
{ឥឡូវ ឡាវ យល់ព្រមដកកងទ័ពហើយ ដើម្បីបញ្ចប់បញ្ហា បន្ទាប់ពី ហ៊ុន សែន ទៅជួបនាយករដ្ឋមន្រ្តី ឡាវ នៅក្រុងវៀងចាន់ ប្រទេសឡាវ ថ្ងៃទី១២ សីហា ២០១៧ នេះ។
ចំពោះក្រមបណ្តាញសង្គម នៅតែផ្តល់មតិថា ជម្លោះព្រំដែន ខ្មែរ និង ឡាវ គឺជាឆាកល្ខោន របស់បងប្អូនម៉ឺនឆ្នាំ របស់ពួកគេ ដែលមានមេកោយជា យួន ។ ជម្លោះនេះ កើតឡើងនៅតំបន់អូរអាល័យ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង តាំងពីខែកុម្ភៈ ២០១៧ ពោលគឺទាហាន ឡាវ បានឆ្លងទន្លេសេកុង ចូលមកបោះទីតាំង ក្នុងទឹកដីខ្មែរ ខណៈពេលកងវិស្វកម្មខ្មែរ ធ្វើផ្លូវមួយខ្មែរ ទីនោះ។ – អត្ថបទដោយ ម៉ែន ណាត}
…………………………………………………………….
(ដោយ ម៉ម មុនីរតន៍, RFA, 12-8-2017)
នាយករដ្ឋមន្ត្រីឡាវ សន្យាថា នឹងដកកងទ័ព មិនឲ្យហួសថ្ងៃទី១៣ ខែសីហា ពីតំបន់មានជម្លោះនៅក្នុងស្រុកសៀមប៉ាង នៃខេត្តស្ទឹងត្រែង ទឹកដីកម្ពុជា។
ថ្លែងនៅក្នុងជំនួបទ្វេភាគីនៅក្នុងប្រទេសឡាវ រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ នៅព្រឹកថ្ងៃទី១២ ខែសីហា នាយករដ្ឋមន្ត្រីឡាវ លោក ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) សន្យាថា នឹងដកកងទ័ពរបស់ខ្លួនឲ្យអស់ពីទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែសីហា។ ទន្ទឹមនឹងនេះ លោក ថងលួន ស៊ីស៊ូលីត ក៏សុំទោសដែលធ្វើឲ្យមានសភាពការណ៍ជ្រួលច្របល់ ហើយមានភាពយឺតយ៉ាវក្នុងការឆ្លើយតបលិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ។
កាលពីថ្ងៃទី១១ ខែសីហា ម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ឱសានវាទដល់ភាគីឡាវ ឲ្យដកកងទ័ពឲ្យអស់ពីទឹកដីកម្ពុជា នៅតំបន់អូរអាឡៃ ក្នុងខេត្តស្ទឹងត្រែង យ៉ាងយូរត្រឹមថ្ងៃទី១៧ ខែសីហា។ ទន្ទឹមនឹងការព្រមានរបស់លោកនាយករដ្ឋមន្ត្រី កងកម្លាំងទាហានកម្ពុជា ជាច្រើនក៏ត្រូវបានបញ្ជូនទៅកាន់តំបន់មានជម្លោះនោះដែរ។
