ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧

សេចក្តីថ្លែងការណ៍
ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន ករណីចាប់ខ្លួនលោក កឹម សុខា ជាការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ (សូមចុចត្រង់នេះអានលំអិត!)

ដោយផ្អែកលើមូលដ្ឋានច្បាប់ រដ្ឋាភិបាលកម្ពុជា​របស់​​លោក ហ៊ុន សែន បាន​ធ្វើសច្ចា​ប្រណិធាន និង​ប្តេជ្ញា​យ៉ាង​មុតមាំ​ថា គោរពខ្ជាប់ខ្ជួន នូវ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា គោរពកិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​គោរពអនុសញ្ញា កតិការសញ្ញា សន្ធិសញ្ញា និងកិច្ច​ព្រមព្រៀង​របស់ អង្គការសហប្រជាជាតិ អ.ស.ប (UN) ហើយ​និង​អង្គការអន្តរជាតិនានា ដែល​ជាមាគ៌ា​របស់​កម្ពុជា ធានា​ឲ្យ​បាន​ចំពោះ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​ពេញលញ។

ដោយកត់សម្គាល់ឃើញថា រដ្ឋាភិបាល​សព្វថ្ងៃ បាន​និង​កំពុង​ដឹកនាំ​ប្រទេស​ជាតិ ដើរផ្ទុយ​ពី​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ និង​ប្រាសចាក​ពីខ្លឹមសារ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជាទាំង​ស្រុង ជំនួស​ដោយ​យន្តការ​អន់ថយ ព្រៃផ្សៃ និងផ្តាច់ការ ដែល​ជាការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​គគ្លើន បង្ក្រាប​អ្នក​ប្រឆាំង និង​បំបិទ​សេរីភាពសារព័ត៌​មាន​ឯករាជ្យ​ផង។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមថ្កោលទោស​យ៉ាង​ដាច់អហង្កា ចំពោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្សសង្គ្រោះជាតិ និង​ជាសមាជិក​រដ្ឋសភាជាតិ នៅព្រឹក​ថ្ងៃទី ០៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ម៉ោង ០០:៣៥ នាទី ក្រោមបទថា «ក្បត់ជាតិ» ខណៈពេល​លោក កឹម សុខា និង​គណបក្ស​របស់​លោក ឈ្នះឆ្នោត​ជាមេឃុំ ចៅសសង្កាត់ ជិត ៥០០ កៅអី ខែ​មិថុនា ឆ្នាំ​២០១៧ ហើយ​រំពឹងថា នឹងឈ្នះ​នាំមុខ ក្នុង​ការបោះឆ្នោតជាតិ ឆ្នាំ​២០១៨។ ការចាប់ខ្លួន​លោក កឹម សុខា ធ្វើឡើង​ដោយខុស​នីតិវិធី​រដ្ឋបាល​ (ម៉ោងរដ្ឋបាល) គ្មាន​ដីការចាប់ខ្លួន ដែល​ជាការចាប់ខ្លួន តាម​ការបញ្ជា​តាម​ទំនើង​ចិត្ត​របស់ ហ៊ុន សែន ហើយ​ការចាប់ខ្លួន​នេះ បានរំលោភ​យ៉ាង​ធ្ងន់ធ្ងរ នូវ​រដ្ឋធម្មមនុញ្ញ មាត្រា​៨០ ស្តីពី​អភ័យឯកសិទ្ធិ​របស់​សមាជិក​រដ្ឋសភា។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវ​នាវ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​ដោះ​លែង​លោក កឹម សុខា ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​ធានា​ប្រក្រតីភាព​ឡើង​វិញ ​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ផ្តល់​ឱកាស និង​ផ្តល់សិទ្ធិ​ស្មើគ្នា ឲ្យ​គណបក្ស​ប្រឆាំង ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត​ជាតិ នា​ពេល​ខាងមុខ ដោយសេរី យុត្តិធម៌ អាចទទួល​យក​បាន។ ករណីផ្ទុយ​ពីនេះ​មានន័យ​ថា រដ្ឋាភិបាល ធ្វើរដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ ក្តោបក្តាប់​អំណាច របៀបផ្តាច់ការ ដែលពលរដ្ឋកម្ពុជា មិន​អាចទទួល​យក​បាន​ជាដាច់ខាត។

សូមរដ្ឋាភិបាល ទម្លាក់ចោលជាបន្ទាន់ នូវបទចោទប្រកាន់នានា ទៅលើលោក កឹម សុខា និង​ត្រូវដោះលែង​អ្នកទោស​មនសិការ​ជាច្រើន​រូប​ទៀត ដែល​កំពុង​ជាប់ឃុំឃាំង​យ៉ាង​អយុត្តិធម៌។ សូមរដ្ឋាភិបាល បើកសិទ្ធិ​ទូលំទូលាយ​ឡើងវិញ នូវសេរីភាព​សារព័ត៌មាន និង ស្ថាប័ន​សង្គម​ស៊ីវិល​ឯករាជ្យ ដែល​ទទួល​រងការចោទ​ប្រកាន់ និង​បង្ក្រាបថ្មីៗ​នេះ ដើម្បីធានា គិតគូរឡើងវិញ អំពីផលប្រយោជន៍ជាតិ និងពលរដ្ឋជាធំ។ (ឬទាញយកសេចក្តីថ្លែងការណ៍ត្រង់នេះ!)

(ហត្ថលេខា)
ម៉ែន ណាត
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

.