20770_naa

«អ្នក​វិភាគ​បញ្ហា​នយោបាយ ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មើល​ឃើញ​ថា វិធីសាស្ត្រ​ដែល​លោក ហ៊ុន សែន កំពុង​តែ​ដោះ​ស្រាយ​នៅ​ពេល​នេះ វា​ហាក់​ដូច​គ្នា​ណាស់​ ទៅ​នឹង​ព្រឹត្តិការណ៍​ កាល​ពី ១០​ ឆ្នាំ​មុន (ឆ្នាំ២០០៧​-​២០០៨ រឿងជម្លោះប្រាសាទព្រះវិហារ ជាមួយប្រទេស ថៃ) ដែល​នៅ​ពេល​នោះ ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​  ឈ្នះការបោះឆ្នោត ទទួល​បាន​អាសនៈ​ខ្ពស់​បំផុត​ រហូត​ដល់ ៩០​ អាសនៈ ក្នុង​ចំណោម​អាសនៈ​សរុប ១២៣​ អាសនៈ​នៅ​ក្នុង ​រដ្ឋសភា។»

——————————————————–
(ដោយ ម៉ម មុនីរតន៍, 12-8-2017)
នាយករដ្ឋមន្ត្រី​ឡាវ សន្យា​ថា នឹង​ដក​ទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា ត្រង់​ចំណុច​អូរ​តាង៉ាវ និង​អូរអាឡៃ នៃ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ឲ្យ​ផុត​យ៉ាង​យូរ​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​សីហា។ ស្រប​ពេល​ភាគី​ទាំង​ពីរ​ព្រមព្រៀង​ដក​ថយ​មួយ​ជំហាន​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ដោយ​យោធា​នេះ អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម​យល់​ឃើញ​ថា យុទ្ធសាស្ត្រ​នយោបាយ​ដែល​លោក ហ៊ុន សែន កំពុង​អនុវត្ត​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​ព្រឹត្តិការណ៍​កាល​ពី​ឆ្នាំ​២០០៨ ដែល​កម្ពុជា កាល​ណោះ​មាន​ជម្លោះ​យោធា​ជា​មួយ​ថៃ ត្រង់​ប្រាសាទ​ព្រះវិហារ។

អ្នក​វិភាគ​បញ្ហា​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មើល​ឃើញ​ថា វិធីសាស្ត្រ​ដែល​លោក ហ៊ុន សែន កំពុង​តែ​ដោះ​ស្រាយ​នៅ​ពេល​នេះ វា​ហាក់​ដូច​គ្នា​ណាស់​ទៅ​នឹង​ព្រឹត្តិការណ៍​កាល​ពី ១០​ឆ្នាំ​មុន ដែល​នៅ​ពេល​នោះ ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ទទួល​បាន​អាសនៈ​ខ្ពស់​បំផុត​រហូត​ដល់ ៩០​អាសនៈ ក្នុង​ចំណោម​អាសនៈ​សរុប ១២៣​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។

ការ​សង្កេត​របស់​អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម និង​នយោបាយ​គឺ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ នេះ ដោយ​លោក​អះអាង​ថា ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០០៨ បាន​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​នៅ​ពេល​នោះ ទទួល​បាន​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​យ៉ាង​ច្រើន។ លោក​បន្ត​ថា ព្រឹត្តិការណ៍​លើក​នេះ​ក៏​ហាក់​ដូច​ជា​មិន​ឆ្ងាយ​គ្នា​ប៉ុន្មាន​ដែរ ស្រប​ពេល​ការ​បោះឆ្នោត​ក៏​កាន់​តែ​ខិត​ជិត​មក​ដល់​ណាស់​ដែរ​ហើយ៖ «មុន​ការ​បោះឆ្នោត​ឆ្នាំ​២០០៨ ហើយ​ពេល​នោះ​រដ្ឋាភិបាល​គឺ​គណបក្ស​ប្រជាជន បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន។ ឥឡូវ​នេះ ក៏​មាន​របៀប​គ្នា​អ៊ីចឹង​ដែរ មុន​ការ​បោះឆ្នោត​គ្រាន់​តែ​យូរ​បន្តិច។ ប៉ុន្តែ​ស្ថិត​ក្នុង​កាលៈទេសៈ​មួយ​ដែល​រដ្ឋាភិបាល ឬ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្វើ​យុទ្ធនាការ​ដើម្បី​ដណ្ដើម​សន្លឹក​ឆ្នោត​យ៉ាង​ខ្លាំងក្លា»

បើ​ទោះ​ជា​បែប​ណា លោក ហ៊ុន សែន បាន​ប្រកាស​មុន​ចេញ​ដំណើរ​ទៅ​ចរចា​ជាមួយ​លោក ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រី​ឡាវ ថា នេះ​ជា​ការ​ការពារ​ទឹក​ដី ហើយ​លោក​មិន​ចង់​ឃើញ​ប្រទេស​ជិត​ខាង​រំលោភ​លើ​អធិបតេយ្យ​របស់​កម្ពុជា ដែរ។ ប៉ុន្តែ​នេះ​ជា​ការពារ​ទឹក​ដី​ក្នុង​នាម​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​បញ្ចេញ​កង​ទ័ព​ ទៅ​កាន់​តំបន់​ព្រំដែន​នៃ ​ខេត្ត​ស្ទឹងត្រែង និង​ទុក​ពេល​ឲ្យ​ឡាវ ដក​ទ័ព​ចេញ​ក្នុង​រយៈពេល ៦​ថ្ងៃ។ យុទ្ធសាស្ត្រ​នយោបាយ​នេះ ត្រូវ​រង​ការ​រិះគន់​ថា ហេតុ​អី​ចាំបាច់​លោក ហ៊ុន សែន ប្រកាស​ឲ្យ​ដឹង​ហើយ ទើប​ទៅ​ប្រយុទ្ធ​ពេល​ក្រោយ។ ម្យ៉ាង​ទៀត បញ្ហា​នេះ​ បាន​ផ្ទុះ​ជា​យូរ​ខែ​ណាស់​មក​ហើយ តែ​ទើប​ត្រូវ​បាន​រដ្ឋាភិបាល​ ចាត់​វិធានការ​នៅ​ពេល​នេះ​ទៅ​វិញ​ជាដើម។

ថ្លែង​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា នាយករដ្ឋមន្ត្រី​ឡាវ លោក ថងលួន ស៊ីស៊ូលីត ព្រមព្រៀង​ថា នឹង​ដក​កងទ័ព​របស់​ខ្លួន​ឲ្យ​អស់​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​សីហា។ ទន្ទឹម​នឹង​នេះ លោក ថងលួន ស៊ីស៊ូលីត ក៏​សូមទោស​លោក ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​មាន​សភាពការណ៍​ជ្រួលច្របល់​ ជាពិសេស​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយ​តប​លិខិត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ៖ «ឥឡូវ​នេះ​ខ្ញុំ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដក​កងកម្លាំង​ដែល​ឈរ​ជើង​នៅ​កន្លែង​នោះ​ទាំង​អស់ ឲ្យ​អស់​នៅ​ព្រឹក​ស្អែក​នេះ»

អគ្គ​មេបញ្ជាការ​នៃ ​កង​យោធពល​ខេមរភូមិន្ទ នាយ​ឧត្ដមសេនីយ៍ គន់ គីម ប្រាប់​កាសែត​ក្នុង​ស្រុក​មុន​គម្រោង​ដក​ទ័ព​មួយ​ថ្ងៃ​ថា កង​យោធា​កម្ពុជា ដែល​បញ្ជូន​ទៅ​ចំណុច​ព្រំដែន​មាន​ប្រមាណ ៧​ពាន់​នាក់។ ពួកគេ​មាន​ទាំង​សព្វាវុធ និង​រថពាសដែក​ជា​ច្រើន​គ្រឿង​ធ្វើ​ដំណើរ​ទៅ​ជាមួយ​ផង។ ប៉ុន្តែ​មេបញ្ជាការ​យោធា​ជាន់​ខ្ពស់​រូប​នេះ ពុំ​បាន​បញ្ជាក់​ថា ត្រូវ​បញ្ជូន​ចេញ​ពី​កងពល​ណា​ខ្លះ​នោះ​ទេ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ អគ្គ​មេបញ្ជាការ​រង​នៃ ​កងយោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី លោក​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រាប់​កាសែត​ក្នុង​ស្រុក​ដែរ​ថា ចំនួន​យោធា​ដែល​បាន​បញ្ជូន​ចេញ​​ត្រៀម​ប្រយុទ្ធ​នេះ ចំណុះ​ឲ្យ ៤ ​កងពល ហើយ​សុទ្ធ​តែ​ជា​កម្លាំង​ស្រួច។

ដោយ​ឡែក​លោក ឈុំ សុជាត មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ឲ្យ​ដឹង​ថា ភាគី​ឡាវ ស្នើ​សុំ​កម្ពុជា ទុក​ពេល​ឲ្យ​មួយ​ថ្ងៃ​នេះ​សិន ដើម្បី​ត្រៀម​ដក​កងទ័ព​ត្រឡប់​ទៅ​វិញ ព្រោះ​ឡាវ មាន​សម្ភារៈ​ច្រើន​ ដែល​ត្រូវ​ដឹក​ចេញ។ លោក​បន្ត​ថា ចំពោះ​ភាគី​កម្ពុជា នឹង​ដក​យោធា​ចេញ​ពី​តំបន់ព្រំដែន​​នោះ​ដែរ នៅ​ពេល​ណា​ភាគី​ឡាវ អនុវត្ត​បាន​ពេញ​លេញ​ហើយ៖ «ការ​ចរចា​នៅ​វៀងចន្ទន៍ បាន​ជោគជ័យ​ហើយ ឥឡូវ​នេះ​ខាង​ឡាវ គេ​ចាត់តាំង​កម្លាំង​មេទ័ព​ខាង​មុខ​ដើម្បី​ជួប​មេទ័ព​យើង​នៅ​ជួរ​ខាង​មុខ។ ឥឡូវ​គេ​អត់​ព្រម​ដក ទុក​ស្អែក​ព្រឹក​មួយ​ថ្ងៃ​សិន។ គេ​ប្រុងប្រៀប​មួយ​ថ្ងៃ ស្អែក​គេ​ដក​ចេញ​ពី​តំបន់​ដែល​យើង​ទាមទារ​ហើយ ទឹក​ដី​របស់​យើង​គេ​ព្រម​ដក​ហើយ»

ជុំវិញ​រឿង​នេះ ក្រសួង​ការពារ​ជាតិ​ ធ្លាប់​ច្រានចោល​ការ​ផ្សាយ​ របស់​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី​០៤ ឧសភា ម្ដង​រួច​មក​ហើយ ដែល​រក​ឃើញ​ថា រដ្ឋាភិបាល​ឡាវ ​បាន​បន្ថែម​កម្លាំង​បន្ថែម​ទៀត នៅ​ចំណុច​អូរតាង៉ាវ និង​អូរ​អាឡៃ។ ប្រតិកម្ម​របស់​ ក្រសួង​ការពារ​ជាតិ​នេះ ចាត់​ទុក​ថា ដំណឹង​ឡាវ ​ជីក​លេណដ្ឋាន​លើ​ទឹកដី​កម្ពុជា​នេះ មិន​ពិត​ថែម​ទៀត​ផង។

ភាព​តានតឹង​បន្ត​អូស​បន្លាយ​ ចាប់​តាំង​ពី​យោធា​ឡាវ ​ចាប់​ឈរ​ជើង​ កាល​ពី​ខែ​ កុម្ភៈ ឆ្នាំ​២០១៧ ទើប​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្គាល់​ថា កង​យោធា​ឡាវ ពិត​ជា​បាន​បោះ​ជំរំ​ឈរ​ជើង​ក្នុង​ទឹកដី​កម្ពុជា មែន ត្រង់​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។ ភ្លាមៗ កម្លាំង​យោធា​កម្ពុជា ត្រូវ​បញ្ជូន​​ទាំង​យប់​ ឆ្ពោះ​ទៅ​កាន់​តំបន់ព្រំដែននោះ។

ទាក់ទង​នឹង​ព័ត៌មាន​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​វិល​មក​ដល់​កម្ពុជា វិញ​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ទី​ ១២ ខែ​សីហា ២០១៧។ ហ្វេសប៊ុក (Facebook) របស់​លោក​នាយករដ្ឋមន្ត្រី​ បាន​បង្ហោះ​សារ​ថា ជំនួប​ រវាង​មេ​ដឹក​នាំ​នៃ​ប្រទេស​ទាំង ​២ (កម្ពុជា-ឡាវ) បាន​ទទួល​ផ្លែផ្កា​ គួរ​ជា​ទី​មោទនៈ និង​បាន​បង្ហាញ​នូវ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ ដើម្បី​ការពារ​ផលប្រយោជន៍​រួម ទាំង​ពលរដ្ឋ និង​ប្រទេស​ទាំង ​២ ។

សេចក្ដី​ថ្លែងការណ៍​របស់​ ក្រសួង​ការបរទេស​កម្ពុជា អំពី​លទ្ធផល​នៃ​ជំនួប ​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​២​នេះ លើក​ឡើង​ថា ក្រៅ​ពី​សន្យា​ថា នឹង​ដក​កងទ័ព​ឡាវ ចេញ​ពី​កម្ពុជា ហើយ​នោះ កងកម្លាំង​កម្ពុជា ដែល​បាន​ចល័ត ​ចេញ​ទៅ​កាន់​តំបន់​ទំនាស់ និង​ប្រុង​ជើងការ ត្រូវ​បាន​បញ្ជា​អោយ​ដក​ត្រឡប់​ចូល​បន្ទាយ​រៀងៗ​ខ្លួន​វិញ។

សេចក្ដី​ថ្លែងការណ៍​ដដែល​បន្ត​ថា នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​២ បាន​ណែនាំ​អោយ​ក្រសួង​ការបរទេស​ និង​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​២ បន្ត​ធ្វើ​ការ​ជាមួយ​គ្នា​អោយ​បាន​សកម្ម​បន្ត​ទៀត ដើម្បី​ដោះស្រាយ​អោយ​រួច​រាល់​នូវ​ខ្សែ​ព្រំដែន​ចំនួន ១៤% នៅ​សេសសល់ ក្នុង​នាម​ជា​អ្នក​ជិត​ខាង ជា​មិត្ត និង​ជា​បងប្អូន៕