20160220_184636-1-1ដដដ21074201_1887190011298642_1391436753_n

ពលរដ្ឋខ្មែរនៅក្រៅប្រទេស ធ្វើញត្តិគាំទ្រឲ្យមានច្បាប់ សម្រាប់ពួកគេ មានសិទ្ធិបោះឆ្នោត ដូចពលរដ្ឋក្នុងប្រទេសដែរ ស្របតាមរដ្ឋធម្មនុញ្ញ មាត្រា៣៣ កថាខណ្ឌទី២ និង មាត្រា៣៥ កថាខណ្ឌទី១ ។


(RFA Khmer, ដោយ តាំង សារ៉ាដា, 23-8-2017)

សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស ​ជំរុញ​ឲ្យ​មាន​ការ​អនុញ្ញាត ឲ្យ​ពលរដ្ឋ​ខ្មែរ ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ បោះឆ្នោត សម្រាប់​ការ​បោះឆ្នោត​ ក្នុង​ប្រទេស​កម្ពុជា នៅ​តាម​បណ្ដា​ប្រទេស ​ដែល​ពួកគេ​កំពុង​រស់​នៅ។ ការ​ទាមទារ​នេះ ស្រប​ពេល​ដែល ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ​នៃ​ រដ្ឋ​សភា ​ក្នុង​ប្រទេស​កម្ពុជា បាន​ទទួល ​សេចក្ដី​ស្នើ​កែប្រែ​ច្បាប់​បោះឆ្នោត ដើម្បី​អាច​អោយ​ពលរដ្ឋ​ខ្មែរ ​នៅ​ក្រៅ​ប្រទេស​មាន​លទ្ធភាព​ បោះ​ឆ្នោត​ជ្រើសរើស​មេដឹកនាំ​ប្រទេស ​តាម​ឆន្ទៈ​របស់​ពួកគេ។

ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង លោក ទូច វិបុល ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ បើក​សិទ្ធិ​ឲ្យ​ពលរដ្ឋ​ខ្មែរ ​នៅ​ក្រៅ​ប្រទេស អាច​ចេញ​ទៅ​បោះឆ្នោត​ នៅ​តាម​ស្ថានទូត ឬ​តាម​ស្ថាន​កុងស៊ុល​ដែល​មាន​ពលរដ្ឋ​ខ្មែរ ​រស់​នៅ​ច្រើន។ លោក​បន្ត​ថា ធ្វើ​ដូច្នេះ​គឺ​ដើម្បី​អាច​ពលរដ្ឋ​ខ្មែរ​ នៅ​ឯ​នាយ​សមុទ្រ​ បង្ហាញ​ឆន្ទៈ​របស់​ខ្លួន ​ក្នុង​ការ​ចូលរួម​សម្រេច​លើ​ជោគវាសនា​ នៃ​ប្រទេស​កំណើត​ របស់​ពួកគេ ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ និង​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៖ «ក្នុង​នាម​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកាំង និង​ពលរដ្ឋ​ខ្មែរ​ នៅ​តាម​សហគមន៍​នានា ជុំវិញ​ពិភពលោក​ហ្នឹង​គឺ​ថា អំពាវនាវ​ដល់​អ្នក​នយោបាយ​ខ្មែរ​យើង​ហ្នឹង ​ដល់​ពេល​វេលា​ដែល​ត្រូវ​បើក​បេះដូង​ អោយ​ទូលាយ និង​មាន​ឆន្ទៈ​ការ​រៀបចំ​អោយ​បាន​ទូលំទូលាយ ហើយ​ល្មម​ផ្ដល់​ឱកាស​ អោយ​បង​ប្អូន​នៅ​ក្រៅ​ស្រុក​ហ្នឹង ​មាន​ឱកាស​ចូលរួម​កំណត់​ជោគវាសនា ក៏​ដូចជា​ការ​ជ្រើសរើស ​មេដឹកនាំ​របស់​ខ្លួន»

លោក ទូច វិបុល មាន​ប្រសាសន៍​ថា ដោយសារ​តែ​អង្គការ​របស់​លោក ​មាន​ទំនាក់ទំនង​ល្អ ​ជាមួយ​ក្រុម​តំណាងរាស្ត្រ ​សហរដ្ឋអាមេរិក លោក​ នឹង​ជំរុញ​ឲ្យ​សភា​នៃ​ប្រទេស​មហា​អំណាច​មួយ​នេះ ​ប្រើ​យន្តការ​របស់​ខ្លួន ​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋសភា​កម្ពុជា ធ្វើ​ការ​អនុម័ត​ទៅ​លើ​ការ​ធ្វើ​វិសោធនកម្ម​នេះ។

លោក​បន្ត​ថា លោក ​នឹង​ធ្វើ​ចលនា​នៅ​ទូទាំង​ពិភពលោក​ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​នាំ​គ្ នា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត​ស្ថានីយ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស៖ «អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ គឺ​មិន​ត្រឹមតែ​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​ របស់​សហរដ្ឋអាមេរិក ដែល​ជា​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ ​កិច្ច​ព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស​ ប៉ុណ្ណឹង​ទេ។ យើង​ នឹង​អំពាវនាវ​អោយ​សហគមន៍​ខ្មែរ​យើង​ នៅ​ប្រទេស​អូស្ត្រាលី និង​នៅ​អឺរ៉ុប អោយ​បញ្ចុះបញ្ចូល​តំណាង​របស់​ពួកគេ​ ធ្វើ​យ៉ាង​ណា​អាច​ជំរុញ​អោយ​ រដ្ឋ​សភា កម្ពុជា ​អនុម័ត​វិសោធនកម្ម​ ច្បាប់​បោះឆ្នោត​នេះ»

ការ​ទាមទារ​ឲ្យ​ពលរដ្ឋ​ខ្មែរ ​មាន​សិទ្ធិ​បោះឆ្នោត ​នៅ​ក្រៅ​ប្រទេស ស្រប​ពេល​ដែល​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣៣​ រូប កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ២០១៧ បាន​ផ្ញើ​សេចក្ដី​ស្នើ​ធ្វើ​វិសោធនកម្ម ​ច្បាប់​បោះឆ្នោត​ សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត និង​ បោះ​ឆ្នោត​បាន ​នៅ​ប្រទេស​ដែល​ខ្លួន​ កំពុង​ស្នាក់នៅ និង​ធ្វើការ។ សេចក្ដី​ស្នើ​ច្បាប់​នេះ ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ សម្រេច​បញ្ជូន​ទៅ​ គណៈកម្មការ​នីតិកម្ម​ ដើម្បី​ពិនិត្យ។

​អ្នកនាំពាក្យ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង ឲ្យ​ដឹង​ថា តាម​នីតិវិធី​នៅ​ពេល​ គណៈកម្មការ​ជំនាញ ​ពិនិត្យ​ រួច​ហើយ​នឹង​ប្រគល់​មក​ គណៈកម្មាធិការ​អចិន្ត្រៃយ៍ ​រដ្ឋសភា ​វិញ ដើម្បី​សម្រេច​ថា នឹង​បញ្ជូន​ទៅ​ជជែក​បន្ត​ទៅ​សភា​ពេញ​អង្គ ឬ​ទម្លាក់​ចោល​ត្រឹម​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ រដ្ឋសភា។ ប៉ុន្តែ​អ្នកនាំពាក្យ​ គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​ចោទ​ប្រកាន់​ក្រុម​តំណាងរាស្ត្រ​របស់​បក្ស​ប្រឆាំង​ថា ការ​ស្នើ​ធ្វើ​វិសោធនកម្ម ​ច្បាប់​ប្រភេទ​នេះ គឺ​ដើម្បី​បុព្វហេតុ​កេង​ ចំណេញ​នយោបាយ និង​ ចង់​វាយ​បំបែក​ឆ្នាំង​បាយ​ របស់​ក្រុម​ ពលករ​ខ្មែរ​ចំណាកស្រុក​ប៉ុណ្ណោះ។

នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​សុក្រ ទី​១៨ ខែ​សីហា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ដែល​ជា​អ្នក​សកម្ម ​ក្នុង​ការ​ដឹក​នាំ​ ឲ្យ​មាន​ការ​កែប្រែ​ច្បាប់​បោះ​ឆ្នោត​នេះ ថ្លែង​ថា សំណើ​របស់​បក្ស​ប្រឆាំង ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​ជំរុញ​របស់​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន ​ដែល​ពួកគេ​ធ្លាប់​បាន​ស្នើ​ទៅ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​រៀបចំ​ស្ថានីយ​បោះឆ្នោត ​នៅ​បរទេស៖ «ការ​រៀបចំ​គឺ​ធ្វើ​យ៉ាង​ម៉េច​អោយ​ បងប្អូន​យើង​ នៅ​ប្រទេស​ជិត​ខាង ដូច​ថៃ អី​ជា​ដើម​ហ្នឹង ទី​មួយ​ មាន​ក្រុម​ចល័ត ​ដែល​អាច​ចូល​ទៅ​ចុះ​ឈ្មោះ​ នៅ​ក្បែរ​ទីតាំង​ដែល​មាន​ពលរដ្ឋ​ខ្មែរ​យើង​ ធ្វើការ​ច្រើន​ហ្នឹង តាម​រយៈ​ការ​ជំរុញ​អោយ​ ក្រសួង​ការបរទេស​យើង​ធ្វើការ​ទាក់ទង សុំ​ការ​អនុញ្ញាត​ទៅ​ប្រទេស​ថៃ។ ទី​២ យើង​អាច​ធ្វើ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ព្រំដែន​ ដើម្បី​អាច​អោយ​បងប្អូន​យើង​ ដែល​នៅ​ក្បែរ​ហ្នឹង ​អាច​ឆ្លង​ដែន​ មក​បោះឆ្នោត​បាន»

​សំណើ​របស់​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ ធ្វើ​ឡើង​ផ្អែក​តាម​ មាត្រា ៣៣ នៃ​រដ្ឋធម្មនុញ្ញ ​របស់​កម្ពុជា ដែល​ចែង​ថា «ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​បរទេស ត្រូវ​បាន​គាំពារ​ដោយ​រដ្ឋ» ហើយ​ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​បោះឆ្នោត និង​ឈរ​ឈ្មោះ​ ឲ្យ​គេ​បោះឆ្នោត។

លោក សុន ឆ័យ បាន​ផ្ដល់​អនុសាសន៍​ដល់​ រដ្ឋាភិបាល​កម្ពុជា​ថា ដោយសារ​កម្ពុជា ប្រើ​ប្រព័ន្ធ​បោះ​ឆ្នោត​បែប​សមាមាត្រ​ដោយ​យក​ខេត្ត និង​រាជធានី​ជា​មណ្ឌល​បោះឆ្នោត ដូច្នេះ គ.ជ.ប អាច​បង្កើត​ធុង​ចំនួន ២៥ តំណាង​ឲ្យ​រាជធានី-​ខេត្ត​ទាំង​នេះ ​ដាក់​តាម​ស្ថានទូត និង​ស្ថាន​កុងស៊ុល នៃ​បណ្ដា​ប្រទេស​ ដែល​មាន​ពលរដ្ឋ​ខ្មែរ​កំពុង​រស់ និង​ស្នាក់​នៅ។ ពលរដ្ឋ​ទាំង​នោះ​ អាច​បោះ​ទម្លាក់​ចូល​ក្នុង​ធុង​ណា​ដែល​ជា​ធុង​នៃ​ ខេត្ត​កំណើត ឬ​មណ្ឌល​របស់​ពួកគេ។ លោក​បន្ត​ថា ពលរដ្ឋ​ទាំង​នោះ​ បញ្ជាក់​ស្រុក​កំណើត​របស់​ពួកគេ​ បាន​តាម​រយៈ​លិខិត​កំណើត ឬ​អត្តសញ្ញាណប័ណ្ណ​របស់​ពួកគេ។

​តំណាងរាស្ត្រ​អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ដែល​មាន​ដើម​កំណើត​ខ្មែរ លោក ហុង លីម ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លោក​ គាំទ្រ​ឲ្យ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស ​អាច​មាន​លទ្ធភាព ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង ​តំណាងរាស្ត្រ ​សម្រាប់​ប្រទេស​កម្ពុជា។ ​លោក​បន្ត​ថា ធ្វើ​ដូច្នេះ គឺ​មាន​ប្រយោជន៍​ជា​ខ្លាំង​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​យក​ចិត្ត​ទុកដាក់​អំពី​ប្រទេស​កំណើត​របស់​ពួកគេ និង​អាច​ចូល​រួម​សម្រេច​ជោគវាសនា​ទាំង​មូល​របស់​ជាតិ ដូច​បណ្ដា​ប្រជាជាតិ​នៃ ​ប្រទេស​ជឿន​លឿន​ដទៃ​ទៀត៖ «ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ​អាច​បោះឆ្នោត​បាន​ហ្នឹង វា​កាន់​តែ​ធ្វើ​ឲ្យ​ពួកគេ​ យក​ចិត្ត​ទុក​ដាក់​អំពី​បញ្ហា​ស្រុក​ខ្មែរ និង​ស្ថានការណ៍​ស្រុក​ខ្មែរ»

​រហូត​មក​ទល់​ពេល​នេះ មាន​ប្រទេស​ចំនួន ៩៣ ក្នុង​ពិភពលោក ​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​ បាន​រៀបចំ​ឲ្យ​អោយ​ពលរដ្ឋ​របស់​ខ្លួន អាច​មាន​សិទ្ធិ​ចូលរួម​ការ​បោះ​ឆ្នោត ​នៅ​ក្រៅ​ប្រទេស។ ប្រទេស​ទាំង ៩៣ នោះ​រួម​មាន​បណ្ដា​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក អាមេរិក​ខាងត្បូង អាស៊ី និង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ជាដើម។

​អ្នក​អង្កេត​ខាង​កិច្ចការ​នយោបាយ​កម្ពុជា និង​ ជា​អតីត​ប្រធាន​ចលនា និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ប៉ាង សុខឿន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​សាទរ ​ចំពោះ​ការ​ទាមទារ​ណា​មួយ ​ឲ្យ​បង្កើត​ប្រព័ន្ធ​បោះឆ្នោត​ នៅ​ក្រៅ​ប្រទេស។ លោក​ បន្ត​រដ្ឋាភិបាល​ ប្រញាប់ប្រញាល់​ធ្វើ​កិច្ចការ​ជា​អាទិភាព​ ដើម្បី​អាច​អោយ​ពលរដ្ឋ​ នៅ​ទូទាំង​ពិភព​លោក ​អាច​ចូល​រួម​ការ​បោះឆ្នោត​ជាតិ​ នៅ​ឆ្នាំ​២០១៨ ខាង​មុខ៖ «ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក ក្រៅ​ពី​ប្រទេស​កុម្មុយនិស្ត គេ​បាន​អនុវត្ត​ប្រព័ន្ធ​បែប​នេះ​រួច​ទៅ​ហើយ»

យ៉ាង​ហោច​ណាស់​មាន​ ពលករ​ចំណាក​ស្រុក​ ប្រហែល​ជិត ២ ​លាន​នាក់ កំពុង​ធ្វើ​ការ​ស្របច្បាប់​ផង និង​ខុសច្បាប់​ផង ​ក្នុង​ប្រទេស​ថៃ ខណៈ​ពលករ​ជាង ៦ ​ម៉ឺន​នាក់​ផ្សេង​ទៀត កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ជាង ៣​ ម៉ឺន​នាក់​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ ប្រហែល​ជាង ១​ ម៉ឺន​នាក់ នៅ​ប្រទេស​ជប៉ុន។ ជាង​នេះ​ទៅ​ទៀត មាន​ពលរដ្ឋ​ខ្មែរ​ ប្រមាណ​ជាង​កន្លះ​លាន​នាក់​ផ្សេង ទៀត​កំពុង​រស់​នៅ​បរទេស។ អ្នក​ទាំង​នោះ​ ភាគ​ច្រើន​រស់​នៅ​សហរដ្ឋ​អាមេរិក បារាំង អូស្ត្រាលី កាណាដា និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​សហគមន៍​អឺរ៉ុប៕

Captureចដវដថង