អត្ថបទដោយ TCD / សម្រួលអត្ថបទដោយលោក ម៉ែន ណាត / 24-6-2020

ថ្លែងនៅ​ក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន​ ឌឹខេមបូឌា ឌែលី (The Cambodia Daily) ល្ងាច​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​​២០២០ ក្រុមវាគ្មិន បាន​លើកឡើង​ស្របគ្នា​ថា កម្ពុជា មាន​ភស្តុតាង​ផ្លូវច្បាប់​ជាតិ និង​អន្តរជាតិ ដើម្បី​បញ្ជាក់​ថា «កោះត្រល់ និង​ចង្កោមកោះ​​ដទៃទៀត​ ជារបស់​ខ្មែរ»។ ចំណុចបញ្ហា គឺ​នៅ​ត្រង់​ថា​លោក ហ៊ុន សែន មិនហ៊ាន​ដឹកនាំរដ្ឋាភិបាល​របស់​លោក ទៅ​តវ៉ា​ទាមទា​រពី​វៀតណាម​តែ​ប៉ុណ្ណោះ។

លោក ទូច វិបុល ប្រធាន​ចលនានិស្សិត​ដើម្បីលទ្ធិប្រជាធិបតេយ្យ ទើប​នឹងចាប់កំណើតលើកទី២ ឡើង​វិញ បាន​ថ្លែង​ថា​ ក្រុមចលនា​និស្សិត​របស់​លោក កំពុង​ធ្វើការ​ទូត ជាមួយ​មេដឹកនាំ​ប្រទេស​ផ្សេងៗ ដើម្បីប្រមូល​​ឯកសារ​​ផ្លូវច្បាប់​ កំណត់ទូត សេចក្តីថ្លែងការណ៍ និង​​កិច្ចព្រមព្រៀងនានា បាន​លើក​ឡើង​​ថា «កោះត្រល់ និងចង្កោមកោះក្រចកចេះ ជាកម្មសិទ្ធ​របស់កម្ពុជា»។ លោកបញ្ញាក់ថា បើ​សង្ឃឹម​លើរដ្ឋាភិបាល​ ទាមទារ​ពី​វៀតណាម ហាក់​​គ្មាន​​ពន្លឺ​ទាល់តែ​សោះ ព្រោះ​ការដឹកនាំ​របស់​លោក ហ៊ុន សែន ជាង​ ៣០ ឆ្នាំមកនេះ មាន​តែកាត់កោះទាំងនេះ ឲ្យ​ទៅ​វៀតណាម​​ម្តងមួយៗ​ទៅវិញ។

និស្សិតថ្នាក់បណ្ឌិត នៅប្រទេសចិន លោក សេក សុជាតិ បានថ្លែង​ថា «ដើម្បី​ឲ្យមាន​ប្រសិទ្ធិភាព​ក្នុង​ការតវ៉ា​ ពី​ការរំលោភ​បំពាន​របស់​វៀតណាម មក​លើ​កម្ពុជា អ្នកនយោបាយ និង​ឥស្សរជន​ជាន់ខ្ពស់​ ត្រូវ​រក​ផ្លូវចរចា​នយោបាយ​ ដើម្បីផ្សះផ្សាគ្នា ឈានទៅរកការឯកភាពជាតិ​ ជាមុន​សិន»។ លោកបន្តថា «ការ​មិន​ចុះសម្រុង​គ្នារ រវាង​អ្នកនយោបាយ​គ្នាឯង​នេះ​ហើយ ជា​ហេតុ​ធ្វើឲ្យ​អន្តរជាតិ​ពិបាក​ក្នុង​ការសម្រេចចិត្ត​ ជួយផ្តល់​​យុត្តិធម៌​​ជូន​​កម្ពុជា ពីព្រោះ​រដ្ឋាភិបាល​ {លោក ហ៊ុន សែន} ឯកភាព​ថា «កោះត្រល់ ជារបស់​វៀត​ណាម»។ ចំណែកនិស្សិតបញ្ញវន្ត សង្គមស៊ីវិល​ សមាគម និងបក្សប្រឆាំងអះអាង​ថា «កោះត្រល់ ជារបស់ខ្មែរ»»

លោក ទូច វិបុល លើកឡើងថា យុទ្ធនាការចលនានិស្សិតនេះ មានគោលដៅ​លាតត្រដាង​ការពិត​ ប្រាប់​ពិភពលោក​ឲ្យ​ដឹងថា «វៀតណាម ជាជនដៃដល់ ក្នុង​ការរំលោភ​លើ​សន្ធិសញ្ញាអន្តរជាតិ ​ឈ្លានពាន​យក​​កោះត្រល់ និងចង្កោមកោះក្រចកសេះ ដោយបង្ខំ​​ឲ្យរដ្ឋាភិបាល​​​ខ្មែរ លោក ហ៊ុន សែន ជួយ​សម្រេច​​មហិច្ឆិតា​​របស់​ខ្លួន តាម​រយៈ​កិច្ចព្រមព្រៀង​ដែន​ទឹក​ប្រវត្តិសាស្រ្ត ខែ​កក្កដា ឆ្នាំ​១៩៨២»

ទោះជាយ៉ាងណាក៏ដោយ លោក​ ហ៊ុន​ សែន ​ធ្លាប់​​អះអាង​ថា​ «កោះត្រល់ ​បាន​​បាត់បង់​​ពី​ខ្មែរ​ ​ក្លាយ​ជា​​របស់​វៀតណាម ​តាំង​ពី​ជំនាន់​​អ្នកដឹកនាំ​​​​​មុនៗ​ មក​ម្ល៉េះ​»​។​​ លោកបន្ថែមថា កោះត្រល់ បាន​បាត់​ទៅ​ជាមួយកម្ពុជាក្រោម ដែល​ត្រូវ​បាន​​បារាំង ផ្ទេរ​សិទ្ធិដែន​កូសាំងស៊ីន (កម្ពុជាក្រោម) ទៅឲ្យវៀតណាម ជា​អ្នក​គ្រប់គ្រង​ នៅថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​១៩៤៩។

ជានេះទៅទៀត ប្រធាន​គណៈកម្មាធិការ​ចម្រុះ​​កិច្ចការ​​ព្រំដែន​​កម្ពុជា លោក វ៉ា គឹមហុង តែង​​តែ​​បដិសេធ​​ក្នុង​​ការ​​ឆ្លើយ​​បំភ្លឺ​​ ​ជុំវិញ​​ការ​រក​ឃើញ​​ទាំង​ឡាយ​ណា ដែល​​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​ ​បាន​​ធ្វើ​​ឲ្យ​​បាត់​​បង់​​កោះ​ត្រល់​ ទៅ​​វៀតណាម។ លោក​បន្តថា «​កោះត្រល់ អាច​ទាមទារ​មក​វិញ​បាន បើ​មាន​រដ្ឋាភិបាល​ក្រោយ​ណាដឹកនាំ»

សារចរាចររបស់លោក ប្រេវីយេ (Brévié) ដែលចុះថ្ងៃទី ៣១ ខែមករា ឆ្នាំ១៩៣៩ បាន​បញ្ជាក់​​លំអិត​ថា «កោះត្រល់ ជារបស់​ប្រទេស​កម្ពុជា ហើយ​បារាំង គ្រប់គ្រង​កោះត្រល់ តែផ្នែក​ប៉ូលីស និងរដ្ឋបាល​ប៉ុណ្ណោះ»។ ព្រះរាជក្រឹត្យរបស់ស្តេចព្រះ នរោត្តម សុរាម្រិត ឆ្នាំ​១៩៥៧ បញ្ជាក់ថា «កោះត្រល់ ឬ កោះភូកុក គឺ​ជា​ឈ្មោះកោះ​តែ​មួយ ដែល​ជាកម្មសិទ្ធិ​របស់​កម្ពុជា»។ រដ្ឋាភិបាល ក្នុងសម័យ​លោក​សេនាប្រមុខ លន់ នល់ និង​របបក្រហម ក៏នៅ​តែបញ្ជាក់​ថា «កោះត្រល់ គឺជាកម្មសិទ្ធិរបស់កម្ពុជា» ហើយ​នៅ​ឆ្នាំ​ ១៩៧៦ កងទ័ព​ខ្មែរ​ក្រហម បាន​លើកទ័ព​ឈរជើង​ នៅ​លើកោះត្រល់ បាន​មួយរយៈ​ទៀត​ផង។

លុះមកដល់ថ្ងៃទី ១៦ តុលា ២០០៤ អតីត​​ព្រះមហាក្សត្រ សម្តេច​ នរោត្តម សីហនុ បាន​ចេញ​ព្រះរាជសារ ​​រំលឹក​​​ទៅ​​លោក ហ៊ុន សែន ​ជា​​ប្រមុ​ខរដ្ឋាភិបាល​​​ថា «គ្មាន​​សម័យ​ណា គ្មាន​មេដឹកនាំ​ណា ដែល​ហ៊ាន​និយាយ​ថា កោះត្រល់ ត្រូវ​បាន​​កាត់​​ទៅ​​ឲ្យ​វៀតណាម​​ទេ»។ 

នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ​២០១៩ កម្ពុជា ចុះហត្ថលេខា​ជាផ្លូវការ លើសន្ធិសញ្ញា​បំពេញ​បន្ថែម​ថ្មី​មួយ​ទៀត​ ទៅ​​លើ​សន្ធិសញ្ញា​​កំណត់​​ព្រំដែនរដ្ឋ ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ​២០០៥ ជាមួយ​ប្រទេស​វៀត​ណាម។

សៀវភៅ​ព្រំដែន​​របស់​​លោក ស៊ាន ប៉េងសែ បាន​​កត់ត្រា​​ថា សន្ធិសញ្ញា​​កំណត់​​ព្រំដែនរដ្ឋ ឆ្នាំ​១៩៨៥ ជាសន្ធិសញ្ញា​​ខុស​​ច្បាប់។ ហើយ​កិច្ចព្រមព្រៀង​ទឹកប្រវត្តិសាស្រ្ត ធ្វើឡើង​នៅ​ខែ​កក្កដា ឆ្នាំ ១៩៨២ ក៏ជា​​សន្ធិសញ្ញា​​ខុស​​ច្បាប់​​ដែរ។ សៀវភៅនេះ រៀបរាប់​អំពីសន្ធិសញ្ញា និង​​កិច្ចព្រម​ព្រៀង​នានា នា​ទស​វត្សរ៍​ទី​៨០ ​ផ្ទុយនឹង​​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​​​ធ្វើ​​ឲ្យ​​​កម្ពុជា បាត់​​ព្រំ​ដែន​ទឹក​របស់​ខ្លួន ​ជាង ៣ ​ម៉ឺន​គីឡូ​​ម៉ែត្រ​​ក្រឡា និងរួម​បញ្ចូល​​ទាំង​ កោះត្រល់ ទំហំ ៥៧៤ ​គីឡូម៉ែត្រ​ក្រឡា ព្រមនាំឲ្យ​​​ខ្មែរ ​បាត់បង់​កោះ​ក្រចក​សេះ (កោះ​ប៉ូឡូប៉ង់ហ្សង់) ដែល​មាន​ទំហំ​ប្រហែល ៦ ​គីឡូ​ម៉ែត្រ​ក្រឡា និង​បាត់​ព្រំដែន​គោក​ ប្រហែល​​​ពី ៤០០០ ទៅ ៦០០០ ​គីឡូម៉ែត្រ​ក្រឡា​​ថែម​​ទៀត

លោក​ ទូច វិបុល ផ្តល់អនុសាសន៍ថា «បើរដ្ឋាភិបាល ចង់​បញ្ជាក់​ពីភាពស្អាតស្អំ​របស់ខ្លួន ត្រូវ​​តែ​ហ៊ានប្រកាស​​មោឃភាព​ នូវសន្ធិសញ្ញា​ទ្វេភាគី​នានា រវាងកម្ពុជា-វៀតណាម ព្រមទាំង​​ចេញ​សេចក្តីថ្លែងការណ៍ជាសាធារណ ទាមទារ​ឲ្យវៀតណាម ឈប់បន្តការអភិវឌ្ឍ លើកោះត្រល់ជាបន្ទាន់»

ចំណែក​លោក សេក​ សុជាតិ ឯកភាពថា «ការទាមទារកោះត្រល់ មកវិញ មិនអាច​ទៅ​ពឹង​មិត្តដែកថែប​ចិន​ ដោយ​ប្រើកម្លាំងទ័ព​ជាដាច់ខាត​​ ព្រោះ​មិនស្រប​នឹង​គោលការណ៍ច្បាប់អន្តរជាតិឡើយ»

លោក​ ទូច វិបុល បានអំពាវនាវថា «អ្នកនយោបាយ ត្រូវនាំគ្នា​ឯកភាព​ លើបូរភាព​ទឹកដី ជា​ប្រយោជន៍ជាតិ និង​អធិបតេយ្យភាព​ជាតិ សូមកុំឯកភាព តែលើប្រយោជន៍យោបាយរបស់ខ្លួន»។ លោក​ក៏​បានអំពាវនាវ​ឲ្យ​និស្សិតបញ្ញវន្ត​គ្រប់និន្នាការ​ ចូលរួម​ក្នុង​ចលនានិស្សិត​​ដើម្បីលទ្ធិ​ប្រជាធិបតេយ្យ ឲ្យ​បាន​ច្រើនកុះករ និង​ជួយផ្តល់​ឯកសារពាក់ព័ន្ធ​ ដើម្បី​ជា​​ជំនួយ​ក្នុងការ​បំពេញបេសកកម្ម ទាមទារ​ទឹកដី​ ពី​ការឈ្លានរបស់​វៀតណាម៕

Touch Vibol & Sek Socheat on Kor Tral 2020

.

Advertisements