទាន់​​ឯកភាព​គ្នា វាស់វែង​​កំណត់​ខណ្ឌ​សីមា ឋិត​ក្នុង​​ស្រុក​​កោះធំ ខេត្ត​​កណ្ដាល។ អាជ្ញាធរ​ខ្មែរ​អះអាង​ថា ភាគី​វៀតណាម ប្រាប់​ថា ការ​បោះ​តង់​នោះ ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩។ ចំណែក ក្រុម​យុវជន ចាត់​ទុក​ទង្វើ​របស់​វៀតណាម​ថា ជា​រូបភាព​ឈ្លានពាន​ទឹក​ដី​កម្ពុជា។

ស្នងការ​នគរបាល​​ខេត្ត​កណ្ដាល លោក ឈឿន សុចិត្ត និង​យោធា​ការពារ​ព្រំដែន​លេខ ៦០៥ រួម​ទាំង​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​ទៅ​ពិនិត្យ​បន្ទាត់​ព្រំដែន មិន​ទាន់​ឯកភាព​បោះ​បង្គោល​ព្រំដែន នៅ​ចំណុច​ប៉ុស្តិ៍​ដំបូក​ចែវ ក្នុង​ឃុំ​ព្រែក​ស្បូវ ស្រុក​កោះ​ធំ កាល​ពី​ថ្ងៃ​ទី ២៦ ខែ​មេសា។

ការ​ចុះ​ពិនិត្យ​នេះ ដោយសារ​យោធា​វៀតណាម បាន​បោះ​តង់ និង​ចង​អង្រឹង​ចំនួន ៩កន្លែង​ឆ្លង​ចូល​ទឹក​ដី​កម្ពុជា ក្រោម​ហេតុផល​ថា ទប់​ស្កាត់​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ-១៩។ អាជ្ញាធរ​កម្ពុជា​បាន​ស្នើ​ឱ្យ​ទាហាន​វៀតណាម រុះរើ​តង់​ទាំង​នោះ​ចេញ​ជា​បន្ទាន់។ នេះ​បើ​យោង​តាម​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល។

អាស៊ី​សេរី​ ព្យាយាម​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក ឈឿន សុចិត្ត ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី២៧ មេសា។

ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ប្រាប់​អាស៊ី​សេរី​ថា តំបន់​នោះ ជា​តំបន់​ស មិន​ទាន់​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ហើយ​ភាគី ប្រទេស​ទាំង​ពីរ ត្រៀម​ស្នើ​ទៅ​រដ្ឋាភិបាល​បារាំង ឱ្យ​ចម្លង​ខ្សែ​ព្រំដែន ពី​ផែនទី​បោន (Bonne) ខ្នាត ១/១០០ ពាន់ ទៅ​ជា​ផែនទី UTM ខ្នាត ១/៥០ ពាន់​វិញ។ លោក​ថា តង់​ដែល​វៀតណាម ​បោះ​នៅ​តំបន់​នោះ ជា​ការ​រំលោភ​លើ​សេចក្ដីប្រកាស​ព័ត៌មាន​រួម កាល​ពី​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៩៥ ដូច្នេះ​ហើយ​ទើប​លោក ណែនាំ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា ស្នើ​ឱ្យ​វៀតណាម​រុះរើ​តង់​ទាំង​នោះ ចេញ​ពី​តំបន់​ព្រំដែន​ជាបន្ទាន់៖ «តំបន់​នោះ យើង​ដាក់​ក្នុង​តំបន់​ដែល​យើង​ស្នើ​ឱ្យ​ភាគី​បារាំង​គេ​មក​ជួយ នៅ​ថ្ងៃ​ក្រោយ​ថ្ងៃ​ណា គេ​មក​ជួយ​ចម្លង​ផែនទី​បោន​ពី ១០០ពាន់ លើ ៥០ពាន់។ ចោទ​គេ​ថា រំលោភ​អធិបតេយ្យ​យើង វា​ធ្ងន់ធ្ងរ​ពេក​ហើយ អ្នក​នៅ​ជិត​គ្នា យើង​ក៏​មិន​ដឹង​ថា ខ្សែ​យើង​នៅ​ត្រង់​ណា គេ​ក៏​មិន​ដឹង​ថា ខ្សែ​យើង​នៅ​ត្រង់​ណា។ តាម​ពិត​ទៅ​គេ​ថា បោះ​តង់​យាម ដើម្បី​ការពារ​វីរុស​កូរ៉ូណា​ថ្មី​នោះ បាន​គេ​បោះ​តង់​យាម នៅ​នោះ តែ​ប៉ុណ្ណឹង​វា​មិន​មែន​អី​ថា ធ្ងន់ធ្ងរ»

ប្រធាន​​ក្រុម​ការងារ ១០០រាត្រី និង​ជា​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ចាត់​ទុក ទង្វើ​របស់​វៀតណាម ជា​រូបភាព​ឈ្លានពាន​ទឹកដី​កម្ពុជា ក្រោម​លេស​ថា ទប់​ស្កាត់​ជំងឺ​កូវីដ-១៩។ លោក ភាគី​វៀតណាម​មាន​ល្បិច​ច្រើន ក្នុង​ការ​ឈ្លានពាន​ទឹក​ដី​កម្ពុជា ហើយ​បើ​ទោះ​បី​ភាគី​ប្រទេស​ទាំង​ពីរ បាន​បោះ​បង្គោល​សម្រេច​បាន ៨៤ភាគ​រយ​ក្ដី ក៏​មិន​ប្រាកដ​ថា វៀតណាម​ឈប់​ឈ្លានពាន​ទឹក​ដី​កម្ពុជា​ដែរ។

លោក​ផ្ដល់​ទស្សនៈ​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​មាន​ជំហរ​រឹងមាំ ការពារ​បង្គោល​ព្រំដែន ដែល​បោះ​រួច​ចំនួន ៨៤ភាគ​រយ ព្រោះ​តំបន់​ដែល​មិន​ទាន់​ឯកភាព​គ្នា កំណត់​ខណ្ឌ​សីមា ភាគី​វៀតណាម បាន​ប្រើ​កម្លាំង​យោធា និង​ប្រជាជន​របស់​ខ្លួន បន្ត​ឈ្លានពាន​ទឹក​ដី​កម្ពុជា ដូចជា នៅ​តំបន់​ដាក់ហ៊ួដ ក្នុង​ខេត្ត​មណ្ឌលគិរី តំបន់​តំបន់​ប៉ាក់ណាម​ក្នុង​ខេត្ត​កណ្ដាល និង​តំបន់​អន្លង់​ជ្រៃ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ជា​ដើម៖ «ប៉ុន្តែ​បើ​យើង មក​មើល​ស្ថានភាព​មក​ដល់​ឥឡូវ​នេះ ព្រំដែន​ដែល​បាន​បោះ​រួច​ក្តី​ក៏​យើង​ឃើញ​ថា ការ​ការពារ នៅ​មាន​កម្រិត​ខ្សោយ​ណាស់។ ឧទាហរណ៍​យើង​ឃើញ​ថា មាន​ជន​ជាតិ​វៀតណាម​ជា​ច្រើន បាន​ចូល​មក​នៅ​តាម​បណ្តោយ​ព្រំដែន​យើង ដូច​ជា នៅ​ភូមិ​ប៉ាក់ណាម ថ្ម​បី​ដុំ ក្អម​សំណ និង​ស្រុក​ព្រះ​ស្តេច និង​នៅ​តំបន់​ផ្សេងៗ ទៀត ហើយ​ជា​ពិសេស ការ​ចេញ​ចូល​របស់​ជន​ជាតិ​វៀតណាម មក​លើ​កម្ពុជា​យើង គឺ​ភាគ​ច្រើន​ខុស​ច្បាប់ និង​ធ្វើ​ឡើង​ដោយ​មាន​អំពើ​ពុករលួយ»

ចំណែក​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បក​ស្រាយ​ថា នាយក​រដ្ឋមន្ត្រី​ប្រទេស​ទាំង​ពីរ បាន​ចុះ​ហត្ថលេខា ទទួល​ស្គាល់​បង្គោល​ព្រំដែន ដែល​បាន​បោះ​រួច​ចំនួន ៨៤ភាគ​រយ​រួច​ហើយ។ លោក​ថា បង្គោល​ព្រំដែន​ទាំង​នោះ មាន​និយាមកា​គ្រប់​តំបន់​ទាំង​អស់ ដែល​លោក និង​ភាគី​វៀតណាម បាន​ចុះ​ហត្ថលេខា​លើ​ពិធីសារ ក្នុង​ឯកសារ​រាប់​ពាន់​ទំព័រ ក្នុង​ការ​ប្រើប្រាស់​ផែនទី​ខ្នាត ២៥ពាន់ ដែល​កំណត់​និយាមកា​ គ្រប់​ចំណុច​ទាំង​អស់ និង​មាន​ខ្សែ​ព្រំដែន​ច្បាស់លាស់​កំណត់​ខណ្ឌ​សីមា​ប្រទេស​ទាំង​ពីរ ដែល​ភាគី​ប្រទេស​ទាំង​ពីរ គ្រោង​យក​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ស្រប​តាម​ធម្មនុញ្ញ​របស់​អង្គការ​សហការ​ប្រជាជាតិ៖ «ជា​តឹកតាង​មួយ​ដ៏​សំខាន់ ទុក​ជា​កេរមរតក ទុក​ឱ្យ​ពលរដ្ឋ​រាប់​សតវត្ស​ទៅ​ក្រោយ​ទៀត ឈប់​ឱ្យ​មាន​ជម្លោះ​ព្រំដែន ដោយសារ​ផែនទី​មិន​ច្បាស់លាស់។ ផែនទី ៨៤ភាគ​រយ គឺ​ជា​ផែនទី​ដែល​មាន​និយាម​ការ​គ្រប់​ចំណុច នៃ​ខ្សែ​ព្រំដែន មិន​ត្រឹម​តែ​បង្គោល​ព្រំដែន​ធំ បង្គោល​ព្រំដែន​បំពេញ​បន្ថែម និង​តម្រុយ​ព្រំដែន​ទេ។ នេះ​ជា​ការ​ធានា​រាប់​រង»

កម្ពុជា​ មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម ​ចំនួន ១.២៤៥ គីឡូម៉ែត្រ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន ៣៧១ ​បង្គោល។ បច្ចុប្បន្ន​ប្រទេស​ទាំង​ពីរ​ បាន​បោះ​បង្គោល​រួចរាល់​ចំនួន ៣១៥​ បង្គោល ស្មើនឹង ៨៤ ភាគ​រយ ហើយ​បង្គោល​នៅសល់​ចំនួន ៥៦ទៀត មាន​ឋិត​នៅ​ខេត្ត​រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ៕

.

Advertisements