ក្រុម​អ្នក​ឃ្លាំមើល​ អំពី​បូរណភាព​ទឹក​ដី​កម្ពុជា បាន​ប្រតិកម្ម​ទៅ​នឹង​ ការ​ចុះ​​អនុ​ស្សរណៈ​​យោគ​យល់​​គ្នា ស្ដីពី​កម្ម​វិធី​សហ​ប្រតិបត្តិការ​ រវាង​​អង្គការ​​រណសិរ្ស​​ទាំង ៣ ​ប្រទេស មាន​កម្ពុជា វៀតណាម ឡាវ ថាអាច​​ជា​មហិច្ឆតា​​របស់​​វៀតណាម ក្នុង​​ការ​លេប​​យក​​កម្ពុជា ដើម្បី​ពង្រីក​​អំណាច ​សហព័ន្ធ​ឥណ្ឌូចិន។


Update 18-8-2017 /(ដោយ តាំង សារ៉ាដា, RFA, 10th-12-2011)
ក្រុម​អ្នក​ឃ្លាំមើល​អំពី​បញ្ហា​ព្រំដែន​កម្ពុជា នៅ​ឯ​នាយ​សមុទ្រ បាន​​សំដែង​​ការ​ព្រួយ​​បារម្ភ​​ចំពោះ​​ការ​ចុះ​​អនុស្សារណៈ ស្ដីពី​​កម្មវិធី​​សហ​ប្រតិបត្តិការ ​រវាង​​អង្គការ​​រណសិរ្ស​​ទាំង​​បី​ប្រទេស មាន​​កម្ពុជា វៀតណាម ឡាវ កាល​​ពី​ថ្ងៃ​ទី ​៣០ ខែ​វិច្ឆិកា នោះ​ថា អាច​​ជា​​ល្បិចកល​​របស់​​វៀតណាម ក្នុង​​ការ​លេប​ត្របាក់​​ប្រទេស​​កម្ពុជា ហើយ​​ពង្រីក​ទឹក​ដី​​របស់​​ខ្លួន​​ប៉ុណ្ណោះ។

អនុស្សរណៈ​រវាង​ប្រទេស​បី​នេះ ធ្វើ​ឡើង​​ក្នុង​​គោល​បំណង​​កសាង​ ខ្សែ​​បន្ទាត់​​ព្រំដែន​​សន្តិភាព មិត្តភាព និង​​សហ​ប្រតិបត្តិការ ខណៈ​ក្រុម​អ្នក​ឃ្លាំមើល ​អះអាង​ថា​នេះ​​ជា​យុទ្ធសាស្ត្រ​​ថ្មី​ របស់​​វៀតណាម ដើម្បី​ឈាន​​ទៅ​រក​ការ​​បើក​ចំហ​​ព្រំដែន​ ​រវាង​កម្ពុជា និង​វៀត​ណាម ដូចគ្នា​ទៅ​​នឹង​ការ​​បើក​ចំហ​​ព្រំដែន ​រវាង​​វៀតណាម និង ​ឡាវ ដូច្នោះ​ដែរ។

លោក ស៊ាន ប៉េងសែ ដែល​ជា​ប្រធា​ន ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​​មាន​​មូល​ដ្ឋាន​​នៅ​​ប្រទេស​​បារាំង មាន​​ប្រសាសន៍​ថា វៀតណាម​ កំពុង​ប្រើ​​គ្រប់​​រូបមន្ត ដើម្បី​​ពង្រីក​​ទឹក​ដី​របស់​ខ្លួន ពីព្រោះ​​វៀតណាម​​មាន​ប្រជាជន​​ជាង ៨០ ​លាន​នាក់ ដែល​​ត្រូវ​ការ​ផ្ទៃដី​​ថែម​ទៀត ដើម្បី​​ចិញ្ចឹម​ប្រជាជន​​របស់​គេ។

លោក ស៊ាន ប៉េងសែ៖ «ពីព្រោះ​ខ្ញុំ​ដឹង​យូរ​ហើយ ហើយ​​កូនចៅ​​របស់​យើង​​ទាំង​​អស់​​គ្នា​​ដឹង​​យូរ​​មក​​ហើយ​​ថា យួន ​ហ្នឹង​​​មិន​​ចង់​ឲ្យ​​ខ្មែរ​យើង ​ចេញ​​ពី​ឥណ្ឌូចិន ដែល​​បារាំង ទុក​ឲ្យ​ទេ ពី​ព្រោះ​​ហេតុផល​​ធំ​បំផុត​​ហ្នឹង វា​មាន​ប្រជាជន​​ច្រើន​ណាស់ ជាង ៨០​ លាន ហើយ​​ឡាវ មាន​មិន​​ដល់ ៦ ទៅ ៧​ លាន អី​អ៊ីចឹង​​ទៅ ហើយ​ខ្មែរ​​យើង​​មាន​ប្រជាជន ១៤ លាន​នាក់ ហើយ​​ពី ៣ ទៅ ៤​ លាន​ហ្នឹង សុទ្ធតែ​​ប្រជាជន​​យួន។ ដូច្នេះ​​យួន​​ គាត់​ត្រូវការ​​ទឹក​ដី ដើម្បី​ឲ្យ​​ប្រជាជន​គេ​​មក​​នៅ​​ជាមួយ​​យើង»

អនុស្សារណៈ​​ស្ដីពី​កម្មវិធី​​សហ​ប្រតិបត្តិការ ​រវាង​​អង្គការ​រណសិរ្ស​​ទាំង ៣ ​ប្រទេស​​នេះ បាន​ដឹក​នាំ​​​ធ្វើ​​ឡើង​​​ដោយ​​លោក ហេង សំរិន ប្រធាន​​កិត្តិយស​នៃ​ គណបក្ស​​ប្រជាជន​​កម្ពុជា ភាគី​​វៀត​ណាម មាន​​លោក ហ្វិញ ដាម ប្រធាន​​គណៈកម្មាធិការ​​មជ្ឈិម​​បក្ស​​រណសិរ្ស​មាតុ​ភូមិ​​​​វៀត​ណាម រី​ឯ​​ភាគី​ឡាវ មាន​​លោក ផាញ់ ដួងចិត្ត វស្សា  ជា​សមាជិក​គណៈ​កម្មាធិការ​​កណ្ដាល​​បក្ស​​ប្រជាជន​​បដិវត្តន៍​​ឡាវ ហើយ​ភាគី​​ទាំង ៣ ​បាន​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ថា នឹង​ខិតខំ​​ថែ​រក្សា​​នូវ​លទ្ធផល​​ទាំង​ឡាយ ​ដែល​​កើត​ចេញ​ពី​​កិច្ច​សហប្រតិបត្តិការ​​រួម​គ្នា ដើម្បី​ពង្រីក​ប្រពៃណី​​ដ៏​​ល្អ​​នៃ ​ប្រទេស​ទាំង​​បី និង​​ប្ដេជ្ញា​ចិត្ត​ ជួយ​ឧបត្ថម្ភ​គ្នា​​ទៅ​វិញ​ទៅ​មក ទាំង​ស្មារតី សម្ភារៈ និង​ថវិកា រវាង​ថ្នាក់​​ជាតិ និង​​ថ្នាក់​ជាតិ ថ្នាក់​​ខេត្ត និង​ថ្នាក់​ខេត្ត ហើយ​​ថ្នាក់​ស្រុក និង​ថ្នាក់​ស្រុក។

របាយការណ៍​របស់​ គណៈកម្មាធិការ​​ព្រំដែន​​កម្ពុជា ឲ្យ​ដឹង​ថា កម្ពុជា​​តែង​​បាត់បង់​​ទឹក​​ដី​​របស់​​ខ្លួន ​តាម​​រយៈ​​ការ​ចុះ​​សន្ធិសញ្ញា ឬ​ការ​​ចុះ​អនុស្សារណៈ​​ផ្សេងៗ ជាមួយ​​ប្រទេស​វៀត​ណាម។ ក្រុម​នេះ​​ក៏​បាន​ឲ្យ​ដឹង​​ផង​ដែរ​​ថា កិច្ច​ព្រមព្រៀង​​ព្រំដែន​​ទឹក​ រវាង​កម្ពុជា ដែល​​ចុះ​ហត្ថលេខា​ ​នៅ​ថ្ងៃ​ទី​ ៧ ខែ​កក្កដា ឆ្នាំ​១៩៨២ ដោយ​​លោក ហ៊ុន សែន រដ្ឋមន្ត្រី​​ក្រសួង​​ការបរទេស​​កម្ពុជា ជាមួយ​​លោក ង្វៀង កូថាច់ រដ្ឋមន្ត្រី​​ក្រសួង​​ការបរទេស​​​វៀតណាម បាន​បាត់​​ព្រំដែន​​ទឹក​ទំហំ ៣​ ម៉ឺន​គីឡូម៉ែត្​រ​ការ៉េ ហើយ​​បាន​​ដាក់​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​​រួម​ជាមួយ​​វៀតណាម ទំហំ ១​ ម៉ឺន​​គីឡូម៉ែត្រ​​ការ៉េ ផ្សេង​ទៀត ដើម្បី​​រក​ស៊ីរួម​គ្នា​​ជាមួយ​វៀត​ណាម។ កិច្ច​ព្រមព្រៀង​​ឆ្នាំ​ ១៩៨២ នេះ​ បាន​​នាំ​ឲ្យ​ខ្មែរ​​បាត់បង់​ កោះ​ត្រល់ និង​ កោះ​ក្រចក​សេះរបស់​ខ្លួន ដែល​​មាន​ទំហំ​​ស្មើ​ប្រទេស​​ប៊ែលហ្ស៊ិក (Belgium) ទាំង​មូល។ 

ចំពោះ​​សន្ធិសញ្ញា​មួយ​ទៀត ​ដែល​ចុះ​ហត្ថលេខា​ដោយ ​លោក ហ៊ុន សែន កាល​​លោក ​នៅ​​ជា​រដ្ឋមន្ត្រី​​ក្រសួង​​ការបរទេស​​កម្ពុជា ធ្វើ​ឡើង​​ជាមួយ​​លោក ង្វៀង កូថាច់ រដ្ឋមន្ត្រី​​ក្រសួង​​ការបរទេស​​វៀតណាម ​​នៅ​​ថ្ងៃ​ទី ​២៧ ខែ ​ធ្នូ ឆ្នាំ ​១៩៨៥ កំណត់​​ហេតុ​​របស់​​គណៈកម្មាធិការ​ព្រំដែន​​​កម្ពុជា ប្រចាំ​​ក្នុង​​ប្រទេស​​បារាំង បាន​ឲ្យ​ដឹង គឺ​ជា​សន្ធិសញ្ញា​​ខុស​ច្បាប់ ព្រោះ​​សន្ធិសញ្ញា​នេះ ​បាន​ធ្វើ​ឡើង​​ ខណៈ​កម្ពុជា ស្ថិត​ក្រោម​​ការ​ត្រួតត្រា​​របស់​​កងទ័ព​​វៀតណាម។

កំណត់ហេតុ​របស់​ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប្រចាំ​​ក្នុង​​ប្រទេស​​បារាំង ចាត់​​ទុក​​ថា សន្ធិ​សញ្ញា​​​ខុស​ច្បាប់ ​​ឆ្នាំ ​១៩៨៥ នេះ បាន​​ធ្វើ​ឲ្យ​​បាត់​​ព្រំដែន​​គោក​របស់​​កម្ពុជា ប្រមាណ​​ពី ៤​ ពាន់ ទៅ ៦ ​ពាន់​​គីឡូម៉ែត្រ​​ក្រឡា

ទាក់ទិន​ទៅ​នឹង​ការ​ចោទ​​ប្រកាន់​​អំពី​ការ​បាត់បង់​​ទឹក​ដី​ខ្មែរ​នេះ​​ដែរ លោក ស៊ាន ប៉េងសែ បាន​​បន្ទោស​​ទាំង​ស្រុង ​ដល់​​លោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា បាន​​កាត់​​ទឹក​ដី​​របស់​​ខ្លួន​ទៅ​​ឲ្យ​​វៀតណាម ដោយ​​ខុស​ច្បាប់៖ «ក្មួយ​​ឯង​​ឃើញ​ស្រាប់​ថា ខ្ញុំ​​មាន​​អាយុ ៧៤​ឆ្នាំ ហើយ​​ថា អ្នក​ណា​​ដែល​​ហ៊ាន​​ទទួល​ស្គាល់​ កោះ​ត្រល់ កោះ​ពូលូប៉ងហ្សង់​ហ្នឹង ជា​របស់​យួន​​ហ្នឹង រួច​​ខ្ញុំ​និយាយ​​រួច​ហើយ​ថា អ្នក​ណា​​ដែល​​ទទួល​ស្គាល់​​ដី​ខ្មែរ​​ថា ជា​របស់​គេ​ ​ហ្នឹង​គឺ​ជា​មនុស្ស​​ក្បត់​ជាតិ​… អ្នក​ណា​​ក៏ដោយ ឪពុក​ខ្ញុំ​​ក៏ដោយ។ សម្រាប់​ខ្ញុំ​គិត​ថា លោក ហ៊ុន សែន ជា​មនុស្ស​ក្បត់​ជាតិ»

វិទ្យុ​អាស៊ីសេរី​​មិន​​អាច​​សុំ​សេចក្ដី​អត្ថាធិប្បាយ​​ពី​លោក ឡេ មិញង៉ុក (Le Minh Ngoc) អ្នក​នាំ​​ពាក្យ​នៃ​​ស្ថានទូត​​វៀតណាម ប្រចាំ​​ប្រទេស​​កម្ពុជា បាន​​ទេ ជុំវិញ​បញ្ហា​​នៃ​​ការ​ចុះ​អនុស្សា​រណៈ​​យោគ​យល់​​គ្នា​ ​អំពី​​ការ​អភិវឌ្ឍ​​​តំបន់​​ព្រំដែន​​កម្ពុជា វៀតណាម ឡាវ​ នោះ។

អគ្គលេខាធិការ​នៃ​ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា មាន​​មូលដ្ឋាន​​ក្នុង​ប្រទេស​​ន័រវ៉េ (Norway) លោក អៀរ ចាន់ណា មាន​​ប្រសាសន៍​ថា កម្ពុជា​​តែង​ភ្លេច​​ខ្លួន​​ ពី​ការ​លេប​​ទឹក​ដី​​របស់​​ខ្លួន​ដោយ​​ប្រទេស​​វៀតណាម ប៉ុន្តែ​​វៀតណាម​ មិន​ដែល​ភ្លេច​ខ្លួន​​ក្នុង​ការ​ឆក់​​យក​​ទឹក​ដី​​ខ្មែរ​​ម្ដង​ណា​ឡើយ។ លោក​ បន្ត​ថា ការ​ចុះ​អនុស្សា​រណៈ​ រវាង​​កម្ពុជា វៀតណាម ឡាវ ដើម្បី​​កសាង​​ខ្សែ​បន្ទាត់​​ព្រំដែន​សន្តិភាព មិត្តភាព និង​​កិច្ច​សហប្រតិបត្តិការ កាល​​ពី​ពេល​​ថ្មីៗ​​នេះ គឺ​ជា​គ្រោះ​ថ្នាក់​​សម្រាប់​កម្ពុជា៖ «ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា មាន​​ការ​ព្រួយ​បារម្ភ​​ជាង​​អ្វី​ទាំង​អស់ លោក ហ៊ុន សែន គណបក្ស​ប្រជាជន​ទាំង​មូល​ មិន​ដែល​យក​ផលប្រយោជន៍​ជាតិ​ ជា​ធំ​ទេ។ យើង​ឃើញ​ហើយ​ថា គណបក្ស​ប្រជាជន​ បាន​ប្រឹងប្រែង​គ្រប់​មធ្យោបាយ ​ធ្វើ​ឲ្យ​សន្ធិសញ្ញា​​ខុស​ច្បាប់​​ទាំង​អម្បាល​​មាន​ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​​ហ្នឹង ឲ្យ​ក្លាយ​​ទៅ​​ជា​ស្រប​​ច្បាប់ ហើយ​​យក​មក​​អនុវត្ត​​បំពាន​ ទៅ​លើ​បូរណភាព​​ទឹក​ដី​​កម្ពុជា ដែល​​ជា​ទឹក​ដី​​របស់​ខ្លួន​ឯង​ហ្នឹង ហើយ​​ជា​ទង្វើ​​ដែល​នាំ​ឲ្យ​​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ ដល់​បូរណភាព​​ទឹក​ដី​​របស់​កម្ពុជា»

ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន និង​​ជា​ប្រធាន​​គណៈ​កម្មាធិការ​​ចម្រុះ​​កិច្ចការ​​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ប្រតិកម្ម​ថា ការ​រិះគន់​​របស់​​ ក្រុម​អ្នក​ឃ្លាំមើល​អំពី​ព្រំ​ប្រទល់​កម្ពុជា ទាំង​នោះ គ្រាន់​តែ​នាំ​ឲ្យ​មាន​​ការ​ភ័ណ្ឌច្រឡំ ហើយ​​ដែល​​ជា​ការ​រិះគន់​​ មិន​បាន​ការ​ប៉ុណ្ណោះ៖ «រដ្ឋាភិបាល​ បាន​បង្ហាញ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ ទៅ​តាម​​សន្តិវិធី ទៅ​តាម​ការ​ចរចា​អី​ហ្នឹង មាន​អី​អាក្រក់? គឺ​យើង​ត្រូវ​ការ​ចរចា។ រឿង​បញ្ហា​ព្រំដែន​យើង​ ទៅ​បង្ខំ​គេ​យ៉ាង​ម៉េច ថា​ទេ​ទី​នោះ​ជា​ព្រំដែន​ខ្ញុំ​ទេ យើង​ធ្វើ​ដូច្នេះ​យ៉ាង​ម៉េច​នឹង​កើត។ សូម្បី​ស្រែ​ចម្ការ​យើង​ ក៏​ត្រូវ​ការ​ចរចា​រឹតតែ​ច្រើន​ថែម​ទៀត​ហើយ យើង​មាន​ផ្ដិត​មេដៃ ហើយ​យើង​ទៅ​បញ្ជាក់ ហើយ​អ្នក​ជិត​ខាង​ ត្រូវ​ទៅ​បញ្ជាក់​ថា អា​ព្រំ​ដី​ហ្នឹង​វា​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​ទេ ទម្រាំ​ពីរ​ដង​បី​ដង ​មិន​ទាន់​បាន​កម្មសិទ្ធិ​ផង។ ចុះ​នេះ​រឿង​ព្រំដែន​គ្រាន់​តែ​ដាក់​ប៉ុណ្ណឹង​ មាន​ខុស​អី ខ្ញុំ​ដូច​វា​ឆ្ងល់​ដែរ។ ពួក​អ្នក​ទិតៀន​ គ្រាន់​តែ​ទិតៀន​ឲ្យ​តែ​គេ​​ចាប់​អារម្មណ៍ ​ដែល​បាន​ការ​អី​ទេ? ពាក្យ​គេ​ថា ឆ្កែ​ចេះ​​តែ​ព្រូស​​ មនុស្ស​ចេះ​តែ​ដើរ»

កាល​ពី​ថ្ងៃ​ទី​ ៨ ខែ​ធ្នូ កន្លង​ទៅ​នេះ កម្ពុជា និង វៀតណាម បាន​​ចេញ​​សេចក្ដី​​ថ្លែង​ការណ៍​​រួម​​មួយ ប្ដេ​ជ្ញា​បន្ត​​ប្រពៃណី​​មិត្តភាព សាមគ្គីភាព និង​​សហ​ប្រតិបត្តិការ ​ជាមួយ​​គ្​នា​យូរ​អង្វែង​​ទៅ​មុខ​ទៀត។ ភាគី​ទាំង​ពីរ ​បាន​បញ្ជាក់​​ពី​ភាព​ប្ដេជ្ញា​​ចិត្ត​​រៀងៗ​​ខ្លួន ក្នុង​​ការ​ជំរុញ​ឲ្យ​​មាន​​ការ​កំណត់​ព្រំដែន និង​​បោះ​បង្គោល​ព្រំដែន​គោក​ នៃ​ប្រទេស​ទាំង​ពី​រ ឲ្យ​បាន​ឆាប់។

សេចក្ដី​ថ្លែងការណ៍​រួម​នោះ ​ក៏​បាន​​ឲ្យ​​ដឹង​​ផង​​ដែរ​ថា ភាគី​ទាំង​ពីរ​ ក៏​បាន​​ឯកភាព​​បង្កើន​ជំនួប និង​​ទំនាក់ទំនង​រវាង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ ជា​ប្រចាំ។ បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ ​រវាង​អង្គការ​នីតិប្បញ្ញត្តិ និង​នីតិ​ប្រតិបត្តិ ​នៃ​ប្រទេស​ទាំង​ពីរ។ លើក​ទឹក​ចិត្ត​​ដល់​ការ​បើក​​ទូលាយ​​កិច្ច​សហប្រតិបត្តិការ​ ​ជួយ​ឧបត្ថម្ភ​គ្នា​​ទៅ​វិញ​ទៅ​មក​ រវាង​អង្គការ​មហាជន និង​ជា​អាជ្ញាធរ​​មូលដ្ឋាន​​តាម​ព្រំដែន ហើយ​​ជា​ពិសេស គឺ​រវាង​យុវវ័យ​នៃ ​ប្រទេស​ទាំង​​ពីរ ​ផង​ដែរ។

ប្រធាន​សហព័ន្ធ​ខ្មែរ​ក្រោម ​ដែល​មាន​មូលដ្ឋាន​​ក្នុង​រដ្ឋ​ញូវ​ចេស្ស៊ី (New Jersey) សហ​រដ្ឋ​​អាមេរិក លោក ថាច់ ង៉ុកថាច់ មាន​​ប្រសាសន៍​ថា រដ្ឋាភិបាល​​វៀតណាម នៅ​​តែ​​ប្រើ​​យុទ្ធសាស្ត្រ​​របស់ ​ហូ ជីមិញ ដែល​​មាន​ឈ្មោះ​​ថា ដំណើរ​ឆ្ពោះ​​ទៅ​ទិស​​ខាង​លិច ក្នុង​​មហិច្ឆតា​​លេប​យក​​កម្ពុជា និង ​ឡាវ ដើម្បី​​ពង្រីក​​អំណាច​​សហព័ន្ធ​ឥណ្ឌូចិន។ លោក ​​ថ្លែង​ថា ពលរដ្ឋ​​ខ្មែរ​កណ្ដាល​ ​សព្វថ្ងៃ​​ត្រូវ​តែ​​ភ្ញាក់​ខ្លួន ដើម្បី​ទប់ទល់​​នឹង​​គ្រោះ​កាច​​អាសន្ន​ កំពុង​មក​ដល់ ហើយ​ខ្មែរ​ទាំង​អស់ ​ត្រូវ​ចេះ​​​រួបរួម​គ្នា​​ស្រោច​ស្រង់​​ប្រទេស​ជាតិ​​របស់​​ខ្លួន ដើម្បី​កុំ​​ឲ្យ​បាត់​​បង់ ​ដូច​ទឹក​ដី​ខ្មែរ​​ក្រោម​​ទៀត។

លោក ថាច់ ង៉ុកថាច់៖ «នេះ​ជា​ផែនការ​របស់​រដ្ឋាភិបាល ​យួន ទៅ​តាម​​គន្លង​​ផែនការ​​របស់​​ហូ ជីមិញ ដើម្បី​​ធ្វើ​ឲ្យ​​ប្រទេស​ទាំង​​ ៣ ទៅ​ជា​​សហព័ន្ធ​ឥណ្ឌូចិន ម្ល៉ោះ​ហើយ​​ឃើញ​គេ​​មាន​សហការ​​ជា​ស្រេច ដូច​ដែល​​យើង​បាន​ឃើញ​​ទីក្រុង​មួយ​​ ទៅ​ទីក្រុង​មួយ។ ឧទាហរណ៍​ដូចជា​​ទីក្រុង​​ភ្នំពេញ ទៅ​ទីក្រុង​​ព្រៃនគរ ដែល​​សព្វថ្ងៃ​ហៅ​ថា ហូជីមិញ ហើយ​ខេត្ត​តាម​ខេត្ត​ ស្រុក​តាម​ស្រុក។ នេះ​ជា​ភាព​អាសន្ន​មួយ​ ដែល​បង​ប្អូន​ខ្មែរ​យើង​ទាំង​អស់ ទាំង​នៅ​ក្នុង​ប្រទេស ក្រៅ​ប្រទេស ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​​ឲ្យ​មែន​ទែន។ យើង​ឃើញ​អនុសញ្ញា​បន្ថែម​ ដែល​យើង​ឃើញ​គេ​ធ្វើ​ឲ្យ​មាន​ការ​ប្ដូរ​​ទាំង​​ពី​វប្បធម៌ អរិយធម៌​​ ទៅ​វិញ​ទៅមក។ ការ​បើក​ឲ្យ​មាព្រំ​ដែន​ទូលំទូលាយ​ ធ្វើ​ឲ្យ​ជន​ជាតិ​យួន ហូរ​ចូល​ទឹក​ដី​ខ្មែរ​ រាប់​ម៉ឺន​រាប់​ពាន់​នាក់ ដែល​នេះ​​ជា​គ្រោះថ្នាក់​មួយ​​ សម្រាប់​ប្រទេស​ខ្មែរ​យើង»

លោក ថាច់ ង៉ុកថាច់ បន្ត​ថា យុទ្ធសាស្ត្រ​ធំៗ​​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច ​របស់​​អតីត​ប្រធានាធិបតី​​វៀតណាម ហូ ជីមិញ រួម​មាន «​​ការ​ជំរុញ​​ប្រជាជន​​វៀតណាម ទៅ​បោះ​​ទីតាំង​​មុន​​ទើប​​រដ្ឋាភិបាល​​ចូលតាម​ក្រោយ»។ ការ​ប្រែក្លាយ​ពូជ​សាសន៍ ​វប្បធម៌​ប្រពៃណី ​ទំនៀបទំលាប់។ ការ​ធ្វើ​ឲ្យ​មាន​អសន្តិសុខ​វិឆេតកម្ម និង​ឧក្រិដ្ឋកម្ម ក្នុង​សង្គម រួម​និង​ការ​បន្លំ​យក​ដី​ធ្លី​ក្នុង​លក្ខណៈ​ស្រប​ច្បាប់​ជាដើម។

ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​​កម្ពុជា លោក វ៉ា គឹមហុង មាន​​ប្រសាសន៍​​ថា ប្រសិន​​កម្ពុជា មិន​​មាន​ការ​ប្រុង​​ប្រយ័ត្ន​​នោះ វា​អាច​នាំ​​ឲ្យ​មាន​​ការ​ថ្លោះធ្លោយ​​ទៅ​​ថ្ងៃ​មុខ តែ​​ទោះ​​ជា​យ៉ាង​ណា​ក៏​ដោយ លោក​​ ថាលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​​អាច​​បណ្ដោយ​ឲ្យ​​បញ្ហា​នោះ​កើត​បាន​ទេ។

លោក វ៉ា គឹមហុង៖ «យើង​ទាំង​អស់​ដឹង​ហើយ​ថា ប្រសិន​បើ​មិន​មាន​ការ​ប្រុងប្រយ័ត្ន នោះ​វា​អាច​ថ្លោះធ្លោយ។ ប៉ុន្តែ​មាន​សម្ដេច​តេជោ​ជា​អ្នក​ដឹកនាំ​គិត​ថា លោក​មិន​បាន​គិត​ពី​រឿង​អស់​ទាំង​ហ្នឹង​ទេ បើ​មិន​អ៊ីចឹង​ទេ​លោក​មិន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទេ។ លោក​នាយករដ្ឋមន្ត្រី​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​អស់​នៅ​ក្នុង​កិច្ចការ​គ្រប់​ជំនាញ។ លោក​មិន​បណ្ដែតបណ្ដោយ​ឲ្យ​គេ​លេប​ទឹក​ដី​ទេ គ្រាន់​តែ​ថា បណ្តាំ​ហូជីមិញ​អី​ហ្នឹង ចុះ​អា​រឿង​ការ​ដាក់​អាណានិគម​អី​ហ្នឹង ហេតុ​អី​យើង​មិន​ខ្លាច​គេ​ដាក់​អាណានិគម​ហ្នឹង​ទៀត​ទៅ?»

នៅ​ក្នុង​អង្គ​សវនាការ​ជំនុំជម្រះ​ ក្រុម​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម កាល​​ពី​ដើម​​ខែ​​ធ្នូ លោក នួន ជា បង​​ធំ​ទី​​២ នៃ​​រ​បប​​កម្ពុជា​​ប្រជាធិបតេយ្យ បាន​​ឆ្លើយ​​បន្ទោស​​វៀតណាម​ ​ថាបាន​បង្ក​ឲ្យ​​មាន​ភាព​ច្របូក​ច្របល់​​ នៅ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ ​១៩៧៥ ហើយ​ថា វៀតណាម ​កំពុង​​ប្រើ​យុទ្ធ​សាស្ត្រ «​ពស់​ថ្លាន់ ​រឹត​កូន​ឈ្លូស​​ ឲ្យ​ទន់​ឆ្អឹង រួច​លេប​តែម្ដង»

អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា លោក ឡេ មិញ ង៉ុក បាន​​ជំទាស់​​ទៅ​​នឹង​​ការ​​លើក​​ឡើង​​របស់​ លោក នួន ជា លោក​​ធ្លាប់​​បាន​​ថ្លែង​​ប្រាប់​វិទ្យុ​​សំឡេង​​សហរដ្ឋ​​អាមេរិក (VOA) ថាលោក នួន ជា កំពុង​​ប្រើ​ពាក្យ​មួល​​បង្កាច់ ហើយ​ថា កងទ័ព​​វៀតណាម កាល​ណោះ​ ​គឺ​ជា​អ្នក​រំដោះ​​កម្ពុជា ​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​​ពូជ​សាសន៍ ដែល​​មិន​មាន​​គំនិត​​លេប​ទឹក​​ដី​កម្ពុជា នោះ​ទេ។

ទន្ទឹម​នឹង​គ្នា​នេះ​ផង​ដែរ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ទទួល​​បន្ទុក​​ខាង​​កិច្ច​ការ​​ព្រំដែន​​ ក៏​បា​ន​​បដិសេធ​​ការ​ចោទ​​ប្រកាន់​ទាំង​ឡាយ ហើយ​បញ្ជាក់​ថា ការ​ចុះ​អនុស្សរណៈ​ស្ដីពី​​កម្មវិធី​​សហប្រតិបត្តិការ​​កម្ពុជា វៀតណាម ឡាវ នោះ គឺ​ជា​យន្តការ​​ល្អ​មួយ​ ​សម្រាប់​ដោះស្រាយ​​បញ្ហា​ព្រំដែន ​រវាង​ប្រទេស​​ទាំង​ ៣ ដោយ​សន្តិវិធី៕

.

Advertisements