សម្គាល់៖ តំបន់អភិវឌ្ឍត្រីកោណ (CLV = Cambodia, Laos, Vietnam) ទទួលការគំរាមកំហែង តាមគំរោងការ ឈ្លានពានរបស់វៀតណាម ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា។ ប៉ុន្តែសង្គមស៊ីវិលមួយចំនួន ដែលយល់មមិនស៊ីជម្រៅរឿងនេះ បែរជាស្វាគមន៍ ចំពោះគំរោងការនោះ។ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និង រតនគីរី របស់ប្រទេសកម្ពុជា ត្រូវដាក់បញ្ចូល ក្នុងតំបន់អភិវឌ្ឍត្រីកោណនោះ តាំងពីដំបូង ឆ្នាំ១៩៩៩ ម្ល៉េះ។ (អត្ថបទបន្ថែមដោយ​លោក ម៉ែន ណាត)

សង្គម​ស៊ីវិល​ស្វាគមន៍​ ផែនការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ ​តែ​បារម្ភ​បាត់បង់​ធនធាន​ធម្មជាតិ

(ដោយ រដ្ឋា វិសាល, RFA, 08-8-2017)
ក្រោយ​ពេល​ដែល​ប្រតិភូ​គណៈកម្មការ​កិច្ចការ​បរទេស​នៃ រដ្ឋ​សភា​កម្ពុជា ឡាវ និង វៀតណាម បាន​ជួបជុំ​គ្នា​ នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ទី​៤ ខែ​សីហា ដើម្បី​បើក​សន្និសីទ​លើក​ទី​៦ ស្ដីពី​ការ​គាំទ្រ និង​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV)។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​ ដែល​រស់​នៅ​ ខេត្ត​រតនគិរី រំពឹង​ថា គម្រោង​នេះ ​នឹង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ ក្នុង​តំបន់​រីកចម្រើន​ជាង​បច្ចុប្បន្ន ជាពិសេស​វិស័យ​ទេសចរណ៍​ ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង។ ទន្ទឹម​នឹង​ការ​រំពឹង​ទុក​នេះ ពួកគេ​បង្ហាញ​ការ​បារម្ភ​ ចំពោះ​ផល​លំបាក​មួយ​ចំនួន​ ទាក់​ទិន​​ធនធាន​ធម្មជាតិ​ ក្នុង​តំបន់​ដែល​អាច​ប្រឈម​មុខ​ ទៅ​នឹង​ការ​បំផ្លិចបំផ្លាញ និង​ការ​ទាញ​យក​ផល​ មិន​សមស្រប។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ និង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ ខេត្ត​រតនគិរី ដែល​កំពុង​អភិរក្ស​ធនធាន​ធម្មជាតិ​ ចាត់​ទុក​គម្រោង​ អភិវឌ្ឍន៍​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ថា អាច​ជួយ​ជីវភាព​ពលរដ្ឋ​ក្នុង​តំបន់​ បាន​ប្រសើរ​ជាង​មុន។ (អានបន្តចំណុចខាងក្រោម ១)

{RFA៖ ដីខ្មែរតាមព្រំដែន ៤ ម៉ឺនហិចតា ត្រូវដ្ឋាភិបាល ហ៊ុន សែន ប្រគល់ឲ្យក្រុមហ៊ុន ទាហាយួន គ្រប់គ្រង។ ព័ត៌មាននេះ បានបែកធ្លាយ កាលពីខែ ធ្នូ ឆ្នាំ២០១៥ ប៉ុន្តែមកដល់ពេលនេះ មិនទាន់ការបកស្រាយបំភ្លឺណាមួយ ពីរដ្ឋាភិបាលខ្មែរ ទាល់តែសោះ}។

(ចំណុច ១ បន្ត)៖ ប្រធាន​សហគមន៍​ តំបន់​ការពារ​ធម្មជាតិ​អូរទុង មាន​ទីតាំង​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ លោក ស៊ុត វើល កត់សំគាល់​ថា បច្ចុប្បន្ន​វិស័យ​ទេសចរណ៍​ធម្មជាតិ​ ឋិត​ក្រោម​ការ​គ្រប់គ្រង ​របស់​សហគមន៍​ មិន​ទាន់​រីកចម្រើន​នៅ​ឡើយ ដោយសារ​កង្វះ​ខាត​ផ្លូវ​គមនាគមន៍​ ដែល​ជា​ហេតុផល​ចម្បង ​នៃ​ដំណើរ​​កម្សាន្ត​ របស់​អ្នក​ទេសចរណ៍។ លោក​ថា សក្ដានុពល​រដ្ឋ ធនធាន​ធម្មជាតិ​មាន​ព្រៃឈើ សត្វព្រៃ ទឹកជ្រោះ ភ្នំ ទន្លេ​នៃ​ឧទ្យាន​ជាតិ​វីរជ័យ គឺ​ជា​ប្រភព​ទាក់ទាញ​ភ្ញៀវទេសចរ ហេតុនេះ​ប្រសិន​គម្រោង​ អភិវឌ្ឍន៍​​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ បង្កើត​ឡើង សហគមន៍​រំពឹង​ថា ការ​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​​ សហគមន៍​នឹង​រីកចម្រើន​ បង្កើត​ប្រាក់​ចំណូល​សហគមន៍​ បាន​កាន់​តែ​ប្រសើរ៖ «អាច​មាន​ប្រាក់​ចំណូល​គួរសម ព្រោះ​អ្នកខ្លះ​ជូន​ភ្ញៀវ អ្នក​ខ្លះ​លក់​ម្ហូប​អាហារ អ្នក​ខ្លះ​នាំ​ភ្ញៀវ​ពី​ខេត្ត​មក​សហគមន៍ ទៅ​មើល​ជ្រោះ មើល​ព្រៃ​បាន​ចំណូល​ខ្លះៗ»

ចំណែក​ប្រធាន​កម្មវិធី​ អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា ប្រចាំ​ខេត្ត​រតនគិរី លោក វណ្ណ និមល ចាត់​ទុក​ការ​បង្កើត​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ​វៀតណាម និង ​ឡាវ គឺ​ស៊ី​សង្វាក់​ទៅ​ នឹង​គម្រោង​អភិរក្ស​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ចំនួន ​៥ ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ នា​​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង ដែល​​កំពុង​ត្រូវ​ការ​ទីផ្សារ​ទេសចរណ៍៖ «បើ​យើង​គ្រាន់​តែ​ជជែក​ថា មាន​គោលដៅ​វិស័យ​ទេសចរណ៍ ប៉ុន្តែ​យើង​មិន​មាន​ឆន្ទៈ​អភិវឌ្ឍ​ទេ អ៊ីចឹង​ការ​ពង្រឹង​ការ​អភិវឌ្ឍ ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​វិស័យ​ទេសចរណ៍​អាច​ប្រឈម​មុខ»

រាជរដ្ឋាភិបាល​កម្ពុជា ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ បាន​អភិវឌ្ឍ​រួច​ហើយ​នូវ​ផ្លូវ​ជាតិ​លេខ​៧៨អា ភ្ជាប់​តំបន់​ច្រក​ទ្វារ​ព្រំដែន​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាប់​នឹង​ច្រក​ទ្វារ​អន្តរជាតិ​ឡេថាញ់ (Le Thanh) ប្រទេស​វៀតណាម ទៅ​ទល់​​នឹង​ផ្លូវ​ជាតិ​លេខ​៧ ខេត្ត​ស្ទឹងត្រែង និង​ត​ភ្ជាប់​ពី​ខេត្ត​ស្ទឹងត្រែង ទៅ​ច្រក​ទ្វារ​ដុងក្រឡ (Dong Krolor) ព្រំដែន​ប្រទេស​​ឡាវ និង​ខេត្ត​ក្រចេះ និង​ផ្លូវ​ជាតិ​លេខ​ ៧៦អា ភ្ជាប់​ពី​ក្រុង​បានលុង ខេត្ត​រតនគិរី ទៅ​ខេត្ត​មណ្ឌលគិរី។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា អាជ្ញាធរ​កម្ពុជា និង​វៀតណាម បាន​សម្រេច​បើក​ផ្លូវ​ដឹក​ជញ្ជូន​កម្រិត​តំបន់​រវាង​​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ខេត្ត​រតនគិរី និង​ច្រក​ព្រំដែន​អន្តរជាតិ​ឡេថាញ់ ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម ដែល​ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​ទី​៤ របស់​ប្រទេស​កម្ពុជា។ ដោយ​ឡែក​អាជ្ញាធរ​ខេត្ត​ ​ក៏​បាន​ឈូស​ឆាយ​ផ្លូវលំ​ មួយ​ខ្សែ​ ពី​ស្រុក​អណ្ដូងមាស ទៅ​កាន់​តំបន់​កន្ទុយនាគ តំបន់​ខ្សែ​ក្រវាត់​មុំ​បី​កម្ពុជា វៀតណាម និង​ឡាវ ចម្ងាយ​ជាង ៧០ ​គីឡូម៉ែត្រ​ ពី​ក្រុង​បានលុង។

អ្នកនាំពាក្យ​សាលាខេត្ត​រតនគិរី លោក ញ៉ែម សំអឿន កត់សំគាល់​ថា ការ​បើក​ផ្លូវ​ដឹក​ជញ្ជូន​ត​ភ្ជាប់​ពី​វៀតណាម មាន​ប្រយោជន៍​លើ​វិស័យ​ធ្វើ​ពាណិជ្ជកម្ម​កសិផល​ពី​ខេត្ត​រតនគិរី ទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​វៀតណាម និង​ដឹក​ជញ្ជូន​គ្រឿង​សម្ភារៈ និង​ទំនិញ​ពី​ប្រទេស​វៀតណាម មក​ខេត្ត​រតនគិរី ទីក្រុង​​ភ្នំពេញ និង​បណ្ដា​ខេត្ត​ទៀត​ផង។ លោក​រំពឹង​ថា ការ​បើក​ផ្លូវ​ដឹក​ជញ្ជូន​នេះ​នឹង​ក្លាយ​ទៅ​ជា​ផ្លូវ​ដឹក​ជញ្ជូន​​ផ្លាស់ប្ដូរ​ទំនិញ​អ្នក​ដំណើរ សេវាកម្ម​ទេសចរណ៍​ សម្រាប់​គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​​អាស៊ាន​នៅ​ថ្ងៃ​ខាង​មុខ។

ផ្ទុយ​ពី​ការ​រំពឹង​ទុក​នេះ តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្មែរ ​ឈ្មោះ​ម្ចាស់​ស្រុក ​មាន​មូលដ្ឋាន ​នៅ​ប្រទេស​បារាំង និង​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​បារម្ភ​ពី​ភាព​មិន​យុត្តិធម៌​ ក្នុង​ការ​បើក​តំបន់​សេដ្ឋកិច្ច​រួម​​ជាមួយ​វៀតណាម ដែល​មាន​ចំនួន​ពលរដ្ឋ​ច្រើន និង​តម្រូវការ​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ច្រើន​ជាង​ភាគី​កម្ពុជា និង​ឡាវ ជាហេតុ​ធ្វើ​ឲ្យ​កម្ពុជា អាច​ប្រឈម​ទៅ​នឹង​ បាត់បង់​អធិបតេយ្យភាព​ទឹក​ដី និង​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ។

មក​ទល់​បច្ចុប្បន្ន​នេះ​ មិន​ឃើញ​មាន​ឯកសារ​ណា​ បញ្ចេញ​ឲ្យ​ដឹង​ពី​ផែនការ​ពិស្ដារ​ ទាក់ទិន​ការ​បង្កើត​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នៅ​ឡើយ។ ក៏ប៉ុន្តែ​អតីត​អ្នក​សម្របសម្រួល​ អង្គការ​ទន្លេ​បី​ មាន​ការិយាល័យ​នៅ​ខេត្ត​រតនគិរី លោក មៀច មាន ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ បាន​ឯកភាព​រួមគ្នា​អភិវឌ្ឍន៍​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍ រួម​មាន​វិស័យ​កសិ-​ឧស្សាហកម្ម គមនាគមន៍ និង​ដឹក​ជញ្ជូន ទេសចរណ៍ ឋាមពល​​អគ្គិសនី និង​ធនធាន​មនុស្ស។

លោក មៀច មាន កត់សំគាល់​ថា ភាគី​ប្រទេស​ទាំង​បី​ជំរុញ​ការងារ​នេះ បាន​មួយ​កម្រិត​ធំ​ហើយ ហេតុ​នេះ​អ្វី​ដែល​រាជរដ្ឋាភិបាល​ ត្រូវ​បំពេញ​គឺ​យន្តការ​ការពារ​ធនធាន​ធម្មជាតិ​ នៅ​សេសសល់​ឲ្យ​បាន​គង់វង្ស ពង្រឹង​​សមត្ថភាព​ធនធាន​មនុស្ស​ ក្នុង​តំបន់ និង​ការ​សិក្សា​ផល​ប៉ះពាល់​ឲ្យ​បាន​ជាក់លាក់​ ទៅ​លើ​បញ្ហា​បរិស្ថាន ជីវចម្រុះ​ ទាក់ទិន​គម្រោង​ អភិវឌ្ឍន៍​ទាំង​អស់​នោះ៖ «បើ​វិសាលភាព​ពង្រីក​ផ្ទៃដី​កសិកម្ម​ច្រើន​ព្រៃឈើ​ នឹង​បាត់បង់​ច្រើន សត្វព្រៃ​ក៏​បាត់បង់​តាម​ហ្នឹង​ដែរ។ ការ​បង្កើត​ឋាមពល​អគ្គិសនី​ តាមរយៈ​បង្កើត​ទំនប់​ច្រើន ក៏​ធ្វើ​ឲ្យ​បាត់បង់​ព្រៃឈើ បឹង ទន្លេ​ផង។ វា​កើន​ទៅ​លើ​ឋាមពល​អគ្គិសនី​ផលិត​បាន ប៉ុន្តែ​វា​បាត់បង់​ធនធាន​ធម្មជាតិ និង​បរិស្ថាន»

អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ កត់សំគាល់​ថា ចរន្ត​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ មិន​អាច​ថយ​ក្រោយ​បាន​ទេ ពីព្រោះ​ជា​គម្រោង​ថ្នាក់​តំបន់ និង​មាន​ការ​ចូល​រួម​ជ្រោមជ្រែង ​ពី​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​ទៀត​ផង។ លោក​មិន​រំពឹង​ថា ជនជាតិ​ដើម​ភាគ​តិច​ ក្នុង​តំបន់​នឹង​ទទួល​បាន​ផលប្រយោជន៍​ជាក់លាក់​ស្ដីពី​ការ​អភិវឌ្ឍ​នោះ​ទេ ក៏ប៉ុន្តែ​លោក​លើក​ទឹក​ចិត្ត​ ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​កិច្ចសហការ​ជាមួយ​ប្រទេស​ជិត​ខាង​ឲ្យ​បាន​ប្រសើរ ទាំង​ការ​ការពារ​បូរណភាព​ដែនដី ការ​បង្កើត​ទីផ្សារ​ការងារ​ជូន​ពលរដ្ឋ និង​ការ​ពង្រីក​ការ​នាំ​ចេញ​ផលិតផល​ផលិត​ក្នុង​ស្រុក និង​តម្លៃ​លក់​ឋាមពល​អគ្គិសនី​ក្នុង​តម្លៃ​ទាប​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទើប​ជីវភាព​ពលរដ្ឋ​មានការ​កើន​ឡើង៖ «វា​អត់​ថយ​ក្រោយ​កើត​ទេ វា​ទៅ​មុខ​ទៀត អ៊ីចឹង​រក​ចំណេញ​ឲ្យ​បាន​ច្រើន​ជា​អតិបរមា ហើយ​មាន​ទំនាក់ទំនង​ឲ្យ​ល្អ​ជាមួយ​ខាង​វៀតណាម ដើម្បី​ប្រើប្រាស់​ផ្លូវ​ឆ្លង​កាត់​សមុទ្រ​អន្តរជាតិ​ ដឹក​ផលិត​ផល​ឧស្សាហកម្ម​ ចេញ​តាម​វៀតណាម បើ​នៅ​ស្រុក​ខ្មែរ​យើង​ចេញ​តាម​កំពង់សោម គឺ​វា​ឆ្ងាយ​ណាស់ អា​នេះ​ល្អ​ទៅ​វិញ»

អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់​ថា គម្រោង​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍​ដំណើរការ​ទៅ​បាន​លុះត្រាតែ​ភាគី​ទាំង​អស់​ឯកភាព​គោរព​តាម​លក្ខខណ្ឌ​ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា ជាពិសេស​ការ​ដោះស្រាយ​បូរណភាព​ទឹក​ដី និង​ខ្សែបន្ទាត់​ព្រំដែន​រួចរាល់ និង​គោរព​ច្បាប់​ទាំង​ឡាយ​ដែល​មាន​ធរមាន​របស់​ប្រទេស​នីមួយៗ៖ «កាល​ណា​គេ​ដាក់​ជា​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​តំបន់​ហ្នឹង​ត្រូវ​ទទួល​ស្គាល់​ព្រំដែន បន្ទាប់​ពី​ទទួល​ស្គាល់​ព្រំដែន​វា​ត្រូវ​ក្លាយ​ទៅ​ជា​សហ​ប្រតិបត្តិការ​រួម​នៅ​កន្លែង​នោះ​ឯង ដូច្នេះ​មិន​ធ្វើ​ឲ្យ​បាត់បង់​ដី​ទេ​ហើយ​ធ្វើ​ឲ្យ​តំបន់​ដាច់​ស្រយាល​ទទួល​បាន​ការ​គ្រប់គ្រង​តាម​ច្បាប់​ទម្លាប់​រៀងៗ​ខ្លួន»

លោក ឈាង វុន ដែល​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៧ ខែ​សីហា បញ្ជាក់​ថា ស្ថាប័ន​រដ្ឋ​សភា​មាន​តួនាទី​ឃ្លាំមើល​​បញ្ហា​នេះ ហេតុនេះ​លោក​មិន​អាច​អធិប្បាយ​ពិស្ដារ​ទាក់ទិន​គម្រោង​នេះ​ទេ។ ទោះបីជា​យ៉ាង​នេះ​ក្ដី​លោក​បាន​ថ្លែង​ក្នុង​ឱកាស​បើក​សន្និសីទ​លើក​ទី​៦ កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ថា ផែនការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​នៃ​ប្រទេស​កម្ពុជា ឡាវ និង វៀតណាម នឹង​ធ្វើ​ឱ្យ​ប្រជាជន​ក្នុង​តំបន់​ក្លាយ​ជា​សហគមន៍​តែមួយ ហើយ​ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​ប្រតិបត្តិ​នៃ​ប្រទេស​ទាំង​បី​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​លើ​ផែនការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព​ក្នុង​តំបន់។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១១ កម្ពុជា​បាន​យល់​ព្រម​ដាក់​បញ្ចូល​ខេត្ត​របស់​ខ្លួន​ចំនួន​៤ មាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ដែល​មាន​ពលរដ្ឋ​ប្រហែល​ជាង ៥​សែន​នាក់។ រី​ឯ​ប្រទេស​ឡាវ ក៏​បាន​ដាក់​បញ្ចូល​ទឹក​ដី​របស់​ខ្លួន​ចំនួន ៤​ខេត្ត​ដែរ ដូចជា​ខេត្ត​អាតាពើ (Attapeus) ចំប៉ាសាក់ (Champasak) សាលាវ៉ាន់ (Salavan) សេកុង (Sekong) ដែល​មាន​មនុស្ស​ប្រមាណ ៧​សែន​នាក់ ហើយ​វៀតណាម បាន​ដាក់​បញ្ចូល​ទឹក​ដី​របស់​ខ្លួន​ចំនួន ៥ គឺ​ខេត្ត​យ៉ាឡាយ (Gia Lai) កនតុម (Kon Tum) ដាក់ឡាក់ (Dak Lak) ដាណាង (Da Nang) ប៊ិញភឿក (Binh Phuoc) ដែល​ខេត្ត​ទាំង​នេះ​មាន​មនុស្ស​ជាង ៧​លាន​នាក់។

ក្រុម​រដ្ឋមន្ត្រី​នៃ​បណ្ដា​ប្រទេស​ទាំង​នេះ បាន​យល់​ព្រម​បង្កើត​ផែនការ​មេ​ខាង​ផ្នែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​តំបន់​ត្រីកោណ រហូត​ដល់​ឆ្នាំ​២០២០ ផ្អែក​លើ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា។ ក្រុម​រដ្ឋមន្ត្រី​ទាំង​បី​ប្រទេស​នេះ​ក៏​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ពន្លឿន​ការ​ច្របាច់​បញ្ចូល​គ្នា ជាពិសេស​ខាង​ការ​ឆ្លង​ដែន​ផ្នែក​ទេសចរណ៍ ពាណិជ្ជកម្ម និង​ការ​ដឹក​ជញ្ជូន​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ខាង​ផ្នែក​សន្តិសុខ និង​កិច្ចការ​បរទេស​ដើម្បី​នាំ​មក​នូវ​សន្តិភាព សុវត្ថិភាព និង​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ​ក្នុង​អនុ​តំបន់៕