
{តើលោកហ៊ុន សែន ប្រើស្នៀតរឿងឡាវ ឈ្លានពានទឹកដីកម្ពុជា ដើម្បីរកសម្លេងឆ្នោតឆ្នាំក្រោយ ឬយ៉ាងណា? នោះគឺជាក្រឡាអុករបស់លោក ហ៊ុន សែន ហើយ ដោយយករឿងជម្លោះព្រំដែន ជាមួយឡាវ តាមយុទ្ធសាស្រ្ត ប្រទេសវៀតណាម ខ្ចីដៃឡាវ ជួយឲ្យលោក ហ៊ុន រកប្រជាប្រិយភាពខាងនយោបាយឡើងវិញ ។ បញ្ហានេះ តោងពលរដ្ឋខ្មែរ ស្វែងយល់ឲ្យបានស៊ីជម្រៅ និងវាយតម្លៃឲ្យបានត្រឹមត្រូវ។ -ដោយ ម៉ែន ណាត}
ហ៊ុន សែន ព្រមានពីសង្គ្រាម បើ ឡាវ មិនដកកងទ័ព ចេញពីទឹកដីខ្មែរ ក្នុងតំបន់ជម្លោះ ខេត្តស្ទឹងត្រែង
(ដោយ លោក ញឹម សុខន , VOD News, 11-8-2017)
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានប្រកាសឲ្យរដ្ឋាភិបាលឡាវ ត្រូវដកកងទ័ពរបស់ខ្លួន ចេញពីខេត្តស្ទឹងត្រែង ជាបន្ទាន់ ត្រឹម ៦ ថ្ងៃទៀត ដោយព្រមានថា ប្រយ័ត្នកម្ពុជា អស់ភាពអត់ធ្មត់។
ក្នុងពិធីប្រកាសនិងផ្ទេរតំណែង ប្រធានរាជ្យបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី១១ ខែសីហា ២០១៧ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា វត្តមានកងកម្លាំងប្រដាប់អាវុធ ឡាវ នៅក្នុងទឹកដីកម្ពុជា ក្នុងខេត្តស្ទឹងត្រែង រយៈពេលជាង ៤ ខែមកហើយ នៅតែមិនព្រមដកចេញ។ លោក ថ្លែងទៀតថា ករណីនេះ លោក បានផ្ញើលិខិតជាផ្លូវការ និងហៅទូរស័ព្ទ ទៅកាន់នាយករដ្ឋមន្ត្រីឡាវ ផងដែរ ប៉ុន្តែលោកថា រដ្ឋាភិបាលឡាវ មិនព្រមឆ្លើយតប។ លោក បញ្ជាក់ថាពេលនេះ លោកបានបញ្ជាទៅមេបញ្ជាការកងពលមួយចំនួន ឲ្យត្រៀមកម្លាំង ដើម្បីចាត់វិធានការហើយ។
លោកថា៖ «អញ្ចឹងខ្ញុំសុំបញ្ជូនសារពីទីនេះ អំពាវនាវចំពោះឯកឧត្តម ថងលួន ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិត្យឡាវ ដកកងទ័ពចេញពីទឹកដីកម្ពុជា ដោយគ្មានលក្ខខណ្ឌ»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដែរថា នៅថ្ងៃនេះ បើចាំបាច់ លោកនឹងជិះយន្តហោះ ទៅជួបនាយករដ្ឋមន្ត្រីឡាវ មុនប្រើប្រាស់កម្លាំងប្រដាប់អាវុធណាមួយ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។
លោកថា៖ «យើងមិនមែនប្រកាសសង្ក្រាមទេ សុំតែយកដីរបស់ខ្លួនតែប៉ុណ្ណឹងទេ ខ្ញុំមិនយកដីនរណាទាំងអស់ មួយចង្អាមក៏មិនយក តែក៏មិនឲ្យគេយកដីយើងសូម្បីតែមួយចង្អាមដែរ។ វាអត់សមហេតុសមផលអីបន្តិចសោះ។ ហើយបើសិនទុកអញ្ចឹងៗៗៗ តើខ្ញុំបកស្រាយប្រាប់ពលរដ្ឋថាម៉េច»។
ក្នុងលិខិតចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានស្នើប្រទេសឡាវ ឲ្យដកទ័ពចេញពីតំបន់អូរឡៃ និងតំបន់តាង៉ាវ ព្រំដែនខេត្តស្ទឹងត្រែង និងខេត្តអាតាពើ ប្រទេសឡាវ ជាបន្ទាន់ ដោយថា តាមរយៈការចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ដោយប្រធានគណកម្មការចម្រុះព្រំដែន ប្រទេសទាំងពីរឃើញថា ការបោះទីតាំងរបស់ទាហានឡាវលើទីតាំង នៅអូតាង៉ាវ ស្រុងសៀងប៉ាង ខេត្តស្ទឹងត្រែង បានបង្ហាញថាទាហានឡាវ បានរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាពិតមែន។
វីអូឌី នៅមិនទាន់អាចទាក់ទង ស្ថានទូតឡាវប្រចាំកម្ពុជា ដើម្បីឆ្លើយតបនឹងបញ្ហានេះ បាននៅឡើយទេ។
អ្នកវិភាគនយោបាយលោក ឆាំ ប៊ុនថេត លើកឡើងថា បញ្ហាព្រំដែនជារឿងរសើបមួយ ដែលអ្នកនយោយបាយតែងចោទគ្នាទៅវិញទៅមក ដើម្បីទាញយកប្រជាប្រិយភាព មិនថាបក្សប្រឆាំង មិនថាបក្សកាន់អំណាចនោះទេ។ លោកដាក់ការសង្ស័យថា ការប្រកាសវិធានក្តៅជាមួយនឹងឡាវ ពីបញ្ហាព្រំដែននេះ លោកវិភាគថា អាចជាការកេងចំណេញ ដូចការផ្ទុះអាវុធជាមួយថៃ មុខការបោះឆ្នោតអាណត្តិទី៤ ក្នុងឆ្នាំ២០០៨។ លោកថា៖ «ហើយខ្ញុំជឿថាបញ្ហាឲ្យឡាវដកទ័ពដកអីហ្នឹងខ្ញុំជឿថា ជារឿងនយោបាយហ្នឹងឯង។ ខ្ញុំគិតថា វាអាចបង្ខិលការចាប់អារម្មណ៍របស់ពលរដ្ឋ ឲ្យទៅលើករវាងខ្មែរ ហើយនិងឡាវ ដូចកាលពីយើងមានបញ្ហាជា សៀម នៅព្រះវិហារអីអញ្ចឹង»។
កន្លងទៅក្រសួងការបរទេសកម្ពុជា ធ្លាប់ផ្ញើកំណត់ទូតជាច្រើន ទៅប្រទេសវៀតណាម ទាក់ទិននឹងការដែលកម្ពុជាចោទរដ្ឋាភិបាលវៀតណាមថា បានធ្វើផ្លូវ សង់ប៉ុស្តិ៍យោធា តាមព្រំដែន ត្រង់តំបន់ហាមឃាត់ ប៉ុន្តែវៀតណាម នៅតែបន្តធ្វើ ដែលរដ្ឋាភិបាលកម្ពុជា នៅមិនទាន់ប្រកាសពីវាធានការក្តៅ ដូចករណីជាមួយថ្ងៃនិងឡាវនេះទេ។
ប៉ុន្តែលោក ឆាំ ប៊ុនថេត វិភាគថា បញ្ហានេះ ពលរដ្ឋទាំងអស់ គួរបន្តតាមដាន ដើម្បីចង់ដឹងថា តើបញ្ហាព្រំដែននៅតែអ្នកនយោបាយ យកមកធ្វើជាផលចំណេញផ្នែកនយោបាយទៀត ឬក៏យ៉ាងណា៕