Captureចសឹឆ

(អត្ថបទដោយ ម៉ែន ណាត)
ការចាប់ឃុំខ្លួនលោក ញឹក ប៊ុនឆាយ អតីតទីប្រឹក្សារដ្ឋាភិបាល ឋានៈស្មើឧបនាយករដ្ឋមន្រ្តី គឺជារឿងនយោបាយ ប៉ុន្តែរដ្ឋាភិបាល ហ៊ុន សែន យករឿងគ្រឿងញៀន មកដាក់បន្ទុក ជំនួសវិញ។ និយាយឲ្យខ្លី លោក ញឹក ប៊ុនឆាយ ត្រូវបានអតីតសហជីវិនរបស់លោក គឺលោក លី ឡាយស្រេង អតីតរដ្ឋមន្រ្តីក្រសួងអភវឌ្ឍជនបទ បាននិយាយាដោយត្រង់ៗថា «លោក ញឹក ប៊ុនឆាយ អស់តម្លៃសម្រាប់ លោក ហ៊ុន សែន ក្រោយមាន​ភាពស្និទ្ធស្នាលជាង ១០ ឆ្នាំ បន្ទាប់ពីលោក ប៊ុនឆាយ បានស៊ីញ៉េលើ រដ្ឋធម្មនុញ្ញបន្ថែម ដើម្បីជួយបើកផ្លូវឲ្យលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ឆ្នាំ២០០៤» ។ លោក ត្រូវបានចាប់ឃុំខ្លួន ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ហើយតុលាការ សម្រេចបញ្ជាឲ្យដាក់គុក ក្រសួងមហាផ្ទៃ ថ្ងៃទី០៤ ខែសីហានេះ។

រំលឹក៖ ក្រោយការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០០៣ នយោបាយខ្មែរ បានជាប់គាំង រហូតដល់ខែឧសភា ឆ្នាំ២០០៤ (ជាប់គាំងជិត ១ឆ្នាំ) ពីព្រោះតែគណបក្សសម្ព័ន្ធភាព ហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ និង គណបក្សសមរង្ស៊ី របស់លោក សម រង្ស៊ី នៅរឹងមាំ ប៉ុន្តែសម្ព័ន្ធភាពនេះ បានដួលរលំទៅវិញ ក្រោយឃាតកម្ម លើមេដឹកនាំសហជីពកម្មករ លោក ជា វិជ្ជា ខែមករា ២០០៤។

ការជាប់គាំងនយោបាយ កើតឡើងដោយសារតែ គណបក្សប្រជាជន របស់លោក ហ៊ុន សែន ឈ្នះឆ្នោតមិនគ្រប់កូរ៉ុម រដ្ឋសភា តាមសម្លេង ២ ភាគ ៣ នៃរដ្ឋធម្មនុញ្ញ ហើយការបោះឆ្នោតក្នុងរដ្ឋសភា ត្រូវប្រព្រឹត្តទៅ «ដោយ​សម្ងាត់»។ ចំពោះ រដ្ឋធម្មនុញ្ញបន្ថែម ដែលស៊ីញ៉េដោយលោក ញឹក ប៊ុនឆាយ អនុប្រធានព្រឹទ្ធសភា និង ជាប្រមុខរដ្ឋស្តីទី កាលនោះ គឺត្រូវបានបើកឲ្យ​​រដ្ឋសភា បោះឆ្នោតជ្រើសរើស នាយករដ្ឋមន្រ្តី ពីបក្សឈ្នះឆ្នោត និង តែងតាំងគណៈរដ្ឋមន្រ្តី «ដោយចំហ ឬលើកដៃ» វិញ។

ក្រោយពេលរដ្ឋសភា អនុម័តលើរដ្ឋធម្មនុញ្ញបន្ថែម ដែលកាលនោះត្រូវបានហៅថា «រដ្ឋធម្មនុញ្ញបន្ថែមខុសច្បាប់» នោះព្រះមហាក្សត្រ និង ប្រធានព្រឹទ្ធសភា លោក ជា ស៊ីម បានចាកចេញពីប្រទេស ក្រោមមូលហេតុ ពិនិត្យជំងឺ។ ក្រុមអ្នកជំនាញ និង អ្នកវិភាគ និយាយថា ព្រះមហាក្សត្រ និង ប្រធានព្រឹទ្ធសភា គេចវេសពីការស៊ីញ៉េលើ រដ្ឋធម្មនុញ្ញបន្ថែម។ ម៉្លោះហើយលោក ញឹក ប៊ុនឆាយ ជាអ្នកចុះហត្ថលេខា ជំនួស។ រដ្ឋធម្មនុញ្ញបន្ថែមនេះ ត្រូវបានប្រើប្រាស់រហូតមកទល់សព្វថ្ងៃ ក្នុងការអនុម័តច្បាប់ និងការតែងតាំងមន្រ្តីរដ្ឋាភិបាល ជាដើម។

លទ្ធផលនៃការបោះឆ្នោត ឆ្នាំ២០០៣ បក្សប្រជាជនកម្ពុជា ទទួលបាន ៧៣ កៅអី។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ២៦ កៅអី។ គណបក្ស សម រង្ស៊ី ទទួលបាន ២៦ កៅអី។ កៅអី ឬអសនៈសរុបមាន ១២៣ ក្នុងរដ្ឋសភា។