​រឿងរ៉ាវ «​កោះត្រល់ (មានផ្ទៃ ៥៧៤ គ.ម.ក្រឡា)»​ ដែល​មាន​ទីតាំង​​នៅ​ជិត​បង្កើយ​​ ចម្ងាយ ១៥ គីឡូម៉ែត្រ ពីខេត្ដកំពត​ របស់​ខ្មែរ ហើយវមានចម្ងាយ ៤៥ គីឡូម៉ែត្រ ពីតំបន់ហាទៀង ពីកម្ពុជាក្រោម (វៀតណាម)​ ប៉ុន្តែបែរជា​ធ្លាក់​ទៅ​​ក្នុង​ដៃរ​បស់​​វៀតណាម ​កាន់កាប់ ​និងគ្រប់គ្រង​ មក​ទល់​សព្វ​ថ្ងៃនេះ។​

រឿងកកោះត្រល់នេះ គឺជា​ប្រធានបទ​ក្ដៅគគុក ​ក្នុង​ការ​វែកញែក​ដ៏​ចម្រូងចម្រាស​ រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ជំនាន់​មុន ​(​អង្គ​សម្ដេចឪ​ នរោត្ដម​ សីហ​នុ​)​ និង ​ថ្នាក់ដឹកនាំ​ប្រទេស​បច្ចុប្បន្ន​ (​រដ្ឋាភិបាលលោក​ ហ៊ុន​ សែន​)​។

តើ​ កោះ​ត្រល់ ​របស់​ខ្មែរ ​បាន​​បាត់បង់​នៅ​​ពេល​​ណា​? អ្វី​ទៅ​ជា​ការ​ពិត​?​

ព្រះករុណា​ព្រះបាទ​សម្ដេច​ នរោត្ដម​ សីហ​នុ​ អតីត​ព្រះ​មហា​វីរក្សត្​រ​នៃ ​ព្រះរាជា​ណាចក្រ​​​កម្ពុជា​ ទ្រង់​ធ្លាប់​​បាន​​ចេញ​រាជ​សារ ​ចុះ​ថ្ងៃ​ទី​ ១៦ ​ខែ តុលា ​ឆ្នាំ ​​២០០៤ ពី​ទីក្រុង​ប៉េ​កាំ​ង ​ប្រទេស​ចិន​ ថា «​នរោត្ដម​ សីហ​នុ​ មិន​ដែល​ទទួលស្គាល់​ថា​ ស្របច្បាប់​ និង​សម​ហេតុ​សម​ផល​ អំពី​កម្ពុជា​ក្រោម​ ​កោះត្រល់​ បាន​ទៅ​ បារាំង​ ឬវៀតណាម ​នោះ​ទេ​ »

លោក ជូ​ អេ​ន​ឡាយ​ អតីត​នាយក​រដ្ឋមន្ដ្រី​ចិន​ និង ​លោក ចេ​ន​ យី​ អតីត​សេនាប្រមុខ​ចិន​ ដែល​ជា​វីរបុរស​ចំណាស់​ ជាមួយ​លោក​ប្រធាន​ ម៉ៅ​ សេ​ទុង​ ធ្លាប់​បាន​មាន​ប្រសាសន៍​ទូល​ថ្វាយ ​អង្គ​សម្ដេចឪ នរោត្តម សីហនុ​ នា​អំឡុង​ឆ្នាំ​ ១៩៥៥​ ថា​ «​ច្បាស់​ណាស់​ កោះត្រល់​ជា​របស់​ខ្មែរ​ ដ្បិត​ជាប់​នឹង​ទឹកដី​ខ្មែរ ​មិន​ជាប់​ជាមួយ ​ទឹកដី​វៀតណាម​ ទេ»

​រីឯ​លោក​ ហ៊ុន​ សែន​ ប្រមុខ​​រដ្ឋាភិបាល​កម្ពុជា​ ជាមេដឹកនាំយោធានិយម ​នៅ​ពេល​​​បច្ចុប្បន្ន​​នេះ​ ​បាន​​អះអាង​ថា​ «កោះត្រល់​ បាន​បាត់បង់​ ពី​ខ្មែរ​ ក្លាយជា​របស់​វៀតណាម ​តាំងពី​យូរយា​រ ជំនាន់​អ្នកដឹកនាំ​ប្រទេស​មុនៗ​ មក​ម្ល៉េះ​» (?)។​​ កាលពីថ្ងៃទី ៩ សីហា ២០១២ លោក បាននិយាយម្នាក់ឯង ក្នុងរដ្ឋសភា ជាង ៥ ម៉ោង អំពីរឿងរ៉ាវព្រំដែនខ្មែរ, កោះត្រល់ និងប្រជុំកោះ នៅដែនសមុទ្រខ្មែរ ដោយលោក បានសង្កត់ធ្ងន់ៗថា «កោះត្រល់ ត្រូវបានអគ្គទេសាភិបាលបារាំង ឈ្មោះ ប្រេវីយេ (Jules Brévié) ប្រគល់ឲ្យដែនកូសាំងស៊ីន (កម្ពុជាក្រោម) តាមលិខិត ចុះថ្ងៃទី ៣១ មករា ១៩៣៩ មកម្ល៉េះ»។ លោក ហ៊ុន សែន បន្ថែមថា កោះត្រល់ វាទៅជាមួយកម្ពុជាក្រោម ដែលត្រូវបាន​បារាំង ផ្ទេរសិទ្ធិដែនកូសាំងស៊ីន (កម្ពុជាក្រោម) ទៅឲ្យវៀតណាម ជាអ្នកគ្រប់គ្រង នៅឆ្នាំ១៩៤៩ (២៧ កញ្ញា ១៩៤៩)។

ដូច្នេះយើងសិក្សាខ្លឹមសារលិខិត លោក ប្រេវីយេ (Brévié, ឬឈ្មោះពេញ Jules Brévié) ជាអាណាព្យាបាល​​របស់​បារាំង ប្រចាំ​​​នៅ​​ឥណ្ឌូចិន ថ្ងៃទី ៣១ មករា ១៩៣៩ ត្រូវបានប្រែជាភាសាខ្មែរ បានបញ្ជាក់យ៉ាងដូច្នេះថា «កោះត្រល់ ត្រូវ​ដាក់ឲ្យ​​ខាង​កូសាំងស៊ីន គ្រប់គ្រប់គ្រង​ខាងផ្នែក​រដ្ឋបាល និង​ប៉ូលីស​ ប៉ុណ្ណោះ»។ ប៉ុន្តែ​កោះ​នេះ នៅ​តែ​ជា​កម្មសិទ្ធិ​​របស់​ខ្មែរ។ លោក ប្រេវីយេ សរសេរថា «ខ្ញុំសូមជម្រាប​លោក {អភិបាលតំបន់​កូសាំងស៊ីន}ថា ខ្ញុំទើបនឹង​បាន​​ពិនិត្យមើល​សារ​ជាថ្មី ម្តងទៀត នៅលើចំណោម​រឿងចង្កោម​កោះ ដែល​នៅក្នុង​​ឈូងសមុទ្រ សៀម ដែល​មាន​​ការទាស់ទែង​គ្នា រវាង​ប្រទេស​​កម្ពុជា និង កូសាំងស៊ីន។ ស្ថានភាពនៃ ចង្កោម​កោះ​នេះ ដែល​មានរាយ នៅតាម​បណ្តោយ ឆ្នេរសមុទ្រខ្មែរ ហើយ​ដែល​​មានខ្លះ ស្ថិត​​នៅ​សែនជិត​​ឆ្នេរសមុទ្រ របស់ខ្មែរ ដែលដី(ល្បាប់) ដែល​កំពុងដុះ និង​ចេះតែបន្តដុះនេះ នឹងភ្ជាប់​កោះទំាងនេះ ទៅនឹង​ឆ្នេរសមុទ្រ របស់​ប្រទេស​កម្ពុជា ក្នុង រយៈពេល​ដ៏ខ្លីខាង​មុខ។ តាម​ការសមហេតុសមផល និង តាមរបៀប​ភោគម្ពសាស្រ្ត ជាការចាំបាច់ ត្រូវ​តែ​ដាក់កោះទំាងនេះ ឲ្យនៅក្រោម​ការគ្រប់គ្រង នៃរាជការ​របស់​​ប្រទេស​កម្ពុជា»

លោក ប្រេវីយេ បញ្ជាក់​ក្នុង​លិខិតបន្ថែមថា «កោះ​​ទំាងឡាយ ដែល​ស្ថិត​​នៅ​​​ខាង​​ត្បូង ខ្សែ​បន្ទាត់​​នេះ (សូមមើល​ ផែនទី) សរុប​ទំាង កោះហ្វូកុក​ (កោះត្រល់) ទំាង​​មូល ត្រូវ​នៅ​​ក្រោម​​​ការគ្រប់គ្រង​​របស់ កូសាំងស៊ីន តទៅទៀត។ ត្រូវដឹងថា ខ្សែបន្ទាត់​ខណ្ឌ​សីមា ដែល​​​​បាន​​កំណត់នេះ ហ៊ុំ​ព័ទ្ធ​កោះហ្វូកុក តាម​ភាគ​​ខាង​ជើង ដោយ​​​​នៅចម្ងាយ ៣ គីឡូម៉ែត្រ ពីចំណុច​​​​នានា ដែល​​​​នៅ​​ខាងជើង​បំផុត នៃកោះនេះក៏ប៉ុន្តែ នេះគ្រាន់តែជា​ការគ្រប់គ្រង​ផ្នែក​រដ្ឋបាល និង​​ ប៉ូលីស ប៉ុណ្ណោះ។ ចំណែក​​​បញ្ហា​​អនិស្សរភាព (ក្រោមចំណុះ) (De pendanco) នៃដែនដី នៃកោះទំាងនេះ នៅទុក​ដោយឡែកដដែល»

នៅឆ្នាំ ១៩៨៥ លោក ហ៊ុន ​សែន​ កាល​ណោះ​នៅ​ជា​«សម​មិត្ដ​» នៅឡើយ​ បាន​​​ឡើង​​​កាន់កាប់​​មុខ​តំណែង ​ជា​នាយក​រដ្ឋមន្ដ្រីនៃ ​រដ្ឋាភិបាល​សា​ធារ​ណ​រដ្ឋ​ប្រជាមានិត​កម្ពុ​ជា ដែលជារដ្ឋាភិបាល ស្ថិតក្រោមការត្រួតត្រា របស់វៀតណាម។ នៅឆ្នាំ១៩៨៥ នោះយើងឃើញ​មាន​​ការ​បោះពុម្ព​សៀវ​ភៅ​សិក្សា​ សម្រាប់​សិស្សានុសិស្ស​ ថ្នាក់​ទី​៧​ មុខ​វិជ្ជា ភូមិ​វិទ្យា​ នាសម័យ​នោះ​ បានបែង​ចែងកអំពី​សណ្ឋាន​ដី ​និង ភោគទ្រព្យ​រ៉ែ ក្នុងដែនសមុទ្រខ្មែរ​ ដែល​​ក្នុង​នោះ​ ក៏​បាន​បញ្ជាក់​អំពី ​ក្រុម​កោះ​របស់​ខ្មែរ ​ថា​ «កោះ​ ដែល​នៅ​ឯនាយ​ ស្ទើរកោះ​វាល​រេញ​ មាន ​បី​ ក្រុម​ គឺ៖ ក្រុម​ទី​១-​ នៅ​ពីមុខ​កំពង់​ផែ​កំពង់​សោម​ មាន​កោះពស់​,​ ក្រុម​ទី​២- ​នៅ​មុខ​រាម​ មាន​កោះ​តា​កៀវ​ កោះ​ឫស្សី​ កោះ​ត្រែះ​ កោះ​ចន្លុះ​ និង​កោះ​ស្រមោច​,​ ក្រុម​ទី​៣- ​បន្ដ​ទៅ ​កោះត្រល់​ មាន​កោះ​ថ្មី​ និង​កោះសេះ នៅ​ក្នុង​លំហ​ឈូង​សមុទ្រ​កម្ពុជា​ មាន​កោះតាង​ កោះ​អាគ្នេយ៍​ កោះព្រីង​ កោះ​វៀ​ និង​ កោះ​វ៉ៃ​»។​

នៅ​ថ្ងៃ​ទី​ ២៧​ ធ្នូ ​ឆ្នាំ ​១៩៨៥​ សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ដែល​មាន​សម​មិត្ដ ​ហ៊ុន​ សែន ជា​នាយក​រដ្ឋមន្ដ្រី​ បាន​ចុះ ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ ជាមួយ​​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ ដោយមានភ្ជាប់ផែនទីព្រំដែនផង ដែលលោក វ៉ា គឹមហុង ប្រធានគណៈ​កម្មាធិការ​ព្រំដែន នៃរដ្ឋាភិបាល កាលពីថ្ងៃ ២ កក្កដា ២០១៥ បានសារភាពថា «ផែនទីព្រំដែន ជាមួយវៀតណា បោះពុម្ភនៅវៀតណាម»។​ ចាប់តាំងពីមាន សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ ​១៩៨៥​ (ព្រំដែនគោក) រួចហើយសៀវភៅ​សិក្សា​ ផ្នែក​មុខ​វិជ្ជា «ភូមិ​វិទ្យា​» ក្រោយៗ​មកទៀត ក៏​លែង​មាន​និយាយ​​អំពី​ឈ្មោះ ​កោះ​ត្រល់​ (វៀតណាមហៅកោះ ភូ​កុក​- Phu Quoc)​របស់​ខ្មែរ ​សម្រាប់​ឱ្យ​កូន​ខ្មែរ​រៀនសូត្រតទៅទៀត​។

ក្រុមអ្នកជំនាញកិច្ចការព្រំដែនខ្មែរ បានចោទប្រកាន់ លោក ហ៊ុន សែន ក្នុង​រឿង​ចុះ​កិច្ចព្រមព្រៀង​ជាមួយវៀតណាម ហៅថា «កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្ត្រ» ធ្វើឡើងនៅ​ថ្ងៃទី ៧ ខែកក្កដា ១៩៨២ ក្នុងនាមគាត់ ជារដ្ឋមន្ត្រីការបរទេស ដែលលើកបន្តុបឡើងដោយ​វៀតណាម ​កាលនោះ។ កិច្ចព្រមព្រៀងនេះ បានដាក់ដែនទឹក ឬដែនសមុទ្រខ្មែរ ដែលហ៊ុំព័ទ្ធ «កោះត្រល់» ទាំងមូលផង (សូមមើលផែនទី)។ កិច្ចព្រមព្រៀងដដែល​នេះ បាន​បើកផ្លូវ ឲ្យអ្នកនេសាទរវៀតណាម ចូលមកក្នុងដែនសមុទ្រខ្មែរ គឺនេសាទតាមអំពើចិត្ត រហូតមកទល់សព្វថ្ងៃ។

នៅឯកិច្ចពិគ្រោះយោបល់ជាមួយ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ស៊ាន ប៉េងសែ អ្នកជំនាញកិច្ចការព្រំដែនខ្មែរ នាថ្ងៃទី ២២ កុម្ភៈ ២០១៦ បាន​ស្តីបន្ទោស ​​លោក ហ៊ុន សែន ថា​«មិនចេះ​ស្រឡាញ់​ជាតិ» បាន​កាត់​កង​​ខ្សែបន្ទាត់​ព្រំដែន និង​​ដែនសមុទ្រ​មួយភាគ ទៅឲ្យ​វៀតណាម។ លោក ប៉េងសែ បញ្ជាក់ថា កោះត្រល់ ត្រូវបាន​វៀតណាម ចាប់ផ្តើម​កាន់កាប់ បន្ទាប់​ពីមាន​សន្ធិសញ្ញា ឬ ​កិច្ចព្រមព្រៀង​តំបន់ទឹក​ប្រវត្តិសាស្រ្ត ឆ្នាំ ១៩៨២ (ថ្ងៃទី ៧ ខែកក្កដា ១៩៨២) ធ្វើឡើងក្នុងសម័យ វៀតណាម ត្រួតត្រាកម្ពុជា។

សន្ធិសញ្ញាថ្មីៗ ជាមួយវៀតណាម

នៅ​ថ្ងៃ​ទី​ ១០ ​ខែ​តុលា​ ឆ្នាំ​ ២០០៥​ លោក​ ហ៊ុន​ សែន​ ក្នុង​​​នាម​​ជា​នាយក​រដ្ឋមន្ដ្រី​​កម្ពុជា បាន​​​ចុះហត្ថលេខាលើ​​ សន្ធិសញ្ញា​ព្រំដែនបំពេញ​បន្ថែម ​ជាមួយ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ មាន​លោក ផា​ន​ វ៉ា​ន់ខា​យ (Phan Van khai)​ ជា​នាយក​រដ្ឋមន្ដ្រី​ នៅ​ប្រទេស​វៀតណាម​តែ​ម្ដង​ ដោយប្រថាប់ត្រា ​ទៅ​លើ​សន្ធិ​សញ្ញា​កំណត់ព្រំដែន​រដ្ឋ​ ឆ្នាំ​ ១៩៨៥​ ក្នុង​ការ​កំណត់ព្រំដែន​គោក​ {ខុសច្បាប់} រវាង​កម្ពុជា​​​ និង​វៀតណាម ​ឱ្យ​កាន់តែ​រឹង​មាំ​។​ ទីបំផុត​ សន្ធិសញ្ញា​បំពេញ​បន្ថែម ​ទៅ​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ កម្ពុជា​-​វៀតណាម​ ឆ្នាំ​ ១៩៨៥​ នេះ​ បាន​ក្លាយជា​ច្បាប់​ ដែល​ប្រកាស​ឱ្យ​ប្រើ​ ដោយ​ព្រះរាជ​ក្រម ចុះ​ថ្ងៃ​ទី​ ៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥​។​ សន្ធិសញ្ញា​ព្រំដែនបំពេញបន្ថែម​នេះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ ធានា​អះអាង​ថា​ មិន​ឱ្យ​មានការ​បាត់បង់​បូរណភាព​ទឹកដី​ (​ផ្ទៃ​ដីគោក​)​ ទំហំ​ ១៨១​.០៣៥​ គីឡូម៉ែត្រ​ក្រឡា​ បស់​កម្ពុជា​ឡើយ​។​

មុន​នឹង​ សន្ធិសញ្ញា​បំពេញបន្ថែម​ ឆ្នាំ​២០០៥ ​ទៅ​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ​រវាង​កម្ពុជា​-​វៀតណាម​ ឆ្នាំ​ ១៩៨៥​ ចេញ​ជា​រូបរាង​ និង​​ត្រូវ​បាន​ប្រថាប់ត្រា​ ប្រកបដោយ​ជោគ​ជ័យ​នោះ​ គឺ​មាន​ភាព​ប្រទាញ​ប្រ​ទង់​គ្នា​ខ្លាំង​ណាស់​ នៅ​ក្នុង​ស្ថាប័ន​ជាតិ​​ អ្នកនយោបាយ​ពីបក្សប្រឆាំង និង​ប្រតិកម្ម ​ពី​អង្គការ​សង្គម​ស៊ី​វិលផង​។​ ជាក់ស្ដែង​ សកម្មជនព្រំដែន ​៤ ​នាក់​ រួម​មាន​ លោក​ រ៉ុ​ង​ ឈុ​ន​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​,​ លោក​ ជា​ មុន្នី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​, ​លោក​ ម៉ែ​ន​ ណាត​ ប្រធាន​ស​មាគម​មន្ដ្រីរាជការ​ឯក​រាជ្យ​កម្ពុជា​ និង ​លោក​ អៀ​ ចាន់​ណា​ អគ្គលេខាធិការ​រង​​ចលនា​និស្សិត​​​ដើម្បី​លទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ -​ អ្នកទាំងអស់គ្នា ក្នុង​នាម​ជា ​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ ត្រូវ​បាន​រាជរ​ដ្ឋា​ភិ​បាល ​ប្ដឹង​ទៅ​តុលាការ​ ហើយ​តុលា​ការ ​ក៏​បាន​ចេញ​ដីកាចាប់ខ្លួន​ បន្ទាប់​ពី​ អ្នក​ទាំង​ ៤​ ចេញ​សេចក្ដី​ថ្លែង​ការណ៍ ​ចុះ​ថ្ងៃ​ទី​ ១១​ ខែ​ តុលា​ ឆ្នាំ​ ២០០៥​ លើក​ឡើង​​អំពី​បញ្ហា​គ្រោះ​ថ្នាក់​ នៃ​បូរណភាព​ទឹកដី​ខ្មែរ {និងបានអំពាវនាវឲ្យពលរដ្ឋខ្មែរ ចូលរួមកាន់ទុក្ខ​ ចំពោះការបាត់បង់បូរណភាពទឹកដីខ្មែរ ទៅវៀណាម តាមរយៈ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ថ្មីនេះ}​។

​កាលពី​ថ្ងៃ​ទី​ ១៧ ​ខែ មិថុនា​ ឆ្នាំ​​ ២០១៣​ កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​ រ៉ុ​ង​ ឈុ​ន​ តំណាង​​ក្រុមប្រឹក្សា​​ឃ្លាំ​មើល​កម្ពុជា​ និង​ជា​ប្រធាន​ សមា​គម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​ គោរព​ជូន ​«សម្ដេច​តេ​ជោ ​សែន​» ឱ្យធ្វើ​ការ​ពិចារណា​ ចំពោះ​បញ្ហា​ទឹកដី​ និង​កោះ​ (​ជា​ពិសេស​ កោះ​ត្រល់​) ​ដែល​បាន​បាត់បង់​ ទៅ​ប្រទេស​ជិតខាង​។ {លោក​ រ៉ុង ឈុន បានលើកសៀវភៅ ភូមិវិទ្យា ថ្នាក់ទី៧ ដែលបោះពុម្ភនៅឆ្នាំ ១៩៨៥ បង្ហាញអ្នកកាសែត ក្នុងសន្និសីទកាសែតមួយថា កោះត្រល់ នៅតែកម្មសិទ្ធរបស់ខ្មែរ ពីព្រោះវាស្ថិតក្នុងកម្មវិធីសិក្សាក្នុងសៀវភៅនេះ}

មជ្ឈដ្ឋាន​អ្នក​ច្បាប់​ បាន​លើក​ឡើង​ថា​ ការ​បោះពុម្ព​សៀវភៅ​សិក្សា​ សម្រាប់​ឱ្យ​សិស្សា​នុសិស្ស​ រៀនសូត្រ​ ជា​ការ​យកចិត្ដទុកដាក់​ និង​ប្រុង​ប្រយ័ត្ន​ខ្លាំង​ណាស់​ ហើយ​សៀវភៅ​សិក្សា​ មុខ​វិជ្ជាភូមិ​វិទ្យា ​ថ្នាក់​ទី​៧ ​បោះពុម្ព​នៅ​ឆ្នាំ ​១៩៨៥​ នៅ​មានឈ្មោះ ​កោះត្រល់​ ជា​កោះ​របស់​ខ្មែរ​ បែរជា​លុប​បំបាត់​ឈ្មោះ​ កោះត្រល់​ នេះ​ទៅ​វិញ​ មក​ទល់​បច្ចុប្បន្ន​ គឹ​មាន​ន័យ​ថា​ ឈ្មោះ ​កោះត្រល់​ ទើបត្រូវ​បាន​លុប​បំបាត់​ចោល​ ពី​កម្មសិទ្ធិ​របស់​ខ្មែរ ​ចាប់​តាំង​ពី​ថ្ងៃ​ទី ​២៧ ​ខែធ្នូ ​ឆ្នាំ​១៩៨៥​ តរៀង​មក​ តាម​ស្មារតី​នៃ ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ​ឆ្នាំ​១៩៨៥ ​រវាង ​កម្ពុជា​-​វៀតណាម​ ក្នុង​សម័យ​សម​មិត្ដ​ ហ៊ុន​ សែន​ ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​នៃ ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​។​

មកដល់ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩ ព្រះមហាក្សត្រ នរោត្តម សីហមុនី ឡាយ​ព្រះហស្ថ​លេខា​ជាថ្មី​​ទៅលើ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមថ្មី ជាមួយវៀតណាម ហៅថា «សន្ធិសញ្ញាបំពេញបន្ថែម ២០១៩» ដោយបន្ថែមខ្លឹមសារទៅលើ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ និង សន្ធិសញ្ញាកំណត់ព្រំដែន ឆ្នាំ ១៩៨៥ ដែលជាសន្ធិសញ្ញាខុសច្បាប់នោះ។ តាមច្បាប់អន្តរជាតិ គឺថា សន្ធិសញ្ញា ឬកិច្ចព្រមព្រៀងទាំងឡាយណា ធ្វើឡើងក្រោមការត្រួតត្រារបស់​រដ្ឋាភិបាល​បរទេស ដែលធ្ទុយច្បាប់អន្តរជាតិ។ សន្ធិសញ្ញាថ្មីនេះ ធ្វើឡើងនៅខែ តុលា ២០១៩ ដោយលោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាល​ខ្មែរ ជាមួយលោក ង្វៀន ស៊ុនហ៊្វុក នាយករដ្ឋមន្រ្តី​វៀតណាម ដើម្បី​ទទួលស្គាល់​លទ្ធផល​នៃការបោះបង្គោលព្រំដែន ៨៤% (៣១៥ បង្គោល) ក្នុងចំណោមបង្គោលសរុប ៣៧៥ បង្គោល តាមបណ្តាយព្រំដែនគោក ប្រវែង ១២៧៣ គ.ម.។ ​

​ក្រុម​អ្នក​ច្បាប់​ បាន​លើក​ឡើង​ទៀត​ថា​ មាត្រា​២​ និង​មាត្រា​៥៥ ​នៃ​រដ្ឋធម្មនុញ្ញ ​ដែល​ជា​ច្បាប់​កំពូល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែង​រួច​ហើយ​ថា​ «បូរណភាព​ទឹក​ដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ មិន​អាច​រំលោភ​បាន​ដាច់ខាត​ ក្នុង​ព្រំដែន​របស់​ខ្លួន​ ដែល​មាន​កំណត់​ក្នុង​ផែនទី​ ខ្នាត​ ១/១០០ ០០០​ ។ ​…សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំង​ឡាយ​ណា ​ដែល​មិន​ស្រប​នឹង​ឯក​រាជ្យ​ អធិបតេយ្យ​ បូរណភាព​ទឹក​ដី​ អព្យាក្រឹតភាព​ និង​ឯកភាព​ជាតិ​របស់​ ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​លុប​ចោល​»។​​ ដូច្នេះ​ សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ ​រវាង​ កម្ពុជា​-​វៀតណាម ​ដែល​បាន​ប្រើប្រាស់​ ផែនទី​ ខ្នាត​ ១/៥០ ០០០​ ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ ត្រូវ​ចាត់ទុកជា​មោឃៈ​​ទាំងស្រុង​ ស្របតាមស្មារតី មាត្រា​១៥០ ថ្មី កថាខណ្ឌទី២ នៃរដ្ឋធម្មនុញ្ញ ដែលបានចែងថា «ច្បាប់ និងសេចក្តីសម្រេចទាំងឡាយ នៃស្ថាប័ននានា របស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញ ជាដាច់ខាត»។

សន្ធិសញ្ញា និង កិច្ចព្រមព្រៀងនានា ជាមួយវៀតណាម ដែរដ្ឋាភិបាល លោក ហ៊ុន សែន បានទទួលទទួលស្គាល និងបន្តអនុវត្តនោះ វាផ្ទុយពី កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១ និង រដ្ឋធម្មនុញរបស់កម្ពុជា ឆ្នាំ ១៩៩៣៕

(អត្ថបទ និងរូបភាពបន្ថែមដោយលោក ម៉ែន ណាត {ប្រធាន} ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា) /​Updated, 28-12-2019
…………………….

ឯកសារភ្ជាប់
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ សូមទាញយក Download)
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ លើសន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ (សូមទាញយក Download)
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង​វៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់​ជាមួយ​បញ្ជី​ស្ថិតិ ផែន​ទី​​ព្រំដែន ១៩៨៥ (ដើម) Download 
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង​កម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូម​ទាញ​យក Download)
– កំណត់ហេតុ​ប្រជុំ ជាឯកសារ​សម្ងាត់ ឆ្នាំ​២០០៧ ស្តី​ពី​​​ការបោះបង្គោល​​ព្រំដែន​ ​កម្ពុជា​-​វៀតណាម Download
– កិច្ចព្រមព្រៀង ស្តីពីលក្ខន្តិកៈព្រំដែនគោក ថ្ងៃ ២០ កក្កដា ១៩៨៣ Download
– សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បានផ្តល់​សិទ្ធិ និងជួយ​ការពារពលរដ្ឋ​វៀតណាម​ខុសច្បាប់ នៅ​កម្ពុជា (Download)
– លិខិតលោក ប្រេវីយេ (Brevie) កោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូមទាញយក ជាអង់គ្លេស និង ជាបារាំង និងបកប្រែក្រៅផ្លូវការ ភាសាខ្មែរ)
– សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និង ង្វៀង កូថាច់ (សូម​ទាញយក​ «ច្បាប់ដើម» Download ឬទាញ​យក​ «ចម្លង» Download)
– សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ Download
– កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ Download
– ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ Download
– ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ Download

ឯកសារពិគ្រោះ
– អត្ថបទពីគេហទំព័រ DNT7, 2013
– រដ្ឋធម្ននុញ្ញាកម្ពុជា
– កិច្ចព្រមព្រព្រៀងទីក្រុងប៉ារីស ១៩៩១
– សន្ធិសញ្ញាព្រំដែនគោក ១៩៨៥, ២០០៥, ២០១៩ និង កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្ត្រ ១៩៨២
– ឯកសារព្រំដែន របស់លោក ស៊ាន ប៉េងសែ និងឯកសារស្រវជ្រាវមួយចំនួន

Koh-Tral-Feed
Koh-Tral-D
11112772_902759513100132_4467690831066398197_n