ក្រសួងសង្គមកិច្ចថ្កោលទោស មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ក្រោយពេលមានការទាមទារឲ្យ វង សូត ចុះចេញពីតំណែង
ដោយ សេក បណ្ឌិត, RFA, 03-8-2017
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រតិកម្ម និងថ្កោលទោស នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីសេរី របស់ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson)។
ការថ្កោលទោសនេះ ដោយសារតែលោក ហ្វីល រ៉ូប៊ឺតសុន ស្នើឲ្យលោក វង សូត {កូនប្រសារលោក ហេង សំរិន} រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច ចុះចេញពីតំណែង ដោយសារលោក វង សូត បានព្រមាន វាយក្បាល អ្នកតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោត «នឹងគល់ឫស្សី»។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួង ចេញផ្សាយកាលពីល្ងាចថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៧ បានច្រានចោលទាំងស្រុង ចំពោះការអត្ថាធិប្បាយរបស់ លោក ហ្វីល រ៉ូប៊ឺសុន និងចាត់ទុកថា ជាការញុះញង់ បំភ្លៃ បំផ្លើសការពិត ព្រមទាំងមានលក្ខណៈជាប្រព័ន្ធ បង្កអសន្តិសុខ អស្ថិរភាពសង្គម ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង រដ្ឋអធិបតេយ្យរបស់ប្រទេសកម្ពុជា។
ការអត្ថាធិប្បាយរបស់ លោក ហ្វីល រ៉ូប៊ឺតសុន បានចាត់ទុកសារ របស់រដ្ឋមន្រ្តី វង សូត នៃក្រសួងសង្គមកិច្ច ថាជាសារដ៏ឃោរឃៅ និង មិនបានដឹងអ្វីទាំងអស់អំពីសិទ្ធិមនុស្ស៕

