អត្ថបទដោយ TCD / 23-6-2020

អ្នកវិភាគនយោបាយ លោក គឹម សុខ ព្រមានថា ក្រុមគ្រួសារ​​ត្រកូល ហ៊ុន របស់​​​លោក ហ៊ុន សែន ឈាន​​ទៅ​​រក​​ការបំផ្លាញ​​​​ជាតិ​​​​កាន់​​​តែ​​ខ្លាំង បើ​​អំណាច​​នៃ​​​​ការដឹកនាំ​​​ប្រទេស​​​​នេះ ធ្លាក់​​​ទៅ​​​លើ​​​លោក ហ៊ុន ម៉ាណែត មែននោះ។ លោក​សង្កត់ធ្ងន់​​ថា ​តំណែង​​របស់​​​លោក ហ៊ុន ម៉ាណែត ឡើង​​តាម​​​ជើង​​ខោ​​របស់​ឪពុក​​​ខ្លួន​ មិនអាច​បញ្ជាក់​ពី​សមត្ថភាព គុណធម៌ និង​សីលធម៌វិជ្ជាជីវៈ របស់​អ្នកដឹកនាំ​ទេ។

លោក គឹម សុខ អ្នកវិភាគ​នយោបាយ​​សង្គម ​​មានមូលដ្ឋាននៅ​​ប្រទេស ហ្វាំងឡង់ មាន​​ប្រសាសន៍​​ថា «ការបញ្ជា​ទិញ​រថយន្ត​យោធា​​ធុន​ធំ​ ចំនួន ២៩០ គ្រឿង​របស់​​លោក ហ៊ុន ម៉ាណែត គឺ​ទុក​បម្រុង ដើម្បី​​បង្ក្រាបការ​តវ៉ា​​របស់​​ប្រជាពល​រដ្ឋ និង​​ការពារ​អំណាច​​បក្ខពួក​​គ្រួសានិយម របស់​ត្រកូល ហ៊ុន តែប៉ុណ្ណោះ»។ លោកបញ្ជាក់​ថា «នៅមានអាថ៌កំបាំងច្រើនណាស់ ក្នុង​ការទិញ​សម្ភារៈ​សឹក​ទាំង​នេះ ទាក់ទិន​ទៅ​នឹងប្រភព​ចំណូល​​មិន​ច្បាស់លាស់ មិន​មាន​តួលេខ​ថវិកា​ជាក់លាក់ ការចុះកិច្ចព្រមព្រៀង​ជា​លក្ខណម្ងាត់ និង​​វត្ថុបំណង​ពិត​នៅ​ពីក្រោយ នៅក្នុងការប្រើប្រាស់​​រថយន្ត​ទាំងនេះ»។ ការអះអាង​របស់​​លោក គឹម សុខ ធ្វើ​ឡើង​នៅ​​ក្នុង​​ការផ្សាយ​​កម្មវិធី Idea Talk នៃ​សារព័ត៌មាន ឌឹខេមបូឌា ឌែលី (The Cambodia Daily) កាលពីរាត្រី​ថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ​២០២០។

ចំណែកប្រធានក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ បានរិះគន់ថា​ «ការទិញ​រថយន្ត​ទាំង​​នេះ មិនបាន​ឆ្លើយតប​ទៅ​នឹង​ដំណោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​​របស់​​កម្ពុជា កំពុង​ប្រឈម​​ឡើយ ផ្ទុយ​ទៅវិញ​ជាការបង្ហាញ​សញ្ញា​នៃ​ ការគម្រាម​កំហែង​ទៅ​ដល់​​ប្រជាជន ដែល​​មិនពេញចិត្ត​នឹង​ការដឹកនាំ​របស់ខ្លួន​តែប៉ុណ្ណោះ»។ កញ្ញាបន្តថា មានវិស័យអាទិភាព​ច្រើន​ណាស់ ដែល​កំពុងត្រូវការថវិកា ក្នុង​ការជួយ​ជំរុញសេដ្ឋកិច្ច​ជាតិ​ ឲ្យ​ងើប​ឡើងវិញ ដើម្បី​​ដោះស្រាយ​ដល់​ជីវភាព​របស់ប្រជា​ពលរដ្ឋ ក្នុង​ស្ថានភាព​ជំងឺកូវីដ-១៩ នេះ។

ចំណែកលោក គឹម សុខ អះអាងថា «ដើម្បី​ពង្រឹង​វិស័យយោធា មិន​មែន​​ផ្អែក​​ទៅ​លើរថយន្ត​​ទាំង​នោះ​ទេ គឺ​ត្រូវ​ធ្វើ​ទំនើបកម្ម​បចេ្ចកទេស​គ្រប់ផ្នែក នៃ​វិស័យកងទ័ព​ដូចជា កងទ័ព​ជើងទឹក ជើងគោក​ និង​ជើងអាកាស រីឯសម្ភារៈសឹក ត្រូវ​មាន​រថក្រោះ យន្តហោះ និង​អាវុធធុន​ធ្ងន់​ជាដើម។ ជាងនេះ​ទៅទៀត​ ត្រូវ​រៀបរចនា​សម្ព័ន្ធ​យោធា តាម​អតីតភាព​ការងារ ស្នាដៃ គុណសម្បត្តិ និងគុណធម៌​របស់​មន្ត្រីទាំង​នោះ។

កាលពីថ្ងៃទី១៨ ខែ​មិថុនា លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា រថយន្តទាំង ២៩០ គ្រឿង ត្រូវ​បែង​ចែក​​ទៅ​​ឲ្យ​​​អគ្គស្នងការដ្ឋាន​​​នគរ​បាល​​​ជាតិ ​៤០​ គ្រឿង និង​​កង​​យោធ​ពល​​ខេមរភូមិន្ទ ២៥០ ​គ្រឿង។ មេបញ្ជាការកងទ័ព​ជើង​គោករូបនេះ លើកឡើងថា «ការ​បញ្ជាទិញ​​រថយន្ត​យោធា ​ពី​ប្រទេស​​ចិន នេះ គឺ​ធ្វើ​ឡើង​​តាំង​ពី​​ពាក់​កណ្ដា​ល​​ឆ្នាំ​២​០១៩ មក​ម្ល៉េះ ហើយ​​ក៏មិនប៉ះពាល់​លុយជាតិ សូម្បីតែ ១ រៀលដែរ។ ម្យ៉ាងវិញ​ទៀតការទិញ​​​រថយន្ត​​ទាំង​នេះ គឺ​ដើម្បី​​យក​មក​​ពង្រឹង​​​វិស័យ​​យោធា សម្រាប់​​ដឹកជញ្ជូន​​កងកម្លាំង និង​​ពលរដ្ឋ​​ពេល​​​​មាន​​​​គ្រោះអាសន្ន​ ជម្លោះ​​តាម​​ព្រំដែន គ្រោះ​​ទឹក​ជំនន់ គ្រោះ​អគ្គីភ័យ និង​​ពេល​មាន​​ពិធី​បុណ្យទាន​​ជាដើម»

រថយន្ត​ទាំង ​២៩០ ​គ្រឿង​នេះ មាន​ ២ ​ប្រភេទ គឺ​ប្រភេទកង់ ៦ និងប្រភេទ​កង់ ​១០​។ ប្រភេទ​រថយន្ត​កង់ ​៦ អាច​ផ្ទុក​ទម្ងន់​ប្រមាណ ១០​តោន ហើយ​អាចដាក់​កងកម្លាំង បាន​ប្រហែល ២០ ​នាក់ ចំណែក​ប្រភេទ​កង់ ១០ អាច​ផ្ទុក​ទម្ងន់​បាន​ប្រមាណ ២០ ​តោន និងអាច​ដាក់​កងកម្លាំង​អាច​បាន ៣០ នាក់។

ជុំវិញបញ្ហានេះ ឌឹខេមបូឌា ឌែលី មិនអាចសុំការបំភ្លឺពីលោក ហ៊ុន ម៉ាណែត លម្អិតអំពីប្រភពចំណូល និងចំនួនជាក់លាក់នៃថវិកា ដែលបានប្រើប្រាស់ ដើម្បីទិញរថយន្តទាំងនោះបានទេ ព្រោះលោកបដិសេធមិន​ផ្តល់​សម្ភាសន៍តាមទូរស័ព្ទឡើយ។

ប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិតេយ្យ លោក អ៊ុំ សំអាន មាន​​​ប្រសាសន៍​​ថា «ទោះ​បីជា​រថយន្ត​​យោធា​​ទាំងនោះ ត្រូវ​បាន​​បញ្ជា​​ទិញ​​​តាំង​​​ពី​​មុន​​ផ្ទុះ​​​ជំងឺ​​កូវីដ១៩ ​ក្តី ប៉ុន្តែ​រដ្ឋាភិបាល អាច​មាន​សិទ្ធិ​លុបចោល ឬ​ពន្យារ​​ពេល​​ការទិញ​​រថយន្ត​​ទាំងនេះ ដើម្បី​បង្វិល​ថវិកា​ទាំងនោះ សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​​កំពុង​​រង​ទុក្ខ​​វេទនា​បាត់​បង់​​ការងារ​​ធ្វើ និង​គ្មាន​អាហារ​ហូបចុក ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩ នេះ ​ជា​មុន​សិន»

លោក គឹម សុខ បានប្រតិកម្មថា ស្ថិត​ក្នុង​ស្ថានភាព​ជំងឺ​កូវីដ​១៩ នេះ កម្ពុជា​​​មិន​​មាន​​ភាព​​ចាំបាច់​​ ក្នុង​ការ​ទិញ​​សម្ភារៈ​យោធា​នោះ​ទេ ដោយសារប្រជា​ពលរដ្ឋ​ កំពុង​​ជួប​​វិបត្តិ គ្មាន​ប្រាក់​ចំណូល ព្រោះបាត់បង់ការងារ​ ហើយថែមទាំងមិនទាន់ទទួលបានការដោះស្រាយ​បញ្ហានេះ សមស្រប​ណាមួយ​ពី​រដ្ឋាភិបាល​នៅ​ឡើយ។​ លោកបន្តថា ការអូសបន្លាយនៃជំងឺ​រាតត្បាត​មួយនេះ ជាពេលវេលាត្រូវយកចិត្តទុកដាក់ថា តើ​​ត្រូវ​​ជួយ​ដោះ​​ស្រាយ​​វិបត្តិ​សេដ្ឋកិច្ច​ ដែល​កំពុង​​ធ្លាក់​ចុះនេះ​ដូចម្តេច​ ​និង​ត្រៀម​​លក្ខណៈ​ការពារ​​ខឿន​សេដ្ឋកិច្ចជាតិ ពី​ផល​ប៉ះពាល់​នៃ​ការដកប្រព័ន្ធ​អនុគ្រោះពន្ធ EBA​ ដែល​​​នឹង​បាត់បង់​ ក្នុង​ពេលដ៏ខ្លីខាង​មុខនេះ ដោយរបៀបណា។

ចំណែកកញ្ញា លី ស្រីស្រស់ បានផ្តល់អនុសាសន៍ថា រដ្ឋាភិបាល​​គួរ​តែ​​បង្ហាញ​​តម្លាភាព​​ពីការទិញ​​រថយន្ត​​ទាំងនេះ ឲ្យបាន​ច្បាស់លាស់ ដើម្បីជៀសវាង​ការបាត់បង់​ទំនុក​ចិត្ត​របស់​ប្រជាពលរដ្ឋ៕

.

Advertisements